ស្រាវជ្រាវប្រែសម្រួលៈ មេសា
ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ារ៉ុក ប្រារព្ធ ទិវា ប្រកាសឯករាជភាព នៃ ព្រះរាជាណាចក្រ ម៉ារ៉ុក ឬ ទិវា តស៊ូដើម្បីឯករាជភាព នៃ ព្រះរាជាណាចក្រ ម៉ារ៉ុក នៅថ្ងៃទី ១១ ខែ មករា ដើម្បី រំឭកដល់ថ្ងៃដែល ស៊ុលតង់ មហាម៉េដ ទី ៥ ដាក់សំណើទៅ បារាំង អង់គ្លេស និង អាមេរិក ដើម្បី សុំ ឯករាជភាពរបស់ ម៉ារ៉ុក ពីបារាំង និង អេស្ប៉ាញ កាលពីឆ្នាំ១៩៤៤ ប៉ុន្តែពួកគេមិនទទួលបានការឆ្លើយតបឡើយ រហូតដល់ឆ្នាំ ១៩៥៦ ទើបពួកគេទទួលបានឯករាជភាព បន្ទាប់ពីបានតស៊ូ និង ឆ្លងកាត់ការឈឺចាប់យ៉ាងច្រើន ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ព្រះរាជាណាចក្រ ម៉ារ៉ុក គឺជាប្រទេសរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ មានផ្ទៃដី ៤៤៦.៥៥០ គីឡូម៉ែត្រក្រឡា ស្ថិតនៅអាហ្វ្រិកខាងជើង មានព្រំដែនជាប់វាលខ្សាច់ សាហារ៉ា ប្រទេស អាល់ហ្ស៊េរី និង ប្រទេស អេស្ប៉ាញ ។ ឆ្នាំ ២០២០ មានប្រជា ពលរដ្ឋជាង ៣៦ លាននាក់ ភាគច្រើនជាអ្នកកាន់សាសនា អ៊ីស្លាម ។ រដ្ឋធានី គឺទីក្រុង រ៉ាបា ភាសាផ្លូវការ គឺភាសា អារ៉ាប់ ទំនើប និង ភាសា ប៊ឺប៊ឺ ។
ព្រះមហាក្សត្រ គឺជាព្រះប្រមុខរដ្ឋ ដែលកាន់អំណាចនីតិបញ្ញត្តិ និង នីតិប្រតិបត្តិយ៉ាងទូលំទូលាយ ដោយរួមទាំងអំណាចយោធាផង ។ រាជក្រឹត្យរបស់ព្រះអង្គមានអនុភាពជាច្បាប់ ព្រះមហាក្សត្រមានសិទ្ធិរំលាយរដ្ឋសភា ដោយគ្រាន់តែត្រូវប្រឹក្សាជាមួយនាយករដ្ឋមន្ត្រី និង ប្រធានតុលាការធម្មនុញ្ញ។
ប្រវត្តិសាស្ត្រ-អាណាចក្រសាច់ខ្លាញ់
ខណៈ អឺរ៉ុប បានធ្វើ ឩស្សាហូបនិយកម្ម អាហ្វ្រិកខាងជើង ក៏កាន់តែមានតម្លៃឡើងៗ ចំពោះសក្តានុពលរបស់ខ្លួនសម្រាប់ការធ្វើអាណានិគម ។ នាអំឡុងដើមទសវត្សរ៍ ១៨៣០ បារាំង បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេស ម៉ារ៉ុក គឺដើម្បីជារបងការពារព្រំដែនប្រទេស អាល់ហ្ស៊េរី (ដែលបារាំងកំពុងត្រួតត្រា) ផង និង ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ឆ្លងកាត់ទៅមកពីមហាសាគរ ប៉ាហ្វ៊ិក និង មហាសាគរ ម៉េឌីទែរ៉ាណេ ផង ។
ទំនាស់ដែនដីជុំវិញតំបន់ Ceuta ក្រោមអាណានិគម អេស្ប៉ាញ បានរីកកាន់តែក្តៅទៅៗ រហូតទីបំផុតនៅឆ្នាំ ១៨៦០ អេស្ប៉ាញ ប្រកាសសង្គ្រាម ប្រឆាំងបារាំង ហើយទីបំផុត នៃ សង្គ្រាមនោះ អេស្ប៉ាញ ចំណេញបានដីមួយចំនួនទៀត សម្រាប់ពង្រីកតំបន់ ដែនដីអាណានិគមរបស់ខ្លួន ។ នៅឆ្នាំ ១៨៨៤ អេស្ប៉ាញ បានបង្កើតរដ្ឋការអាណាព្យាបាលទៅលើតំបន់ឆ្នេរនានា នៃ ម៉ារ៉ុក ។
នៅឆ្នាំ ១៩០៤ បារាំង និង អេស្ប៉ាញ បានត្រួសត្រាយផ្លូវចេញពីតំបន់នោះ គឺបារាំង មានបំណងបង្កើតរដ្ឋការ អាណាព្យាបាល នៅតំបន់ ម៉ារ៉ុក ប៉ុន្តែត្រូវបាន អាល្លឺម៉ង់ ជំទាស់ ដោយបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា ហើយវិបត្តិក៏បានកើតឡើងនៅឆ្នាំ ១៩០៥ រវាងមហាអំណាច អឺរ៉ុប ទាំងពីរនេះ ។
ដើម្បីដោះស្រាយបញ្ហានេះ សន្និសីទមួយត្រូវបានរៀបចំឡើងនៅទីក្រុងកំពង់ផែ Algeciras នៃ ប្រទេស អេស្ប៉ាញ ពីចន្លោះទី ថ្ងៃទី ១៦ ខែ មករា ដល់ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩០៦ ដែលបានដោះស្រាយវិបត្តិ នៃ មហិច្ឆតា របស់បារាំង ទៅលើ ម៉ារ៉ុក បានមួយគ្រា ។
ប៉ុន្តែដោយសារ ម៉ារ៉ុក គឺជាទីតាំងយុទ្ធសាស្ត្រ ទើប បារាំង ចាំបាច់ត្រូវតែយក អាណាចក្រ អ៊ីស្លាម មួយនេះត្រួតត្រាឱ្យទាល់តែបាន ទើបនៅខែ មេសា ឆ្នាំ ១៩១១ បារាំង បានបញ្ជូន និង ដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងទឹកដី ម៉ារ៉ុក ។ អាល្លឺម៉ង់ ឆ្លើយតបដោយការបញ្ជូននាវាចម្បាំងទៅកាន់ទីក្រុងកំពង់ផែ Agadir ម៉ារ៉ុក នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ១៩១១ នោះដែរ បញ្ឆេះឱ្យមានភាពតានតឹងផ្ទុះឡើងម្តងទៀត រវាងមហាអំណាចអឺរ៉ុប ទាំងពីរនេះ ដែលអង់គ្លេស ក៏ជាផ្នែកមួយនៅពីក្រោយទំនាស់នោះដែរ។
ដើម្បីដោះស្រាយវិបត្តិដ៏រីករាលដាលនេះ ស៊ុលតង់ ( ស្តេច ) ម៉ារ៉ុក អាប់ដែលហាហ្វ៊ីដ ត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាមួយនាទីក្រុង ហ្វេស នៃ ប្រទេស ម៉ារ៉ុក នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩១២ ដាក់ ម៉ារ៉ុក ឱ្យស្ថិតក្រោមអាណាព្យាបាលរបស់បារាំង ដោយបារាំងបានដោះដូរទឹកដីអាណានិគមរបស់ខ្លួននៅតំបន់ កុងហ្គោ កណ្តាល (បច្ចុប្បន្នសាធារណរដ្ឋ កុងហ្គោ) ទៅឱ្យ អាល្លឺម៉ង់ ជាអ្នកត្រួតត្រាវិញ ។ ចំណែក អេស្ប៉ាញ នៅបន្តត្រួតត្រាលើតំបន់ឆ្នេរខ្សាច់ សាហារ៉ា ខាងជើង និង ខាងត្បូង ដដែល ។ សន្ធិសញ្ញានេះត្រូវបានប្រជាជន ម៉ារ៉ុក ថ្កោលទោសថាជាការហែកទឹកដី ម៉ារ៉ុក ទៅឱ្យបរទេស ។
ផលប្រយោជន៍ដ៏ច្រើនមហិមា បានកើតឡើងនៅក្នុងដែនដី ម៉ារ៉ុក ញ៉ាំងឱ្យបារាំងរិតបន្តឹងការត្រួតត្រា ដែលជាហេតុនាំទៅរកការបង្កើតឩទ្ទាមកម្មរបស់ជនជាតិ ម៉ារ៉ុក ប្រឆាំង អាណានិគមបារាំងនិងស៊ុលតង់ អាប់ដែលហាហ្វ៊ីដ ដែលក្រោមការបង្គាប់បញ្ជារបស់បារាំង។
នៅឆ្នាំ ១៩២១ ជនជាតិ ប៊ឺប៊ឺ (ដែលជាអម្បូរដ៏ធំបំផុតមួយរបស់ ម៉ារ៉ុក ) នៅតំបន់ភ្នំ រីហ្វ បានងើបបះបោរប្រឆាំង ហើយបង្កើតជាសាធារណរដ្ឋ រីហ្វ។ ប៉ុន្តែត្រូវបាន កងទ័ពបារាំង និង អេស្ប៉ាញ ព្រួតគ្នាវាយកម្ទេចទៅវិញនៅឆ្នាំ១៩២៦។
ចលនាឯករាជភាព
នៅពេលឃើញបារាំង និង អេស្ប៉ាញ ទទួលបានផលប្រយោជន៍យ៉ាងច្រើននៅតំបន់ ម៉ារ៉ុក នោះ អាមេរិក មិនអាចនៅស្ងៀមឡើយ ក៏លួចញោះញង់ឱ្យមានគណបក្សនយោបាយនៅ ម៉ារ៉ុក។ ដោយមានការគាំទ្រជាសម្ងាត់ពីសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤៣ គណៈបក្ស Istiqlal Party (គណបក្សឯករាជភាព) ត្រូវបានបង្កើតឡើង ដោយបានផ្តល់ជាសំខាន់នូវភាពជាអ្នកដឹកនាំ និង ចលនាជាតិនិយម។
គណបក្សនេះ បានដាក់គំនាបទៅលើ ស៊ុលតង់ ម៉ូហាម៉ាដ់ ទី ៥ ទាមទារឯករាជភាពរបស់ ម៉ារ៉ុក ពីបារាំង និង អេស្ប៉ាញ។ ជាបំណងរបស់ព្រះអង្គតាំងពីយូរមកហើយស្រាប់ផង នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៩៤៤ ស៊ុលតង់ ម៉ូហាម៉ាដ់ ទី ៥ បានដាក់ឯកសារស្នើសុំឯករាជភាព ម៉ារ៉ុក ទៅកាន់ បារាំង សហរដ្ឋ អាមេរិក និងចក្រភព អង់គ្លេស។ ដូច្នេះ គណៈបក្ស Istiqlal Party ទៅជាការគាំទ្រដ៏សំខាន់ សម្រាប់ ស៊ុលតង់ម៉ូហាម៉ាដ់ ទី ៥ ទៅវិញ។
ព្រឹត្តិការណ៍នេះត្រូវបានចារក្នុងប្រវត្តិសាស្ត្រ ម៉ារ៉ុក ថាជាការប្រកាសឯករាជភាព ម៉ារ៉ុក ផងហើយត្រូវបានចាត់ទុកថាជាតំណាងឬជាបណ្តុំនៃការតស៊ូដើម្បីឯករាជ្យជាតិផង។
គួរបញ្ជាក់ថា ស៊ុលតង់ ម៉ូហាម៉ាដ់ទី ៥ ទទួលបានការគាំទ្រពីប្រជាពរលដ្ឋ ម៉ារ៉ុក ច្រើនបំផុត ក៏ព្រោះតែ ស៊ុលតង់ អង្គនេះ តែងតែមានគោលជំហរប្រឆាំង ជំទាស់ដាច់ខាតចំពោះ បារាំង ក្នុងការចូលត្រួតត្រា ម៉ារ៉ុក។ ដោយហេតុនេះ បារាំង បានចាត់ទុក ស៊ុលតង់ ម៉ូហាម៉ាដ់ទី ៥ ជាឧបសគ្គដ៏គួរឱ្យស្អប់។ នៅទីបំផុត បារាំងចាប់និរទេស ស៊ុលតង់ អង្គនេះទៅ ម៉ាដាហ្កាស្កា នៅឆ្នាំ ១៩៥៣ ហើយបារាំងដាក់ ជំនួសដោយ ស៊ុលតង់ ម៉ូហាម៉ាដ់ បេន អារ៉ាហ្វា ជាបុគ្គលដែលប្រជាពលរដ្ឋ ម៉ារ៉ុក មិនពេញចិត្តទាល់តែសោះ ព្រោះ បុគ្គលរូបនេះជាញឹកញាប់មានទំនោរទៅរក បារាំង ដែលភាសាអ្នកស្រុកហៅថា “ ជាអ្នករណបបារាំងដើម្បីអំណាច“។ ប្រការនេះបណ្តាលឱ្យមានការប្រឆាំងជំទាស់យ៉ាងស្រួចស្រាល់ពីសំណាក់ប្រជាពលរដ្ឋ ម៉ារ៉ុក នៅក្នុងតំបន់ បារាំង និង អេស្ប៉ាញ។
ពីក្រៅប្រទេសមក នៅឆ្នាំ ១៩៥៣ នោះ អតីត ស៊ុលតង់ មហាម៉ាដ់ទី ៥ បានបញ្ចេញសកម្មភាពប្រឆាំងទៅនឹងការធ្វើអាណានិគមលើទឹកដី ម៉ារ៉ុក ពីសំណាក់ បារាំង និង អេស្ប៉ាញ សាជាថ្មីទៀត ដែលនាំឱ្យចលនាតស៊ូជាតិនិយមក្នុងប្រទេសកាន់តែមានឥទ្ធិពលខ្លាំងទៅៗនៅក្នុងចិត្តគំនិត និង សង្គម ម៉ារ៉ុក រហូតឈានទៅដល់អំពើរហិង្សានានាប្រឆាំង បារាំង និង អេស្ប៉ាញ ហើយក៏ត្រូវបានវាយបង្ក្រាបយ៉ាងឥតញញើតដៃពីសំណាក់ មហាអំណាចទាំងពីរនោះដែរ។
គិតថា ដើម្បីលួងចិត្តពលរដ្ឋ ម៉ារ៉ុក ដែលទាមទារឱ្យ មហាម៉ាដ់ទី៥ វិលមកវិញនោះ បារាំង បានអនុញ្ញត្តឱ្យ អតីត ស៊ុលតង់ មហាម៉ាដ់ ទី ៥ ត្រឡប់ចូល ម៉ារ៉ុក វិញនៅឆ្នាំ ១៩៥៥ ។ ប៉ុន្តែ បារាំង ស្មានខុសទទេ ដ្បិត វត្តមានរបស់អតីត ស៊ុលតង់ មហាម៉ាដ់ ទី ៥ គឺជាប្រទីប ឬ ជាដងទង់ នៃ គំនិតតស៊ូដើម្បីឯករាជភាពរបស់ជនជាតិ ម៉ារ៉ុក ទៅវិញ ដែលញ៉ាំឱ្យកម្លាំងជាតិនិយមកាន់តែមានភាពពុះកញ្ជ្រោលឡើង ទីបំផុតក៏មានការផ្តួចផ្តើមគំនិតចរចាដើម្បីឯករាជភាព ម៉ារ៉ុក ត្រូវបានធ្វើនៅឆ្នាំ ១៩៥៦។
នៅខែ មីនា ឆ្នាំ ១៩៥៦ អាណាព្យាបាលបារាំង ទៅលើ ម៉ារ៉ុក ត្រូវបានញ្ចប់ ហើយ ម៉ារ៉ុក ទទួលបានឯករាជភាពរបស់ខ្លួនពីបារាំង ក្នុងឋានៈជាព្រះរាជាណាចក្រ ម៉ារ៉ុក យ៉ាងពេញលេញ។ មួយខែក្រោយ អេស្ប៉ាញ ក៏បានប្រគល់ទឹកដីអាណានិគមភាគច្រើនបំផុតរបស់ខ្លួននៅ ម៉ារ៉ុក ខាងជើងឱ្យ ម៉ារ៉ុក វិញ (ប៉ុន្តែបានបន្តរក្សាទឹកដីមួយចំនួននៅ ឆ្នេរសមុទ្ទ ម៉េឌីទែរ៉ាណេ)។
ងារជា ស៊ុលតង់ ត្រូវបានជំនួស ដោយ ព្រះរាជា ឬ ព្រះមហាក្សត្រ។ អតីត ស៊ុលតង់ មហាម៉េដ ទី ៥ បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៥៧។
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ារ៉ុក បានចាត់ទុកលទ្ធផលដ៏ត្រចះត្រចង់ ដែលពួកទទួលបានទាំងនេះ កើតចេញពីការតស៊ូយ៉ាងស្វិតស្វាញ ហើយរាល់ការតស៊ូទាំងឡាយ ត្រូវបានតំណាងដោយ ស៊ុលតង់ ម៉ូហាម៉េដ ទី ៥ ដាក់សំណើទៅ បារាំង អាមេរិក និង អង់គ្លេស ដើម្បីស្នើសុំឯករាជភាព របស់ ម៉ារ៉ុក ។ ដូច្នេះពួកគេបានប្រារព្ធទិវា តស៊ូដើម្បីឯករាជ្យជាតិ នៅថ្ងៃទី ១១ ខែ មករា ដើម្បី រំឭកដល់ថ្ងៃដែល ស៊ុលតង់ ម៉ូហាម៉េដ ទី ៥ ដាក់សំណើទៅ បារាំង អាមេរិក និង អង់គ្លេស ដើម្បី ស្នើសុំឯករាជភាព របស់ ម៉ារ៉ុក កាលពី ថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៩៤៤ ដោយពួកគេចាត់ទុកថ្ងៃនេះថាជាថ្ងៃប្រកាសឯករាជភាព ម៉ារ៉ុក៕ ល