ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលា នៅខេត្តឧត្តរមានជ័យ កាលថ្ងៃទី៦ ខែមករា កន្លងទៅថ្មីៗនេះ ក្រោមប្រធានបទ «អ្វីជាការជួញ ដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួនការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួម លើកនេះ គឺជាលើកទី១៩ ក្នុងឆ្នាំ២០១៩ និងជាលើកទី២៤ បើគិតចាប់ពីការកើតឡើងនៃ សិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងឆ្នាំ២០១៨ មក។
គោលបំណងសំខាន់ នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញបទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណជននៅគ្រប់ខេត្ត ក្រុង ទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការ មូលបត្រកម្ពុជា និងជាតំណាងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តឧត្តរមានជ័យនេះហើយបាន បង្ហាញពីស្ថាន ភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជាក៏ដូចជាគោលជំហររបស់ គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។

លោក បុល្លិកា ក៏បានលើកទឹកចិត្ត ឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាតំណាងលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានផ្ដល់កិត្តិយសប្រកាសបើក កម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យ សេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលជួយឱ្យព្រះរាជាណា ចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។

តាមរយៈសិក្ខាសាលានេះ លោក ឃិន ញ៉ាណ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
ក្នុងនាមជាវាគ្មិនកិត្តិយស លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមងាយយល់ និងទទួលបានចំណេះដឹង អំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្ត្រល្អៗដើម្បីទាញយកផលគាប់ ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោក Naoto ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជា ឱ្យល្អប្រសើរ ដូចប្រទេសរីកចម្រើន ផ្សេងទៀតផងដែរ។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថលបានចូលរួមសិក្ខា សាលាតាមបណ្ដាខេត្ត នៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា រួចមកហើយ ដោយបានចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណជន រាប់ពាន់នាក់៕ ដោយ៖ បូរិន
