ដោយ: មុនីរ័ត្ន / ភ្នំពេញ: អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរអគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាជារៀងរហូតមក ក្នុងនោះលើវិស័យយោធា ចិនបានជួយទាំងមធ្យោបាយ សម្ភារៈបរិក្ខារនិងបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ ដែលជំនួយទាំងនេះ គឺបង្ហាញឱ្យឃើញថា ចិននៅជិតកម្ពុជាជានិច្ច។
ការថ្លែងរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក លី ជីងហ្វុង ប្រធានការិយាល័យអនុព័ន្ធយោធាចិនថ្មីប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអគ្គបញ្ជាការដ្ឋាន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃដែលលោកវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនចាស់សម្រេចបាននាពេលកន្លងមក និងមានជំនឿថា ទៅថ្ងៃខាងមុខក្រោមកិច្ចដឹកនាំបន្តរបស់លោកវរសេនីយ៍ឯក លី ជីងហ្វុង ក្នុងតួនាទីជាអនុព័ន្ធយោធាថ្មីប្រចាំកម្ពុជានឹងដំណើរការយ៉ាងរលូនបន្តទៀត ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរកាន់តែល្អប្រសើរទ្វេឡើងថែមទៀត ។
ចំណែកប្រធានការិយាល័យអនុព័ន្ធយោធាចិនថ្មីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក លី ជីងហ្វុង បានបង្ហាញពីការប្តេជ្ញាចិត្ត នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរដូចដែកថែប និងកពង្រឹងពង្រីកទំនាក់ទំនងខ្លាំងឡើងថែមទៀត។
លោកវរសេនីយ៍ឯក លី ជីងហ្វុង បានលើកឡើងថា ក្នុងកិច្ចទំនាក់ទំនងជាបងប្អូន នៃបរិបទថ្មីនេះ អាស្រ័យដោយកងទ័ពប្រទេសទាំងពីរ មានចំណុចឯកភាពជាច្រើន ជាពិសេសកងទ័ពកើតឡើងពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។
រីឯលោកវរសនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនចាស់ បានថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់វេលាដ៍មានតម្លៃឲ្យលោកបានចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនចំពោះប្រធានការិយាល័យអនុព័ន្ធយោធាថ្មីដែលត្រៀមទទួលតំណែងពីលោក ។
លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ លោកមានសេចក្ដីសោមនស្សជាខ្លាំង ដោយបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ មានភាពល្អប្រសើរ ជាពិសេសក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ លទ្ធផលល្អប្រសើរនេះ ក៏អាស្រ័យដោយមានការយកចិត្តទុកដាក់គាំទ្រ និងផ្តល់កិច្ចសហការពេញទំហឹងពីសំណាក់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការផងដែរ៕ ល