ដោយៈ មេសា/ភ្នំពេញៈ បន្ទាប់ពីត្រូវបានរកឃើញជំងឺរលាកសួតមួយប្រភេទដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន មក ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដោយសង្កត់ធ្ងន់ថា អ្នកដែលមានគម្រោងធ្វើដំណើរទៅ ឬ ត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាមិនទាន់មានករណីជំងឺប្រភេទខាងលើនេះនៅប្រទេសកម្ពុជានៅឡើយក៏ដោយ ហើយក្រសួងកំពុងតែតាមដានដោយយកចិត្តទុកបំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ។ ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិត នៅគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតបំផុតភ្លាម និងប្រាប់ព័ត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក ។
សេចក្តីជូនដំណឹងដដែលនេះ បានរៀបរាប់ថា អ្នកជំងឺដែលត្រូវបានរកឃើញនៅប្រទេសចិន គឺអ្នកជំងឺមានរោគសញ្ញា ក្តៅខ្លួន ហើយអ្នកជំងឺភាគច្រើនគឺជាឈ្មួញ ជាអ្នកលក់ផ្ទាល់ និងជាអ្នកបម្រើសេវានៅក្នុងផ្សារលក់គ្រឿងសមុទ្ទមួយនៅក្នុងខេត្ត ហួណាន ដែលនៅក្នុងផ្សារនោះ ក៏មានសត្វព្រៃខ្លះត្រូវបានដាក់លក់ដែរ ហើយអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញថា វាអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ ហើយពួកគេកំពុងតាមដាន និង ប្រមូលភស្តុតាង ។
ដោយឡែកនៅកម្ពុជា លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭកឱ្យសាធារណជនយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ៦ ចំណុចគឺ៖
១. ចៀសវាងប៉ះពាល់អ្នកជំងឺផ្លូវដង្ហើមស្រួចស្រាល់ , ២. លាងដៃដោយសាប៊ូ និង ទឹកស្អាតឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬ បរិស្ថានជុំវិញនោះ , ៣. ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្ទ ហួណាន ឬ ទីផ្សារ ឬ កសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬ កន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ ។ ចាំបាច់ត្រូវលាងដៃឱ្យទៀងទាត់មុនពេល និងបន្ទាប់ពីប៉ះពាល់សត្វ ឬ វត្ថុផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ , ៤. ប្រកាន់ខ្ជាប់នូវអនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជាពិសេសអាហារដែលចម្អិនឆ្អិនល្អ , ៥. អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួចស្រាល់ ត្រូវខ្ទប់មាត់ និង ច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រមា ឬ ក្រដាស , ៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម គឺ ខ្ទប់មាត់ និង ច្រមុះនៅពេលក្អក ឬ កណ្តាស់ លាងដៃបន្ទាប់ពីប៉ះពាល់ទឹករំអិលផ្លូវដកដង្ហើម និង រក្សាចម្ងាយជាងមួយម៉ែត្រ ពីអ្នកជំងឺដែលមានរោគសញ្ញាផ្លូវដកដង្ហើមស្រួចស្រាល់ជាដើម ។
ចំពោះចំណុចទី ៥ ពោលគឺ ការខ្ទប់មាត់ ឬ ច្រមុះ នៅពេលក្អក ឬ កណ្តាស់ នោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំឭកជាញឹកញាប់ថា មិនត្រូវខ្ទប់មាត់ ឬ ច្រមុះ ដោយដៃឡើយ ពោលគឺត្រូវខ្ទប់ដោយក្រណាត់ ដូចជាក្រមា កន្សែង និង ក្រដាសជាដើម ប៉ុន្តែប្រសិនបើមិនមានរបស់ទាំងនេះទេ ក៏មិនត្រូវខ្ទប់មាត់ ឬ ច្រមុះដោយបាតដៃឡើយ គឺត្រូវក្អក ឬ កណ្តាស់ដាក់ដើមដៃវិញ ព្រោះខ្ទប់មាត់ ឬ ច្រមុះ ដោយបាតដៃ ងាយនឹងចម្លងមេរោគទៅអ្នកដទៃ ដូចជាពេលចាប់ដៃ ពេលចាប់កាន់របស់របរប្រើប្រាស់រួម និង ពេលចាប់កាន់បង្កាន់ដៃបើកទ្វារជាដើម ។
ក្រសួងសុខាភិបាលអះអាងថា ក្រសួងបានដាក់ម៉ាស៊ីស្គែននៅអាកាសយានដ្ឋានភ្នំពេញ ,ព្រះសីហនុ និង សៀមរាប និង បានត្រៀមបន្ទប់សម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែក ហើយក្រសួងក៏បានក្រើនរំឭកមន្ទីរសុខាភិបាល ទាំង ២៥ រាជធានី ខេត្ត ឱ្យត្រៀមលក្ខណៈជានិច្ចសម្រាប់ឆ្លើយតប ប្រសិនបើមានករណីសង្ស័យ ៕ Kh/Ha
កន្លែងពិនិត្យសុខភាពនៅអាកាសយានដ្ឋាន នៅកម្ពុជា ( រូបៈ ឯកសារ )