អាគារសណ្ឋាគារប្រណីតមាត់សមុទ្រចំនួន៣នៅឥណ្ឌាភាគខាងត្បូងត្រូវបានបំផ្ទុះចោលរាបដល់ដីកាលពីថ្ងៃសៅរ៍ទី១១មករា ដើម្បីជាគំរូបង្ហាញពីការអនុវត្តច្បាប់តឹងរ៉ឹងរបស់អាជ្ញាធរទៅលើក្រុមហ៊ុនសំណង់ ដែលរំលោភច្បាប់បរិស្ថាន។
សណ្ឋាគារប្រណីតកម្ពស់១៩ជាន់ឈ្មោះ H2O Holy Faith ដែលអាចមើលឃើញផ្ទៃសមុទ្រខៀវស្រងាត់ដ៏ល្បីនៅរដ្ឋកេរ៉ាឡា គឺជាសណ្ឋាគារដំបូងគេដែលវាយកម្ទេចរាបដល់ដី ដោយរលំមកដល់ដីត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
សណ្ឋាគារនេះបានសង់បាំងទេសភាពសមុទ្រដ៏ស្រស់បំព្រងជាច្រើនឆ្នាំមកហើយរហូតដល់តុលាការកំពូលសម្រេចកាលពីខែឧសភាឆ្នាំ ២០១៩ ថា សណ្ឋាគារនេះសង់រំលោភច្បាប់ស្តីពីឆ្នេរសមុទ្រ។
ប៉ុន្មាននាទីក្រោយមក អគារភ្លោះនៃសណ្ឋាគារ Alfa Serene ដែលនៅឃ្លាតមាត់សមុទ្រតែប៉ុន្មានម៉ែត្រ ត្រូវបានបំផ្ទុះគ្រាប់បែករលំគ្រាំង។ អគារពីរទៀតរបស់វានឹងត្រូវកម្ទេចចោលនៅថ្ងៃអាទិត្យ។
ហ្វូងមហាជនបាននាំគ្នាចោមរោមមើលការកម្ទេចនេះនៅផ្លូវក្បែរសណ្ឋាគារទាំងពីរ ខណៈពួកមន្ត្រីជិះឧទ្ធម្ភាគចក្រពិនិត្យមើលពីលើមេឃ។
វិស័យសំណង់មានការកើនឡើងខ្លាំងនៅប្រទេសឥណ្ឌានាប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែក្រុមហ៊ុនសាងសង់ជាច្រើនតែងឆ្លៀតឱកាសរំលោភលើសុវត្ថិភាពសាងសង់និងបំពានច្បាប់ គួបផ្សំជាមួយនឹងការឃុបឃិតពីអាជ្ញាធរផងដែរ៕ ដោយ៖ កញ្ញាដាលីស
អាគារកំពស់ច្រើនជាន់នៅមាត់ទឹកដ៏ស្អាតត្រូវអាជ្ញាធរឥណ្ឌាបំផ្ទុះចោលដោយសាររំលោភច្បាប់