ដោយ​: គង់​ហេង / កំពង់ចាម​: លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើដំណើរ​ទៅកាន់​ទីតាំង​សំណើសុំ​ផ្លូវលំ​ប្រវែង​ប្រមាណ ៤.០០០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​មេ​ព្រីង ឃុំ​មេ​ព្រីង ស្រុក​បាធាយ នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២០​។ ប៉ុន្តែ​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង ទំនងជា​ពិបាក​នឹង​ស្ថាបនា​ផ្លូវលំ ឬ​ផ្លូវដី​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ខ្លាំងណាស់ គឺ​ទីនោះ​ជា​តំបន់​ជាប់​បឹង​ទន្លេសាប នៅ​រដូវវស្សា​ទឹក​លិច​មាន​កម្ពស់​ច្រើន​ម៉ែត្រ​។

​លោក ឃ​ន ប្រុស នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​ដែល​អមដំណើរ​លោក​អភិបាលខេត្ត​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី ១១ មករា​ថា ទំនងជា​គ្មាន​លទ្ធភាព​សាងសង់​ផ្លូវ​ជូន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​បានទេ​។ ដោយ​ទីនោះ​( ភូមិ​មេ​ព្រីង​) គឺ​នៅ​រដូវវស្សា​ទឹក​លិច​មាន​កម្ពស់​ពី ប្រាំ ទៅ ប្រាំមួយ ម៉ែត្រ​ឯនោះ​។​

​លោកនាយក​បាន​ឲ្យ​ដឹង​ទៀតថា ម្យ៉ាង​ទីនោះ​ក៏​នៅ​មិនមាន​ប្រជាពលរដ្ឋ​រស់នៅ ដែល​អាច​ចាត់ទុកជា​ភូមិ​បាន​នៅឡើយ​ដែរ​។ រូប​ភាពជា​រោង​សម្រាប់​ពួកគាត់​ជា​ប្រជាពលរដ្ឋ ទៅធ្វើ​ស្រែចម្ការ​នៅជាប់​ទឹកដី​ខេត្តកំពង់ឆ្នាំង​។​
​លោក​បាន​បន្តថា ការចុះពិនិត្យ​ផ្លូវ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ភូមិ​មេ​ព្រីង តាមរយ​:​ក្រុមប្រឹក្សាឃុំ​មេ​ព្រីង ស្រុក​បាធាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​៕ ល​