មិនថាសម្រាប់ផ្លូវគោកផ្លូវអាកាសឬផ្លូវទឹកនោះទេ ពិព័រណ៍ CES គឺជាឋានសួរសម្រាប់យានជំនិះអនាគតក្នុងឆ្នាំនេះ។
ក្រុមហ៊ុនជាច្រើនមកពីជុំវិញពិភពលោកបានបង្ហាញយានយន្តអនាគតរបស់ខ្លួននៅទីក្រុងឡាសវេហ្គាស ដែលមានបច្ចេកវិជ្ជាថ្មីចុងក្រោយ ដូចជា បញ្ញានិម្មិត (AI) ថាមពលអគ្គិសនី និង សមត្ថភាពស្វ័យប្រវត្តិកម្ម។
ព្រឹត្តិការណ៍នេះបង្ហាញនូវអ្វីៗគ្រប់យ៉ាងចាប់ពីតាក់ស៊ីហោះរហូតដល់ទូកបញ្ជាដោយសំឡេងនិងបន្ទប់សន្និសីទនៅក្នុងរថយន្ត និងយានជំនិះជាច្រើនទៀត។
ទោះយ៉ាងណា បច្ចេកវិជ្ជាស្វ័យប្រវត្តិកម្មគឺជាចំណុចចាប់អារម្មណ៍ខ្លាំងជាងគេក្នុងឆ្នាំនេះ ដោយរថយន្តគំរូរបស់ Honda បានឆក់យកចំណាប់អារម្មណ៍ខ្លាំងជាងគេនៅថ្ងៃទី៤នៃពិព័រណ៍។
ក្រុមហ៊ុនជប៉ុននេះបានបង្ហាញរថយន្ត Augmented Driving Concept ដែលរួមបញ្ចូលបច្ចេកវិជ្ជាថ្មីជាច្រើន ដែលជួយអ្នកបើកបរប្តូរការបញ្ជាដោយដៃនិងដោយស្វ័យប្រវត្តិយ៉ាងរលូន ក្នុងនោះរួមមានទាំងចង្កូតអាចចល័តបាន ដែលដើរតួជាហ្វ្រាំងផង និង ឈ្នាន់ល្បឿនផង។
ចង្កូតរបស់វាអាចបញ្ឆេះម៉ាស៊ីនបានដោយគ្រាន់តែគោះ២ដងលើកំពូលនៃដៃចង្កូត និងអាចបញ្ជារថយន្តឱ្យបើកបរទៅចំហៀងបាន មានន័យថា វាអាចទៅមុខទៅក្រោយ និងទៅឆ្វេងឬទៅស្តាំបាន មិនចាំបាច់រ៉ឺយ៉ែយូរការនោះឡើយ។
អ្វីដែលជាចំណុចចាប់អារម្មណ៍បំផុតគឺបច្ចេកវិជ្ជាពិនិត្យភ្នែកអ្នកបើកបរ ដោយវាអាចដឹងថាអ្នកបើកបរកំពុងសំឡឹងមើលផ្លូវ ឬ សំឡឹងមើលទេសភាពតាមបង្អួច ដើម្បីព្រមានអំពីគ្រោះថ្នាក់នៅខាងមុខ។
យានជំនិះដែលបានតាំងបង្ហាញដទៃទៀតមានដូចជា កូនឡានក្រុង Metrosnap របស់ក្រុមហ៊ុនស្វីស Rinspeed ដែលអាចប្រើធ្វើជាបន្ទប់សន្និសីទបាន កូនរថយន្តក្រុងស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Bosch របស់អាល្លឺម៉ង់ រថយន្តកង់បីដើរដោយថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុនបារាំង Wello កង់ដឹកទំនិញបរលើប្រភេទផ្លូវ Off-road របស់ក្រុមហ៊ុនស៊ុយអែត Cake រ៉ឺម៉កកង់បីដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុនអ៊ីតាលី Measy កង់អគ្គិសនីអាចបត់ដាក់គូទឡានបានរបស់ក្រុមហ៊ុនចិន Smacircle រទេះរុញអគ្គិសនី S-Pod របស់ក្រុមហ៊ុន Ninebot Segway ម៉ូតូទឹករបស់ក្រុមហ៊ុននូវែលសេឡង់ Manta5 និងទូកបញ្ជាដោយសំឡេងឈ្មោះ Sea Ray SLX-R 400e៕ ដោយ៖ កញ្ញាដាលីស