​មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយ​ជម្ងឺ​រលាក​សួត​នៅក្នុង​ទីក្រុង​វូ​ហាន​របស់​ចិន ដែល​កំពុង​ជួប​ការ​ផ្ទុះ​ឡើង​ជម្ងឺ​រលាក​សួត​បង្ក​ឡើង​ពី​វីរុស​ដែល​គេ​មិន​ដែល​ស្គាល់​ពី​​មុន នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​សុខភាព​ក្រុង​វូ​ហាន​កាលពី​ថ្ងៃ​សៅរ៍​ទី​១១​មករា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លទ្ធផល​ពិសោធន៍​ជំហាន​ដំបូង បានបង្ហាញ​ថា​ជម្ងឺ​ផ្លូវដង្ហើម​ផ្ទុះឡើង​​នៅ​វូ​ហាន​នេះ​បង្កឡើង​ដោយ​វីរុស​ថ្មី​មួយ​ក្នុង​ក្រុម​កូរ៉ូណា​វីរុស​។​

​បុរស​ដែល​ឈឺ​ស្លាប់​នេះ​ជា​អតិថិជន​ទៀងទាត់​ម្នាក់​នៅ​ផ្សារ​អាហារ​សមុទ្រ​មួយ​ក្នុង​ក្រុង​វូ​ហាន​ដែល​ជា​ប្រភព​ផ្ទុះ​ជម្ងឺ​នេះ​។​ការព្យាបាល​មិនបាន​ធ្វើ​អោយ​បុរស​នេះ​ជា​​ទេ​និង​គាត់​បាន​ស្លាប់​កាលពី​ថ្ងៃ​០៩​មករា​។​

​គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ក្នុងចំណោម​អ្នក​កើត​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​ថ្មី​នេះ​ចំនួន​៤១​នាក់ មាន​៧​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ២​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ និង​អ្នក​ផ្សេង​ទៀត​មាន​ស្ថានភាព​នឹងនរ ។​

​គណៈកម្មាធិការ​នេះ​បាន​បន្ថែមថា មិន​មាន​ករណី​កើត​ជម្ងឺ​នេះ​ថ្មី​ទៀត​ទេ​ចាប់តាំងពី​ថ្ងៃ​០៣​មករា​មក ហើយក៏​មិន​មាន​បុគ្គលិក​សុខាភិបាល​ណា​ម្នាក់​ឆ្លង​ជម្ងឺ​​នេះ និង​ក៏​មិន​មាន​ភស្តុតាង​ថា​វា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ​។​

​តែ​កូរ៉ូណា​វីរុស (Coronaviruses) ឆ្លង​តាម​ការ​ក្អក កណ្តា​ស់ ញី​ស​សំ​បោរ ឬ​ប៉ះពាល់​អ្នក​ជម្ងឺ​។​

អ្នកជំនាញ​ពិនិត្យ​សំណាក​យកចេញ​ពី​អ្នក​ជម្ងឺ​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​រោគសញ្ញា​ជម្ងឺ​អាថ៌កំបាំង​នៅ​ចិន​

​ការផ្ទុះ​ជម្ងឺ​នេះ​ត្រូវបាន​គេ​ចាប់​អារម្មណ៍​ដោយសារ​តែ​ចិន​ធ្លាប់​ផ្ទុះ​ជម្ងឺ​សា​(SARS)​ដែល​មាន​រោគសញ្ញា​ស្រដៀង​គ្នា​និង​បង្ក​ឡើង​ពី​វីរុស​មួយ​ប្រភេទ​ក្នុង​ក្រុម​កូរ៉ូណា​​វីរុស​នេះ​។​ការផ្ទុះ​ជម្ងឺសា​កាលពី​១​ទសវត្សរ៍​មុន​បាន​សម្លាប់​មនុស្ស​៣៤៩​នាក់​នៅ​ចិន និង​២៩៩​នាក់​នៅ​ហុងកុង​។​

​កូរ៉ូណា​វីរុ​សមួយ​ប្រភេ​ទទៀត​បង្ក​ជម្ងឺ​មឺ​ស​(MERS)​ឬ​ជម្ងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា ។​ការផ្ទុះ​ជម្ងឺ​នេះ​បាន​ចាប់ផ្តើម​នៅ​ហ្សកដានី​និង​អា​រ៉ាប៊ីសាអូឌីតនៅ​ឆ្នាំ​២០១២​ហើយ​រាលដាល​ទៅ​ប្រទេស​ជាង​ម្ភៃ​ទៀត​។​មនុស្ស​ប្រមាណ​២.៥០០​នាក់​ឆ្លង រួមមាន​៨០០​នាក់​បាន​ស្លាប់​។​

​នៅ​សប្តាហ៍​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​អាម៉េរិក​ក៏​បាន​ចេញ​ការព្រមាន​ដល់​គ្រូពេទ្យ​អំពី​ការផ្ទុះ​ជម្ងឺ​នៅ​ចិន​និង​បាន​ណែនាំ​ដល់​អ្នកដំណើរ​អាម៉េរិក​​ដែល​ត្រូវ​ទៅ​កាន់​ទីក្រុង​វូ​ហាន​ជៀសវាង​ប៉ះពាល់​សត្វ​និង​អ្នក​ជម្ងឺ ហើយ​ត្រូវ​លាងដៃ​ជារឿយៗ​៕​ប្រែ​សម្រួល​៖​វាសនា​