ប្រធានាធិបតីត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយពិធីការិនី ឡូរ៉ា អ៊ីនហ្គ្រាហាំ (Laura Ingraham) កាលពីថ្ងៃសុក្រទី១០មករាថា ប្រហែលជាមានស្ថានទូតអាម៉េរិកចំនួនបួនជាប់ក្នុងផែនការវាយប្រហារដែលរៀបចំឡើងដោយឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡេម៉ានី។

លោកត្រាំបានប្រាប់ពិធីការិនីរបស់ទូរទស្សន៍ Fox News Channel ថា “ខ្ញុំអាចលាតត្រដាងបានថា ខ្ញុំជឿថាវាប្រហែលជាស្ថានទូតចំនួនបួន”។

លោកប្រធានាធិបតីក៏បានប្រាប់ផងដែរថាវាប្រហែលជាស្ថានទូតនៅទីក្រុងបាកដាដដែលត្រូវសមាជិកកងជីវពលគាំទ្រដោយអ៊ីរ៉ង់វាយប្រហារវាកាលពីសប្តាហ៍មុន ដោយរឹតបង្កភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់ ដែលនាំទៅដល់ការស្លាប់របស់សូឡេម៉ានី។

ការអត្ថាធិប្បាយរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកម៉ៃ ផមផេវបញ្ជាក់ម្តងទៀតនូវការអះអាងរបស់ប្រធានាធិបតីថា ស្ថានទូតគឺជាគោលដៅវាយប្រហាររបស់សូឡេម៉ានី។

នោះហើយជាមូលហេតុដែលលោកប្រធានាធិបតីបានបើកភ្លើងខៀវដល់ការវាយប្រហារដោយដ្រូនទៅលើក្បួនប្រតិភូរបស់សូឡេម៉ានី ដែលកំពុងចាកចេញពីអាកាសយានដ្ឋានក្រុងបាកដាដក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបានសម្លាប់ឥស្សរជនលេខ ២ ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់រូបនេះ៕ ដោយ៖ កញ្ញាដាលីស

ត្រាំថាសូឡេម៉ានីមានផែនការវាយប្រហារទូតអាម៉េរិកចំនួន៤