ដោយ:អង្គរតូច/សៀមរាប ៖ ជនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ចាប់វាយខ្នោះក្រោយធ្វើ សកម្ម ភាពកាច់សោរកម៉ូតូ នៅកន្លែងហាត់ប្រាណក្បែរមាត់ស្ទឹងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ការឃាត់ខ្លួនជនខាងលើ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ឈុន ឧត្តម ហៅអាខ្មៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិចំបក់ ឃុំអូរចំបក់ ស្រុកតាកែវ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចោមចៅ ក្រុងភ្នំពេញ។ លោកបានបម្តថា ក្នុងថ្ងៃកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងដើរល្បាត ស្រាប់តែមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោរកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរ៊ីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលទុកនៅចំណុចទីតាំងហាត់ប្រាណ។ ខណ:នោះត្រូវសមត្ថកិច្ចប្រដេញចាប់បាននៅចំណុចសួនច្បារក្បែរនោះតែម្តង។

ក្រោយពីសាកសួរ ជន សង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោរ​កម៉ូតូខាងលើពិតប្រាកដមែន ដោយបក្ខពួកម្នាក់ទៀតចាំមើលផ្លូវអោយ។ គេនោះពាក់អាវក្រណាត់ដៃវែងពណ៌ស ពាក់មួយការពារពណ៌ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរ៊ីឆ្នាំ២០១៨ ពាក់ស្លាកលេខកំពត ពុំចាំលេខ(គេចខ្លួន)។

លោកនាយការិយាល័យបន្ថែមថា ក្នុងការឆែកឆេររកឃើញសោរកាច់អក្សរតេ(T)ចំនួនពីរគ្រាប់ ដងកាច់ចំនួន១ សោរម៉ូតូមួយចំនួន នឹងគ្រាប់ឆក់សំរាប់បើកគំរបសោរសុវត្ថិភាពចំនួនបីគ្រាប់។ ជនសង្ស័យខាងលើនេះត្រូវកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី ១១ខែមករាឆ្នាំ២០២០នេះ៕B/