ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃត្រង់ថ្ងៃទី១០ខែ មករា ឆ្នាំ២០២០ បានពិនិត្យស្ថានភាពទឹកនៅឃុំចំណោមស្រុកមង្គលបូរី ដែលមន្ត្រីក្រុមការងារ និងពលរដ្ឋបានសហកាតបង្ហូរចុះពីអូរដូនពៅ ស្រុកបវេល ខេត្តបាត់ដំបង ទម្លាក់ចុះទៅស្ទឹងមង្គលបូរី។ លោកឧបនាយករដ្ឋ និងមន្ត្រីវាយតម្លៃថា ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ផ្នែកខាងលើនិងផ្នែកខាងក្រោមនៃដងស្ទឹងមង្គលបូរីមានទឹកអាចប្រើប្រាស់ និងបរិភោគធម្មតាទេ។ ប៉ុន្តែទាល់តែមិនអនុញ្ញាតិឲ្យមានការលួចបូមទឹកស្រោចស្រពស្រូវរដូវប្រាំងលើកទី២ ដាច់ខាត។

ក្នុងនោះ មន្ត្រីអាជ្ញាធរមូលដ្ឋានបានព្រមានថា បើរកឃើញថាកសិករណាហ៊ានបំពានបំរាមទៀតនេះ គេនឹងដុតឬកម្ទេចម៉ាស៊ីនបូមទឹកចោល។
នៅរសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមដំណើរដោយលោកអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ រួមទាំងលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបន្តទៅពិនិត្យដំណើរការដែលក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមផ្តើមដាក់ម៉ាស៊ីនបូមទឹកសម្តេចតេជោដល់ទៅ៤គ្រឿង នៅស្ទឹងសិរីសោភ័ណ ត្រង់ភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីបង្ហូរបញ្ជូនតាមប្រឡាយប្រវែង៨គីឡូម៉ែត្រ ឆ្ពោះទៅស្ទឹងមង្គលបូរីត្រង់ភូមិព្រែកជីកឃុំបត់ត្រង់។
ស្ថានីយបូមទឹកហ៊ុនសែន(បណ្តែត) ទុយោទំហំ៥តឹកចំនួន០១ស្ថានីយ។ ព្រមទាំងបានណែនាំឲ្យក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ប្រឡាយបេតុង០១ខ្សែប្រវែង៨គ.ម។ ប៉ុន្តែទឹកដែលបូមនេះ នឹងចំណាយពេលច្រើនថ្ងៃទៀតទើបអាចទៅដល់គោលដៅ។

តមក នៅរសៀលនោះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងលោកចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក លោក អ៊ុ រាត្រី អភិបាលខេត្តក៏បានចុះទៅពិនិត្យ វាយតម្លៃនិងណែនាំអំពីការរក្សាទឹកទុកកុំឲ្យខ្វះខាតទៀតក្នុងរដូវប្រាំង ពីខែមករាដល់ខែមិថុនាឆ្នាំ២០២០ខាងមុខ។ លោកទេសរដ្ឋមន្ត្រីកោតសរសើរ និងអរគុណមន្ត្រីអាជ្ញាធរ និងជំនាញដែលសហការដោះស្រាយបញ្ហាកង្វះទឹកនេះ ទោះបីមិនបានភ្លាមៗ ដូចរែកទឹកចាក់ពាងក្តី ក៏ការផ្គត់ផ្គង់ទឹកបានឡើងវិញ នឹងធ្វើបានឆាប់ៗ។
សូមបញ្ជាក់ថា អំពីការប្រឈមខ្វះទឹកធ្ងន់ធ្ងរនៅផ្នែកកណ្តាល នៃដងស្ទឹងមង្គលបូរីក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារដូវប្រាំងឆ្នាំ២០១៩-២០២០ នេះ មន្ត្រីអាជ្ញាធរដែនដី និងជំនាញធនធានទឹក ថាមកពីកសិករបូមទឹកធ្វើស្រែប្រាំងលើកទី២ (ពីខែតុលាឆ្នាំ២០១៩ដល់ឡូវនេះ ) ច្រើនលើស២ដង គឺផែនការឲ្យធ្វើតែ ៧ពាន់ហិកតា ប៉ុន្តែកសិករបានធ្វើដល់២៣,០០០ហិកតា។
ឯការប្រើប្រាសនិងបរិភោគទឹករបស់ពលរដ្ឋមានបញ្ហា។ ករធ្វើស្រូវប្រាំងលើកទី១ (ខែឧសភាដល់ខែតុលាឆ្នាំ២០១៩កន្លងមក ចំនួន៥០,០០០ហិកតា គ្មានបញ្ហាចោទទេព្រោះជារដូវវស្សា៕ ល