ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើន ក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។ នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារ មិនប្រក្រតីវាអាចបណ្ដាលអោយមានការផលិតអ័រម៉ូនលើសកម្រិតឬតិចជាងតម្រូវការរាងកាយ។ ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ គួរអោយព្រួយបារម្ភដូចជាការប្រែប្រួលភ្លាមៗនៃទម្ងន់ អារម្មណ៍ប្រែប្រួល បញ្ហាស្បែកផ្សេងៗ និងសូម្បីតែជំងឺមហារីកសុដន់។ក្រៅពីរបបអាហារហើយនោះទម្លាប់មួយចំនួនក៏ជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើសុខភាពក្រពេញទីរ៉ូអ៊ីតផងដែរ។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ?
១. រំលងម៉ោងអាហារ
បញ្ហាទីរ៉ូអ៊ីតអាចបណ្ដាលឱ្យកើនទម្ងន់។ ប៉ុន្តែដំណោះស្រាយដ៏ប្រសើរនោះមិនមែនជា ការតមអាហារឡើយ។ នៅពេលធ្វើបែបនេះខួរក្បាលរបស់អ្នកនឹងបញ្ជាឱ្យក្រពេញទីរ៉ូអ៊ីត ប្រឹងទប់ដែលបង្កជាសម្ពាធមួយ។ ជាលទ្ធផលរាងកាយត្រូវសន្សំកម្លាំងទុកច្រើន ជាងប្រើប្រាស់ ហើយអ្នកនឹងមានអារម្មណ៍អស់កម្លាំងខុសប្រក្រតី។
២. មិនទទួលទានកាបូអ៊ីដ្រាតសោះ
អ្នកមិនគួរឈប់ទទួលទានកាបូអ៊ីដ្រាតគ្រប់ប្រភេទតែម្ដងឡើយ។ ការធ្វើបែបនេះជះផលប៉ះពាល់ដូចនឹងការតមអាហារដែរ។ ជាធម្មតារាងកាយត្រូវការកាបូអ៊ីដ្រាតដើម្បីផលិតថាមពល។
៣. នៅតែទទួលទានអាហារផ្សំឡើងពីសណ្ដែកសៀង ឬសណ្ដែកសៀងច្រើន
បើទោះជាសណ្ដែងសៀងមានផ្ទុកសម្បូរទៅដោយវីតាមីននិងសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយក៏ពិតមែន ប៉ុន្តែការទទួលទានផលិតផលផ្សំឡើងពីសណ្ដែកសៀងច្រើនពេក គឺមិន ផ្ដល់ផលល្អសោះឡើយចំពោះសុខភាពក្រពេញទីរ៉ូអ៊ីត។ សណ្ដែក សៀងមានឥទ្ធិពលធ្វើឲ្យ ក្រពេញទីរ៉ូអ៊ីតដំណើរការយឺតខុសពីធម្មតា។ នៅពេលអ្នកទទួលទានផលិតផលផ្សំពីសណ្ដែកសៀងច្រើន ពេកក្រពេញទីរ៉ូអ៊ីតមិនអាចស្រូបយកអ៊ីយ៉ូតបានគ្រប់គ្រាន់ឡើយ ជាហេតុបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារខុសប្រក្រតី។
៤. មិនទទួលទានអាហារមានផ្ទុកសារធាតុ iodine សោះ
អ្នកក៏គួររួមបញ្ចូលអាហារដែលផ្ទុកសារធាតុ iodine រួមមានយ៉ាអួរ ស្ត្របឺរី និងបន្លែសមុទ្រ ជាដើមក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ នោះក៏ព្រោះតែក្រពេញទីរ៉ូអ៊ីតត្រូវការសារធាតុចិញ្ចឹមនេះដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីត។
៥. ញ៊ាំត្រីមានផ្ទុកជាតិបារ៉តខ្ពស់ច្រើន
ជាតិបារ៉តអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពរួមបញ្ចូលទាំងក្រពេញ ទីរ៉ូអ៊ីត។ ជាតិបារ៉តអាចចងនិងបញ្ឈប់ការបង្កើតអ័រម៉ូននៃក្រពេញទីរ៉ូអ៊ីត៕ ដោយៈ health.com.kh