​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា បាន​ច្រានចោល​សំណើ​របស់​អ៊ីរ៉ាក់​មួយ​ដែល​សុំឲ្យអាម៉េរិក​ត្រៀម​ដក​ទាហាន​របស់ខ្លួន​ចេញ ចំពេល​​មាន​ភាព​តានតឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​ក្រោយ​អាម៉េរិក​សម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​កា​សេម សូ​ឡេ​ម៉ានី​ នៅក្រុង​បាដា​ត ហើយ​ថែមទាំង​បាន​និយាយថា ខ្លួន​​កំពុង​ស្វែងរក​វិធី​ពង្រីក​វត្តមាន​កងកម្លាំង​អង្គការ​ណា​តូ​នៅ​ទីនោះ​ទៀតផង​។​

​ដោយ​ស្វះស្វែង​រឹតបន្តឹង​សម្ពាធ​លើស​ត្រូវ​របស់ខ្លួន អាម៉េរិក​ក្នុងពេល​ជាមួយគ្នា​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់ ជា​ការឆ្លើយតប​នឹង​ការវាយប្រហារ​ដោយ​កាំ​​ជ្រួច​របស់​អ៊ីរ៉ង់​លើ​ទាហាន​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​

​ដូច្នេះ​អ៊ីរ៉ាក់​អាច​ជួប​អំពើហិង្សា​ថ្មីៗ​បន្ថែម​ទៀត​រវាង​ប្រទេស​ជិតខាង​ខ្លួន​(​អ៊ីរ៉ង់​)​និង​អាម៉េរិក​ដោយសារ​អ៊ីរ៉ង់​ក៏​ទាមទារ​បញ្ចប់​វត្តមាន​របស់​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​

​ក្នុងការ​និយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក​អា​ដែល អាប់​ឌុល ម៉ា​ឌី បានស្នើ​​អោយ​អាម៉េរិក​ត្រៀម​ដក​ទាហាន​ចេញ បន្ទាប់ពី​សភា​អ៊ីរ៉ាក់​បាន​បោះឆ្នោត​គាំទ្រ​សំណើ​នេះ​កាលពី​សប្តាហ៍​មុន​។​

​តែ​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយថា អាម៉េរិក​នឹងមិន​ពិភាក្សា​អំពី​ការដក​ទាហាន​ទេ ដោយសារតែ​វត្តមាន​របស់​គេ​នៅ​អ៊ីរ៉ាក់​ជាការ​សមស្រប​។​

​ក្នុងជំនួប​មួយនា​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ លោក​ផ​ម​ផេវ បាន​ពិភាក្សា​អំពី​អនាគត​នៃ​បេសកកម្ម​នៅ​អ៊ីរ៉ាក់ និង​ផែនការ​រួម​គ្នា​ទទួលខុស​ត្រូវ​ក្នុង​តំបន់​​នេះ​។​លោក​រដ្ឋមន្ត្រី​ក៏​បាន​ពិភាក្សា​បញ្ហា​អ៊ីរ៉ង់​ជាមួយ​សម​ភាគី​កាណាដា ព្រមទាំង​«​ឱកាស​ពង្រីក​កងកម្លាំង​អង្គការ​ណា​តូ​នៅ​អ៊ីរ៉ាក់​និង​ការចែករំលែក​បន្ទុក​ស​ម​​ស្រប​»៕​ប្រែ​សម្រួល​៖​វាសនា​

អាម៉េរិកមិនដកទ័ព តែកំពុងរកវិធីពង្រីកវត្តមានបន្ថែមដោយរួមទាំងហៅអង្គការណាតូមកចូលរួមផងដែរ