ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកពីក្រោយរថយន្ត បង្កឱ្យឆាបឆេះម៉ូតូស្លាប់អ្នកជិះម៉ូតូនៅនឹងកន្លែង ត្រង់ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១និង២៦នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ខៀវ បូរី ភេទប្រុស អាយុជាង៣០ឆ្នាំ មិនស្គាល់អាសយដ្ឋាន បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើបានទៅបុករថយន្ដមួយគ្រឿងម៉ាកនីសាន់ ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01.3-2067 សណ្ដោងសឺមីរ៉ឺម៉កគ្មានផ្លាកលេខ។
ប្រភពបានបន្តថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនពីកន្លែងកើតហេតុបាត់។ រថយន្ដចតនៅលើផ្លូវជាតិ ទិសដៅស្របគ្នាជាមួយម៉ូតូ ហើយម៉ូតូបានបុកពីក្រោយពេញទំហឹង បង្កឱ្យមានអណ្តាតភ្លើងឆាបឆេះរហូតឆេះទាំងជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងន្លែង។ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកមួយគ្រឿង និងប្រើប្រាស់ទឹកអស់មួយរថយន្ដដើម្បីពន្លត់។ វត្ថុតាងទាំង២គ្រឿង ត្រូវស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយនៅពេលក្រោយ៕ ល/Ha