តាមការលាតត្រដាងមួយកាលពីថ្ងៃសុក្រទី១០មករាបានឱ្យដឹងថា មហេសីរបស់ព្រះអង្គម្ចាស់ហារី គឺព្រះនាងមេហ្គានបានវិលត្រឡប់ទៅប្រទេសកាណាដាវិញបន្ទាប់ពីសេចក្តីប្រកាសរបស់គូស្នេហ៍ក្សត្រអង់គ្លេសទាំងពីរថា ពួកទ្រង់លាចេញពីមុខតំណែងជួរមុខរបស់រាជវង្ស ខណៈមហាក្សត្រិយានីរៀបចំការពិភាក្សាបន្ទាន់ជាមួយគ្រួសាររបស់ទ្រង់ដើម្បីដោះស្រាយវិបត្តិនេះ។
មេហ្គាននិងហារីបានបន្លាយពេលវិស្សមកាលបុណ្យណូអែលនៅប្រទេសកាណាដាជាមួយបុត្រាតូចរបស់ពួកទ្រង់ មុនពេលត្រឡប់មកវិញដើម្បីប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលនៅសប្តាហ៍នេះថាពួកទ្រង់នឹង “ដើរចេញ” ពីតួនាទីរាជវង្ស។
កាសែតដេលីមែលបានរាយការណ៍ថា ព្រះនាងមេហ្គានបានហោះត្រឡប់ទៅកាណាដាវិញកាលពីថ្ងៃព្រហស្បតិ៍ទី៩មករា ព្រោះគ្មានបំណងនៅអង់គ្លេសឱ្យយូរនោះទេ។
កាសែតនេះសរសេរថា ព្រះនាងបានទុកបុត្រា អាឈី នៅប្រទេសកាណាដាជាមួយម៉ែដោះ ហើយព្រះនាងអាចស្នាក់នៅទីនោះមួយរយៈសិន។
អ្នកនាំពាក្យរបស់ទ្រង់ទាំងពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ខ្ញុំអាចបញ្ជាក់ពីសេចក្តីរាយការណ៍នានាថា ព្រះនាងកំពុងស្ថិតនៅក្នុងប្រទេសកាណាដា”។
អ្នកនាំពាក្យរូបនោះបានបដិសេធផ្តល់នូវព័ត៌មានលម្អិតបន្ថែមទៀតហើយក៏មិនបញ្ជាក់ពីសេចក្តីរាយការណ៍របស់សារព័ត៌មានដេលីមែលថា ព្រះអង្គម្ចាស់ហារីទំនងជាចូលរួមជាមួយមហេសីនិងបុត្រារបស់ទ្រង់នៅកាណាដាក្នុងពេលឆាប់ៗនោះដែរ។
ញាតិវង្សជាន់ខ្ពស់មានការស្រឡាំងកាំងជាខ្លាំងចំពោះសេចក្តីប្រកាសកាលពីថ្ងៃពុធថាហារីនិងមេហ្គានចង់ស្វែងរកតួនាទីថ្មីឈានមុខនិងបែងចែកពេលវេលារបស់ពួកទ្រង់រវាងចក្រភពអង់គ្លេសនិងអាម៉េរិកខាងជើង។
ការិយាល័យរបស់មហាក្សត្រិយានីអេលីហ្សាបេតទី ២ បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃដដែលនោះ ដោយនិយាយថា “មានបញ្ហាស្មុគស្មាញដែលត្រូវការពេលវេលាដើម្បីដោះស្រាយ”។
ប៉ុន្តែប្រភពពីរាជវាំងកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាព្រះមហាក្សត្រិយានីបានណែនាំជំនួយការឱ្យធ្វើការ “ឱ្យលឿន” ជាមួយមេហ្គាននិងហារី និងរដ្ឋាភិបាល “ដើម្បីស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាព”៕ ដោយ៖ កញ្ញាដាលីស