ពាក្យចាស់មួយឃ្លាពោលថា “ប្រព្រឹត្តល្បែងតែងវិនាស” ហើយក៏មានពាក្យមួយឃ្លាទៀតពោលថា “រឿងល្បែងកុំជោរ អស់កង់អស់គោ អស់ផ្ទះសម្បែង អស់ទាំងទ្រព្យធន ប្រពន្ធកូនឯង ស្រែកយំក្ដែងៗ គ្មានគេអាសូរ”។
ពាក្យទាំងនេះពិតជាត្រឹមត្រូវណាស់ ដែលមនុស្សគ្រប់រូបគួរយកជាគតិពិចារណា។ តួយ៉ាងបុរសជនជាតិចិនម្នាក់ បានប្រកាសតាមបណ្ដាញទំនាក់ទំនងសង្គមលក់កូនប្រុសរបស់ខ្លួនក្នុងតម្លៃត្រឹមតែប្រមាណ ៣.០០០ដុល្លារ ដើម្បីយកលុយសងបំណុលល្បែងដែលខ្លួនជំពាក់ក្រុមអ្នកចងការប្រាក់ខុសច្បាប់។
ឪពុករូបនេះបានបង្ហោះវីដេអូរូបកូនប្រុសក្នុងបណ្តាញសង្គម ហើយនិយាយថា “មានអ្នកណាចង់បានក្មេងនេះទេ។ ខ្ញុំសម្រេចចិត្តលក់វាក្នុងតម្លៃ ២០.០០០ យ័ន (ប្រមាណ ៣.០០០ ដុល្លារអាម៉េរិក)។ បើមេៗណាចង់បាន សូមទាក់ទំនងមកខ្ញុំភ្លាមៗ”។
បន្ទាប់ពីរងការស្ដីបន្ទោសធ្ងន់ៗពីសមាជិកជាច្រើននៅក្នុងក្រុម បុរសនេះបានសម្ដែងការសោកស្ដាយ និងសូមទោសចំពោះទង្វើរបស់ខ្លួន ហើយនិយាយថា រូបគេបង្ហោះវាមកពីខ្លួនមានអារម្មណ៍មិនល្អ។
យោងតាមគេហទំព័រព័ត៌មានចិន Sina បានឱ្យដឹងថា បុរសដែលគេមិនបញ្ចេញអត្តសញ្ញាណ នេះរស់នៅខេត្តគ័ងតុង (Guangdong) ប្រទេសចិន ហើយបានប្រកាសលក់កូនតាមបណ្ដាញទំនាក់ទំនងសង្គមចិន WeChat កាលពីថ្ងៃចន្ទ ទី៦ ខែមករា។
សារនេះបានបែកធ្លាយសុសសាយយ៉ាងឆាប់រហ័ស បង្កឱ្យសាធារជនថ្កោលទោសធ្ងន់ៗ។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះថែមទាំងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លួវច្បាប់លើជននេះទៀតផង។
យោងតាមសេចក្ដីរាយការណ៍ អាជ្ញាធរកំពុងការបើកស៊ើបអង្កេតលើករណីនេះ។ តាមច្បាប់ ប្រទេសចិន អ្នកដែលមានទោសពីបទរត់ពន្ធ និងលក់ដូរកុមារត្រូវមានទោសជាប់ពន្ធនាគារពី ៥ ឆ្នាំដល់ ១០ ឆ្នាំ ហើយក៏អាចឈានទៅដល់ការជាប់ពន្ធនាគារមួយជីវិត ឬទោសប្រហារជីវិត ផងដែរ៕ ប្រែសម្រួលៈ ខុម/Ha