ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
ភេសជ្ជ ភេស័ច សំ.; បា. ( ន. ) (ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ (បារ. Médicament) ។ ភេសជ្ជទាន ការឲ្យថ្នាំរម្ងាប់រោគ ។ ភេសជ្ជបរិក្ខារ គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាង សម្រាប់រម្ងាប់រោគ ។ ភេសជ្ជពាណិជ អ្នកលក់ថ្នាំរម្ងាប់រោគ ។ ភេសជ្ជពាណិជ្ជ ជំនួញលក់ថ្នាំរម្ងាប់រោគ ។ សព្វថ្ងៃខ្មែរប្រើពាក្យ ភេសជ្ជ នេះសំដៅយកគ្រឿង ទឹកផ្សេងៗទៀតក្រៅពីសុរានិងមេរ័យ ដូចជាទឹកក្រូច, កាហ្វេជាដើម : ជប់លៀងភេសជ្ជៈ; ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ ។
ភាគ ភាក សំ. បា. ( ន. ) ចំណែក : ចែកជា ៤ ភាគ, ច្រើនភាគ ។ ភាគទាន (ភាគៈ–) ចំនួនប្រាក់រៃអង្គាសដែលជនម្នាក់ៗចូលក្នុងកិច្ចការកុសលណាមួយ : បង់ភាគទានប្រចាំខែ ចំនួន ២០ រៀល; ឃោសនាសុំឲ្យគេជួយចូលភាគទាន ។ ភាគ ភាក សំ. បា. ( ន. ឬ គុ. ) ជោគ, បុណ្យ, ស្រីសួស្ដី ។ល។ ឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដី ។ល។ ព្រះមានព្រះភាគ ព្រះមានជោគ, ព្រះមានបុណ្យ (ព្រះសម្មាសម្ពុទ្ធ) ។
ភ័ព្វ ភាប់ បា.; សំ. ( គុ. ) (ភព្វ; ភវ្យ) ដែលគួរ, ដែលគួរដល់កិច្ចការ; ដែលមានសំណាងល្អ, ដែលមានសេចក្ដីសុខ ។ ភព្វបុគ្គល (ភាប់ពៈបុក-គល់) បុគ្គលដែលមានសំណាងល្អ; បុគ្គល ដែលគួរបួសជាបព្វជិតក្នុងព្រះពុទ្ធសាសនាបាន ។ ភព្វរូប (ភាប់ពៈ–) ដែលមានសភាព ដ៏សមគួរ ។ ន. សេចក្ដីសុខ, ការគួរ; លាភ; ការរស់នៅ… ។ ខ្មែរច្រើនសំដៅសេចក្ដីថា “សំណាង, ព្រេងសំណាង” : មានភ័ព្វ, ឥតភ័ព្វ ។ បុណ្យភ័ព្វ បុណ្យសំណាង ។ ភ័ព្វព្រេង សំណាងពីព្រេងនាយ ។
សំណាង ( ន. ) អំពើដែលកសាង, ភ័ព្វព្រេង, ព្រេងពីនាយ : សំណាងល្អ, សំណាងអាក្រក់, សំណាងតិច ។ មានសំណាង មានភ័ព្វព្រេងល្អ, មានបុណ្យភ័ព្វពីព្រេងនាយមក ។
ភប់ ស. ( កិ. ) (ពប អ. ថ. ផុប) ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា ភប់ ប្រសព្វ គឺបានគ្នា ជាគូស្រករ, នៅរួមសុខរួមទុក្ខ ។ ភប់ភាន់ ឬ ភប់ភ័ន្ត ប្រព្រឹត្តល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្មករ ។
ភព ភប់ សំ. បា. ( ន. ) (ភវ, វ > ព) សេចក្ដីចម្រើន; ដំណើរកើត; ប្រទេសឬទីសម្រាប់សព្វ សត្វកើតស្លាប់, លោក : សត្វទាំងឡាយតែងអន្ទោលកើតស្លាប់ក្នុងភពតូចភពធំ ។ ទាំងផែនភព ឬ ទាំងភពផែន ទាំងពិភពលោក ។ នៅក្នុងភព នៅក្នុងលោក ។
សំណង់ ( ន. ) ការសង់, ការកសាង, ការប្រជុំផ្តុំគ្រឿងសម្ការៈធ្វើឲ្យកើតបានជាលំនៅជាដើម : សំណង់ផ្ទះ, ពិនិត្យមើលសំណង់ព្រះវិហារ; គ្រឹះស្ថាន, ប្រាសាទឬស្ពានជាដើមដែលគេ បានសង់រួចហើយ : គួរកោតសរសើរប្រាសាទថ្មនគរវត្ត ដែលជាសំណង់ដ៏អស្ចារ្យរបស់ បុព្វបុរសខ្មែរ ។
សំណឹក ( កិ. ) នឹកឃើញទោសរបស់ខ្លួន, រឭកឃើញកំហុសខ្លួន : សំណឹកទោសខ្លួន (បុ. សរ. សំនឹក អ. ថ. –ណឹក) ។ ប្រើជា ន. ក៏បាន : មនុស្សខ្វះសំណឹក ។ ( ន. ) កន្លែងដែលសឹក ដែលរិល, ស្នាមដែលសឹក : សំណឹកថាស, សំណឹកសំពត់ ។ ( និ. ) បំណាច់; បើបានជា : សំណឹកប្រាស បំណាច់នឹងប្រាស, បើបានជាប្រាស : សំណឹកនឹងប្រាសគួរផ្តែផ្តាំ ឲ្យប្អូនបាន ចាំពាក្យមួយម៉ាត់ នេះស្រាប់តែឃ្លាតចេញទៅបាត់ ស្ងាត់ឈឹងឥតលេចដំណឹងសោះ ៕ ដកស្រង់ៈ សម្បត្តិកញ្ញា