​សិស្ស​តូចៗ នៅ​ឃុំ​ប៉ាក់​ខ្លង រៀន​ក្រោម​រោង​ដំបូល​ស័ង្កសី​,​ទ្រាំលំបាក​រយៈពេល​ខ្លី​

1752
ចែករម្លែក

ដោយៈ​សុ​ផានី​តា​/​កោះកុងៈ ខណៈ​អគារសិក្សា​ចាស់ ត្រូវបាន​វាយកម្ទេច​ចោល សាងសង់​ថ្មី​។ បច្ចុប្បន្ន​កុមារ​ដែលជា​សិស្ស​តូចៗ​នៅ​សាលាបឋមសិក្សា​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​កំពុងតែ​ទទួល​ការអប់រំ​ក្រោម​រោង​ប្រក់​ដំបូល​ស័ង្កសី​មួយ​ល្វែង​មាន​៥​បន្ទប់​ក្នុង​បរិវេណ​វត្ត​អារាម​មួយ យ៉ាង​កម្សត់ ក្រោយពី​ផ្លាស់ប្តូរ​ទីតាំង​បណ្តោះអាសន្ន​ចំនួន​២​លើក​រួចមក​។ តែ​ទោះយ៉ាងណា ភាពលំបាក​ខ្វះខាត នឹងមាន​សភាព​ល្អប្រសើ​រ​ឡើងវិញ គ្រា​អគារ​ថ្មី ស្ថាបនា​ចប់ នៅ​ចុងឆ្នាំ​២០១៨ ខាងមុខ​។​

សិស្សតូចៗកំពុងរៀន(រូបសុផានីតា)

​ទើបតែ​ជិត​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ទេ ដែល​ក្រុម​សិស្សានុសិស្ស បឋមសិក្សា​ប៉ាក់​ខ្លង ជាង ៧០០ នាក់ ផ្តើម​រៀនសូត្រ ក្រោម​រោង​ដំបូល​ស័ង្កសី ដែល​ជញ្ជាំង​ហ៊ុមព័ទ្ធ ដោយ​តង់​កៅស៊ូ ជា​បណ្តោះអាសន្ន ក្នុង​បរិវេណ​វត្ត​ស​មុទ្ធា​រាម ស្រុក​មណ្ឌលសីមា ក្នុងពេលដែល​ទីតាំង​អគារ​ចាស់ កំពុង​សាងសង់​អគារ​ថ្មី ក្រោម​អំណោយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

​នាយក​សាលាបឋមសិក្សា​ប៉ាក់​ខ្លង លោក មាស សារិត បានឱ្យដឹង កាលពី​ថ្ងៃទី​២០ មីនា​ថា តាំងតែ​ខែមករា មកដល់​ខែមីនា ឆ្នាំ​២០១៨ លោក និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិតជា​មានការ​លំបាក​ស្វែងរក​ទីតាំង​ឱ្យ​សិស្ស​រៀន​ជា​បណ្តោះអាសន្ន ដោយបាន​ផ្លាស់ប្តូរ ចំនួន​២​លើក​ហើយ ក្រោយ​រុះរើ​អគារសិក្សា​ចាស់ សម្រាប់​យក​ទីតាំង​ស្ថាបនា អគារសិក្សា​មួយ​ថ្មី​។
​ប៉ុន្តែ​ទោះបីយ៉ាងណា នាយក​សាលាបឋមសិក្សា​ប៉ាក់​ខ្លង លើកឡើងថា ការផ្លាស់ប្តូរ​ទីតាំង​សិក្សា​របស់​សិស្ស នឹង​លែង​ជា​ក្តីបារម្ភ​ទៀតហើយ ដោយ​អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ស្នើសុំ​ទីតាំង​បរិវេណ​វត្ត​ស​មុទ្ធា​រាម សង់​ជា​រោង​ដាល​ប្រក់​ស័ង្កសី មាន ៥ បន្ទប់ ឱ្យ​សិស្ស​រៀន ជា​បណ្តោះអាសន្ន​សិន ដ្បិត​មើល​ហាក់បី​កម្សត់​លំបាក​ក៏ពិតមែន​។​

​លោក មាស សារិត មានប្រសាសន៍ថា «​ទោះបីជា​មានការ​លំបាក​ក៏ពិតមែន​ហី​ទៅ​ចុះ តែ​ធ្វើ​ម៉េច​ទ្រាំ​លំបាក​បន្តិច​សិន ដើម្បី​ទទួលបាន​អគារសិក្សា​ថ្មី និង​សុវត្ថិ​ភាពល្អ សម្រាប់​ការរៀនសូត្រ​កុមារ​ក្នុង​មូលដ្ឋាន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​»​។

​គួរ​ជម្រាប​ថា អគារសិក្សា​មួយ​ខ្នង​ថ្មី ដែល​គណៈ​គ្រប់គ្រង សាលាបឋមសិក្សា​ទទួល មាន​កម្ពស់​បី​ជាន់ ស្មើនឹង ១៨ បន្ទប់ ទីចាត់ការ​ចំនួន​១ និង​អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន​។ ហើយ​ការដ្ឋាន​សំណង់​ទាំងនេះ នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខ​នេះដែរ​។​

ភាពខ្វះខាត​អគារសិក្សា អ្នកគ្រូ តូច ស៊ីថា បានទទួល​ស្គាល់​ពី​ផល​លំបាក​ពិត តែ​ទី​តាំងទី​៣ អាច​បង្កលក្ខណៈ​ងាយស្រួល បង្រៀន​កុមារ​តូចៗ ល្អ​ជាង​មុន​បន្តិច ដោយមាន​ជញ្ជាំង​ចែក​ធំ​ទូលាយ មិនតូច​ចង្អៀត បើ​ធៀប​នឹង​ទីតាំង​ក្នុង​មន្ទីរពេទ្យ​ស្រុក និង​អតីត​ទី​ស្នាក់នៅ​គណបក្ស​កន្លងទៅ គឺ​លំបាក​ច្រើន​។​

​អ្នកគ្រូ ស៊ីថា ក៏​រំពឹង​យ៉ាង​ដូច្នេះ​ថា «​នៅពេលដែល​អគារសិក្សា​បញ្ចប់​រួចរាល់ កុមារ​តូចៗ​នឹងមាន​សប្បាយ​ជាមួយ​ការរៀនសូត្រ​កាន់តែច្រើន ព្រោះតែ​បរិយាកាស​បន្ទប់រៀន​ថ្មី​មាន​ភាព​ទាក់ទាញ។ រីឯ​គុណភាព​បង្រៀន និង​ការសិក្សាអប់រំ​ក៏​រីកចម្រើន​តាម​នោះដែរ​»​។​

​ចំណែកឯ​អាណាព្យាបាល​សិស្ស​វិញ មាន​ក្តី​ព្រួយបារម្ភ​ណាស់ដែរ ចំពោះ​សុវត្ថិភាព​កូនៗ តូច​របស់​ពួកគេ ដែល​មក​រៀន អំឡុង​រុះរើ​អគារ​រៀនសូត្រ​ចាស់​ក្នុង​សាលារៀន ដោយ​ខ្លាចក្រែង​ជួប​គ្រោះថ្នាក់​ណាមួយ​។ ពិសេស​រដូវវស្សា​ភ្លៀង​ធ្លាក់ ខណៈ​រដូវប្រាំង ពុំទាន់​បញ្ហា​អ្វី​កើតឡើង​។ តែ​ពួកគាត់​យល់​ដែរ​ថា សុខចិត្ត​លំបាក រយៈពេល​ខ្លី ឱ្យ​តែមាន​អគារសិក្សា​គុណភាព​ល្អ​ថ្មី នៅក្នុង​មូលដ្ឋាន​។​

​គ្រូបង្រៀន និង​សាលារៀន មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​អភិវឌ្ឍន៍​អ្នកដឹកនាំ ប្រកបដោយ​ការទទួល​ខុសត្រូវ​។ បើតាម​គម្រោង ខេត្តកោះកុង បានទទួល​អំ​ណាយ ជា​អគា​សិ​ក្ស​ថ្មី​ច្រើន​កន្លែង តាម​ឃុំ ស្រុក ឆ្ងាយ​ដាច់​ស្រ​យោល​មួយចំនួន ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​កុមារ ស្របតាម​គោលនយោបាយ លើ​វិស័យ​អប់រំ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕MN

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ