​កង​នា​វាទី​៥​នៃ​កងទ័ពជើងទឹក​អាម៉េរិក​ តាំងនៅ​បា​រ៉ែ​ន បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា​ថា នាវា​កងទ័ពជើងទឹក​របស់​រុស្ស៊ី​​មួយ​បាន​បើក​សំដៅ​នាវា​ពិឃាត​អាម៉េរិក​មួយ​ទាំង​កំរុំល​នៅក្នុង​សមុទ្រ​អារ៉ាប់​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មករា​។​

​កង​នា​វាទី​៥​បាន​និយាយថា នាវា​ពិឃាត​អាម៉េរិក​USS Farragut បាន​ចុច​ស៊ី​ផ្លេ​៥​ដង ​និង​បាន​សុំ​ឲ្យនាវា​រុស្ស៊ី​ដូរ​ផ្លូវ ដោយ​«​នាវា​នេះ​ដំបូង​មិន​ព្រម​ដូរ​ផ្លូវ​​ តែ​ទីបំផុត​បាន​ដូរ​ផ្លូវ ​ហើយ​នាវា​ទាំងពីរ​បាន​ចាប់ផ្តើម​ឃ្លាត​ពីគ្នា​»​។​

​នាវា​រុស្ស៊ី​បើក​ចូល​ជិត​នាវា​អាម៉េរិក​ដ៏​គ្រោះថ្នាក់​នៅ​សមុទ្រ​អារ៉ាប់​នៅ​សប្តាហ៍​នេះ​ជាហេតុ​នាំ​ឲ្យ​នាវា​អាម៉េរិក​ចុច​ស៊ី​ផ្លេ​សុំ​ឲ្យ​ដូរ​ផ្លូវទាំង​ភិតភ័យ​។​តែ​បើ​តាម​​ក្រសួងការពារជាតិ​រុស្ស៊ី គឺ​នាវា​The Farragut របស់​អាម៉េរិក​បើក​កាត់​មុខ​នាវា​របស់ខ្លួន​ ទើប​បណ្តាលឲ្យ​នាវា​ទាំង​២​ប៊ិះ​បុក​គ្នា​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​សុក្រ រុស្ស៊ី​បាន​បដិសេធ​កាល​លើក​ឡើង​ខាងលើ​។​ក្រសួងការពារជាតិ​រុស្ស៊ី បាន​និយាយថា គឺ​នាវា​ពិឃាត​អាម៉េរិក​ទេ​ដែល​បាន​បើក​កាត់​​ទទឹង​ផ្លូវ​របស់​នាវា​រុស្ស៊ី ក្នុង​របៀប​«​មិន​វិជ្ជាជីវៈ​» និង​រំលោភ​បទដ្ឋាន​សន្តិសុខ​សមុទ្រ​អន្តរជាតិ​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​ឡើង​ដល់​កម្រិត​ខ្ពស់ ក្រោយ​ការវាយប្រហារ​ដោយ​ដ្រូ​ន​អាម៉េរិក​សម្លាប់​មេបញ្ជាការ​កងកម្លាំង​អ៊ីរ៉ង់ ឧត្តម​​សេនី​យ៍ កា​សេម សូ​ឡេ​ម៉ានី​ កាលពី​ថ្ងៃ​២៧​ធ្នូ និង​ការបាញ់​កាំជ្រួច​សងសឹក​ពី​អ៊ីរ៉ង់​ទៅ​លើ​កងកម្លាំង​អាម៉េរិក​។​

​រុស្ស៊ី​ជា​ខ្នងបង្អែក​សំខាន់​មួយ​របស់​របប​គ្រប់គ្រង​របស់​លោក បាស​សា អាល់ អាសាត​នៃ​ប្រទេស​ស៊ី​រី​ ដែល​កំពុង​គ្រប់គ្រង​ប្រទេស​ភាគច្រើន​បំផុត​។​ដោយឡែក​អ៊ីរ៉ង់​​និង​កា​សេម សូ​ឡេ​ម៉ានី ក៏​ជួយ​ការពារ​របប​លោក​អាសាត​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​៩​ឆ្នាំ និង​បាន​ដឹកនាំ​ទាហាន​វាយ​ដណ្តើម​កាន់កាប់​មកវិញ​ផ្នែក​ជាច្រើន​នៃ​ប្រ​​ទេស​ស៊ី​រី​ពី​កងកម្លាំង​ប្រឆាំង​ស៊ី​រី ដែល​គាំទ្រ​ដោយ​អាម៉េរិក ដូចនេះ​វត្តមាន​រុស្ស៊ី​ក្នុង​តំបន់​ធ្វើឲ្យ​អាម៉េរិក​មិន​សប្បាយចិត្ត​ឡើយ​។​

​កាលពី​ខែ​មិថុនា​ឆ្នាំមុន រុស្ស៊ី​និង​អាម៉េរិក​ក៏​បន្ទោស​គ្នា​ចំពោះ​ការ​ប៊ិះ​បុក​គ្នា​រវាង​វា​នា​ចម្បាំង​របស់​គេ​នៅ​សមុទ្រ​ចិន​ខាងកើត ដោយ​ម្ខាង​ចោទ​ម្ខាង​ទៀត​បើក​​បរ​ដោយ​គ្រោះថ្នាក់ និង​ម្ខាង​ទៀតថា​ភាគី​មួយទៀត​ប្រព្រឹត្ត​បែប​មិន​វិជ្ជាជីវៈ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha