ដោយ​គូលែន​/​សៀមរាប​:​ដើម្បី​រក្សា​សោភ័ណភាព​ប្រាសាទ​និង​ឆ្លើយតប​នឹង​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​ICCAngkor​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​សោភណភាព​ចំណត​និង​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ ក្នុង​បរិវេណ​ប្រាសាទអង្គរធំ​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​បានបញ្ជាក់​អោយដឹង​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៩​នេះ​។​

​លោក​សុខ​សង្វារ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​បាន​និយាយថា​ការងារ​នេះ​រៀបចំឡើង​ដោយ​គិតគូរ​ទៅលើ​ការលើកកម្ពស់​បរិស្ថាន​និង​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​អង្គរ​. ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​នៅ​បរិវេណ​ក្រុម​ប្រាសាទព្រះពិធូរ បន្ទាប់ពី​ក្រុមការងា​បានរៀបចំ​ប្លង់​រួចរាល់​។​

​លោក​បាន​បញ្ជាក់ថា​ការរៀបចំ​សោភណភាព​ចំណត​និង​តូប​លក់ដូរ​នេះ​ក្រុមការងារ​បានគិត​គូរ​លើ​បរិស្ថាន​និង​បុរាណវិទ្យា​ជាសំខាន់​។​ជាក់ស្តែង​ការរៀបចំ​ប្លង់​នេះ​ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​ការចុះ​អង្កេត​ជាក់ស្តែង​របស់​ក្រុមការងារ​គ្រប់គ្រង​ព្រៃឈើ និង​បរិស្ថាន និង​ការធ្វើ​កំណាយ​បុរាណវិទ្យា​។​

​លោក​បាន​បន្ថែមថា​ការចុះពិនិត្យ​លើក​នេះ​គឺ​ដើម្បី​កែសម្រួល​នូវ​គំ​រូប​ប្លង់​មួយចំនួន​តាម​ការណែនាំ​របស់លោក​ជំទាវ​រដ្ឋ​មន្ត្រី​នា​ជំនួប​ពិភាក្សា​កន្លងទៅ​ថ្មីៗ​នេះ​។​ឯកឧត្តម​សង្ឃឹមថា​មិនយូរ​ទេ​ក្រោយ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ហើយ ភ្ញៀវទេសចរ​នឹង​បានឃើញ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ប្រាសាទព្រះពិធូរ ដែល​កន្លងមក​ភ្ញៀវទេសចរ​ជាច្រើន​បាន​ដើរ​រំលង​៕S/

​រូបភាព​:​ការងារ​រៀបចំ​សោភណភាព​នៅមុខ​ប្រាសាទព្រះពិធូរ​នឹង​ជួយ​លើកកម្ពស់​តម្លៃ​បេតិកភណ្ឌ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​៕​អប្សរា​