ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់កម្ពុជា យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃ ប៉ុប អាយ (Pop Aiy) លើសង្វៀនអធិរាជកម្លាំងរ៉េដអាន របស់អាស៊ីអាគ្នេយ៍ នាយប់ថ្ងៃទី១២ មករា នេះ។
នេះជាជំនួបរវាងអ្នកខ្លាំង ជាមួយអ្នកខ្លាំង ដែលគេលំបាកនឹងប្រមាណទុក ជាមុនពីការឈ្នះ ចាញ់ណាស់ ។ យក្សផ្លែ ជាអ្នកប្រដាល់ ដែលវ៉ៃចូលចិត្តចំអក ដាក់គូប្រកួតណាស់ តែមួយរយៈនេះ អ្នកប្រដាល់រូបនេះ ហាក់មានការរីកលូតលាស់ ទាំងកម្លាំង និង បច្ចេកទេស ។
ប៉ុប អាយ គេធ្លាប់បង្ហាញខ្លួន នៅសង្វៀនស្រុកខ្មែរ បាន ២ ឬ ៣ លើកដែរ គេមិនមែនជាអ្នកប្រដាល់ ដែលងាយស្រួលបង្ក្រាបនោះទេ ។ គេមានរបៀបវ៉ៃល្អ រហ័ស ហើយជង្គង់របស់គេ វ៉ៃចេញបានល្អ និងរហ័សណាស់ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៦៨ដង ឈ្នះ៦៣ដង និង ចាញ់៥ដង ។ ចំពោះអ្នកប្រដាល់កម្ពុជា យុគ យក្សផ្លែ វិញ គេមានប្រវត្តិប្រកួត ចំនួន១៦៩ដង ឈ្នះ១៣៦ដង ចាញ់២៧ដង និងស្មើពិន្ទុ៦ដង ។ ជ័យជំនះធ្លាក់ទៅក្នុងកណ្ដាប់ដៃ អ្នក្រដាល់ឆ្លងដែន ប៉ុប អាយ ឬ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃ អ្នក
ប្រដាល់កម្ពុជា យុគ យក្សផ្លែ ?។
អេលីត សាន់ ក្លិបប៉ែន កាក់គុនខ្មែរ ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ ឃុំ ផាយ៉ាក់ (Khum Phayak) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ អេលីត សាន់ មួយរយៈនេះ គេបានធ្វើឲ្យអ្នកគាំទ្ររូបគេ ពេញចិត្តយ៉ាងខ្លាំង ដោយសារតែគេ តែងតែទទួលបានជ័យជំនះ ស្ទើរគ្រប់ការប្រកួត ។ អ្នកប្រដាល់ចិត្តធំរូបនេះ គេតែងតែប្រើកែង យកឈ្នះគូប្រកួត យ៉ាងមានប្រសិទ្ធភាព ។
ឃុំ ផាយ៉ាក់ ក៏ជាអ្នកប្រដាល់ជើងខ្លាំង ឆ្លងដែនមួយរូបដែរ ដែលកន្លងមក មានអ្នកប្រដាល់កម្ពុជា មិនតិចនាក់ទេ ដែលត្រូវអ្នកប្រដាល់រូបនេះ បង្ក្រាបបាន ។ ជំនួបនេះ ទាំងសងខាង នឹងត្រូវទ្រមខ្លួនដូចគ្នា មិនខានឡើយ ទោះបីនរណាចាញ់ នរណាឈ្នះក៏ដោយ ។
អេលីត សាន់ មានប្រវត្តិប្រកួត ចំនួន៦៩ដង ឈ្នះ៥០ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ ចំពោះ ឃុំ ផាយ៉ាក់ វិញ គេមានប្រវត្តិប្រកួត ចំនួន៥៧ដង ឈ្នះ៤៩ដង ចាញ់៨ដង ។ នរណា នឹងឈ្នះក្នុងការប្រកួតនេះ ? ។
ជំនួបរវាងអ្នកប្រដាល់ រួមជាតិវិញនោះ ជី ឆៃលី សមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតជាមួយ រិន ដេវីដ ក្លិបនាគរាជចតុមុខ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។ ហេង សុភ័ក្ត្រ ក្លិបព្រៃទទឹងកីឡា ខេត្តបាត់ដំបង ប្រកួតជាមួយ អេលីត ឡុងឡៃ ក្លិបប៉ែន កាក់គុនខ្មែរ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ សារឿន តាន់ ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយ សេក វិសាល ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v