អ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ទី១១មករាថា យោធារបស់ខ្លួននៅសប្តាហ៍នេះបានបាញ់ទម្លាក់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនមួយដោយអចេតនា ដែលបានសម្លាប់មនុស្សទាំង១៧៦នាក់នៅក្នុងយន្តហោះ។
ក្រសួងការពារជាតិអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះអ៊ុយក្រែនមួយដែលបានធ្លាក់នៅអ៊ីរ៉ង់នៅសប្តាហ៍នេះ បានហោះទៅជិតទីតាំងយោធាមួយខ្លាំងពេកនិងវាត្រូវបានបាញ់ទម្លាក់ដោយអចេតនា ដោយសារកំហុសមនុស្ស។ភាគីពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានយុត្តិធម៌ក្នុងក្រសួងការពារជាតិដើម្បីដាក់អោយទទួលខុសត្រូវ។
យន្តហោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធនៅពេលតែប៉ុន្មានម៉ោង បន្ទាបពីអ៊ីរ៉ង់វាយប្រហារដោយកាំជ្រួចផ្លោងដាក់មូលដ្ឋានយោធាពីរនៅអ៊ីរ៉ាក់ដើម្បីជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់របស់ខ្លួនពីសំណាក់ដ្រូនអាម៉េរិក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីរ៉ង់និយាយថា យន្តហោះស៊ីវិលនេះត្រូវបានច្រឡំថាជា «គោលដៅសត្រូវ»នៅពេលវាបើកសំដៅមជ្ឈមណ្ឌលយោធាសំខាន់មួយរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងចំពេលយោធាស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់បំផុត ក្នុងពេលប្រឈមជាមួយមហាអំណាចយោធាពិភពលោកគឺអាម៉េរិក។
ក្រសួងការពារជាតិអ៊ីរ៉ង់ក៏បានសុំទោសចំពោះឧបទ្ទវហេតុនេះនិងថាខ្លួននឹងធ្វើអោយប្រសើរឡើងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដើម្បីកុំអោយមានកំហុសដូច្នេះទៀតនៅពេលអនាគត។អាជ្ញាធរក៏នឹងនាំអ្នកទទួលខុសត្រូវចំពោះកំហុសនេះទៅកាត់ទោស។
កាលពីដំបូងអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ថា យន្តហោះធ្លាក់ដោយត្រូវគ្រាប់កាំជ្រួចរបស់ខ្លួន តែអាម៉េរិក អង់គ្លេសនិងកាណាដា បាននិយាយថាបើតាមប្រភពស៊ើបការណ៍ យន្តហោះនេះធ្លាក់ដោយសារត្រូវកាំជ្រួចរបស់អ៊ីរ៉ង់៕ប្រែសម្រួល៖វាសនា
យន្តហោះBoeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់នៅជាយក្រុងតេអេរ៉ង់ ក្រោយចេញដំណើរបាន៣នាទី