កីឡាកររត់ប្រណាំងជនជាតិកូឡុំប៊ី មួយរូបបានបាត់បង់កិច្ចព្រមព្រៀងឧបត្ថម្ភ (sponsorship deal) បន្ទាប់ពីបែកធ្លាយវីដេអូរូបគាត់ធាក់ឆ្កែ(សុនខ)អំឡុងពេលរត់ប្រណាំង។
កីឡាករ ជេមី អាឡេហ្សានដ្រូ (Jamie Alejandro) បានចូមរួមប្រកួតក្នុងព្រឹត្តិការណ៍ Saint Silvester Road Race នៅណីរ៉ា (Neira) កាល់ដាស (Caldas) ប្រទេសកូឡុំប៊ី នៅថ្ងៃឆ្លងឆ្នាំ សកល (New Year’s Eve)។
រូបភាពវីដេអូឃ្លីបបង្ហាញពីសកម្មភាពកីឡាករខាងលើ និងកីឡាករផ្សេងទៀតរត់ប្រណាំងតាមផ្លូវមួយ ហើយគាប់ជួនពេលនោះសុនខមួយក្បាលបានរត់តាមដែរនៅខាងឆ្វេងដៃពួកគេ។
ដោយសុនខរត់ពាំងពីមុខខ្លួន និងម្យ៉ាងខ្លាចគេរត់ទៅលឿនជាងខ្លួន កីឡាកររូបនេះបានធាក់ សុនខនោះមួយទំហឹងឡើងប៉ើង។ ក្រោយបែកធ្លាយវីដេអូនេះ កីឡាករខាងលើបានបង្ហោះ វីដេអូចេញមុខសូមទោស។
ទោះជាយ៉ាងណា ការសុំទោសរបស់គាត់មិនបានធ្វើឱ្យក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាម៉េរិក Under Armour ត្រជាក់ចិត្តឡើយ ហើយក៏បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ ខ្លួនជាមួយគាត់។
សូមបញ្ជាក់ថា Saint Silvester Road Race គឺជាព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំដ៏ពេញនិយម មួយដែលតែងតែធ្វើឡើងនៅថ្ងៃទី៣១ ធ្នូ ជារៀងរាល់ឆ្នាំ៕ ប្រែសម្រួលៈខុម