នាយកប្រតិបត្តិដែលគេបណ្តេញចេញពីតំណែងរបស់ក្រុមហ៊ុន Boeing Co លោក ដេននីស មុយលេនបឺក (Dennis Muilenburg) បានដើរចេញពីក្រុមហ៊ុនជាមួយទឹកប្រាក់ ៦២ លានដុល្លារដែលជាប្រាក់សំណងនិងអត្ថប្រយោជន៍សោធននិវត្តន៍ ប៉ុន្តែនឹងមិនទទួលបានប្រាក់បំណាច់ផ្តាច់កុងត្រាក្រោយវិបត្តិធ្លាក់យន្តហោះ 737 MAX នោះឡើយ។
លោកមុយលេនបឺកត្រូវបានបណ្តេញចេញពីការងារកាលពីខែធ្នូនៅពេលក្រុមហ៊ុន Boeing ខកខានមិនបានទប់ស្កាត់វិបត្តិពីការធ្លាក់យន្តហោះពីរគ្រឿង ដែលនាំទៅដល់ការបញ្ឈប់ការផលិតយន្តហោះលក់ដាច់បំផុតរបស់ក្រុមហ៊ុនគឺ 737 MAX និងបានធ្វើឱ្យខូចឈ្មោះរបស់ខ្លួនក្នុងចំណោមបណ្តាក្រុមហ៊ុនអាកាសចរណ៍និងនិយតករលើពិភពលោក។
តួលេខនៃសំណងនេះត្រូវបានលាតត្រដាងនៅក្នុងឯកសារបទប្បញ្ញត្តិមួយកាលពីល្ងាចថ្ងៃសុក្រទី១០មករាក្នុងអំឡុងសប្តាហ៍ដ៏លំបាកសម្រាប់ក្រុមហ៊ុន Boeing នៅពេលខ្លួនក៏បញ្ចេញសារផ្ទៃក្នុងរាប់រយផងដែរ ដែលជាបញ្ហាធំពីរតាមអន្ទងក្រុមហ៊ុន មុនពេលនាយកប្រតិបត្តិថ្មីលោក ដេវីត កាល់ហួន (David Calhoun) ចាប់ផ្តើមការងារនៅថ្ងៃចន្ទខាងមុខ។
កាលពីថ្ងៃសុក្រ ពួកសមាជិកសភាអាម៉េរិកបានពន្លះក្រុមហ៊ុននេះថា សារទាំងនោះមានយោបល់រិះគន់ខ្លាំងៗអំពីការផលិតយន្តហោះ 737 MAX ក្នុងនោះមានសារមួយសរសេរថា “យន្ដហោះនេះត្រូវបានរចនាឡើងដោយតួត្លុក និងត្រួតពិនិត្យដោយសត្វស្វា”។
តំណាងរាស្ត្រអាម៉េរិកលោក ភីតធឺ ដេហ្វាស៊ីអូ (Peter DeFazio) ដែលជាប្រធានគណៈកម្មាធិការដឹកជញ្ជូនរបស់សភា បាននិយាយថា ប៉ុន្មាននាទីនៃកិច្ចប្រជុំកាលពីខែមិថុនាឆ្នាំ ២០១៣ បានបង្ហាញថាក្រុមហ៊ុន Boeing បានព្យាយាមគេចវេសលក្ខខណ្ឌតម្រូវសម្រាប់ការបណ្តុះបណ្តាលនិងការធ្វើតេស្តសាកល្បងដែលចំណាយថ្លៃខ្ពស់ពីសំណាក់និយតករអំពីប្រព័ន្ធប្រឆាំងការគាំងម៉ាស៊ីន ហៅថា MCAS ដែលក្រោយមកត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្លាក់យន្តហោះទាំងពីរ ដែលសម្លាប់មនុស្ស ៣៤៦ នាក់។
យន្តហោះ MAX ត្រូវបានផ្អាកដំណើរការចាប់តាំងពីការធ្លាក់យន្តហោះនេះជាលើកទី ២ ក្នុងខែមីនា ឆ្នាំ២០១៩៕ ដោយ៖ កញ្ញាដាលីស