រដ្ឋបាលត្រាំកាលពីថ្ងៃសុក្រទី១០មករាបានប្រកាសរលកថ្មីនៃទណ្ឌកម្មលើអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារមីស៊ីលនៅសប្តាហ៍នេះដោយសាធារណរដ្ឋអ៊ីស្លាមមកលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់។
រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក ស្តេវិន មេនូជីន បាននិយាយថាទណ្ឌកម្មថ្មីនឹងផ្តោតលើមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ ៨ នាក់ដែលពាក់ព័ន្ធនឹងសកម្មភាព “បង្កអស្ថិរភាព” នៅមជ្ឈិមបូព៌ាក៏ដូចជាការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ ដើម្បីសងសឹកចំពោះការដែលអាម៉េរិកសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់នៅក្នុងវាយប្រហារដោយដ្រូន។
លោកមេនូជីនបាននិយាយថាប្រធានាធិបតីដូណាល់ត្រាំនឹងចេញបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ទណ្ឌកម្មលើនរណាដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌសំណង់ផលិតកម្មឬរ៉ែរបស់អ៊ីរ៉ង់។ អាម៉េរិកក៏នឹងដាក់ទណ្ឌកម្មដាច់ដោយឡែកប្រឆាំងនឹងវិស័យដែកថែបនិងដែកផងដែរ។
លោកបន្តថា “ជាលទ្ធផលនៃសកម្មភាពទាំងនេះ យើងនឹងកាត់ផ្តាច់ការគាំទ្រខាងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារដល់របបអ៊ីរ៉ង់”។
រដ្ឋបាលត្រាំបានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់រួចទៅហើយ ក្រោយទណ្ឌកម្មទាំងនោះត្រូវបានបន្ធូរបន្ថយក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានបង្កការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់និងកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួនដល់កម្រិតទាបជាប្រវត្តិសាស្ត្រ។
អ៊ីរ៉ង់នៅសប្តាហ៍នេះបានវាយប្រហារសងសឹកចំពោះការវាយប្រហារដោយដ្រូនរបស់អាម៉េរិកដែលបានសម្លាប់ឧត្តមសេនីយ៍ឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក កាសសេម សូឡីម៉ានី ដែលជាមេបញ្ជាការដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះនៅក្នុងទីក្រុងបាកដាដកាលពីសប្តាហ៍មុន៕ ដោយ៖ កញ្ញាដាលីស