ដោយ:គង់ហេង/កំពង់ចាម ៖ ពិព័រណ៌ជាផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅមានស្តង់សរុបជាង ២០០ ដើម្បីអបអរពិធីបុណ្យ ៧មករា នៅក្នុងក្រុងកំពង់ចាមរយ:ពេល ប្រាំ ថ្ងៃទើបបានបញ្ចប់នោះ គឺទទួលបានភ្ញៀវចូលរួមទស្សនា និងគាំទ្រទិញផលិតផលសរុបចំនួន ៤០.៤៣០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤៣០ នាក់។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានឲ្យកាសែតរស្មីកម្ពុជាដឹងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ថា ដំណើរការតាំងពិព័រណ៌ចាប់ពីថ្ងៃទី ៤ ដល់ ៨ ខែមករា ឆ្នាំ២០២០ ដែលមានការបើកសម្ពោធពីលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម និងអភិបាលរងខេត្ត ព្រមទាំងមន្រ្តី នៃមន្ទីរអង្គភាពនៅក្នុងខេត្តនេះ ប្រជាពលរដ្ឋជាម្ចាស់ផលិតផលខ្មែរជាច្រើនមុខ។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្នុងនោះស្តង់ជាផលិតផលខ្មែរចំនួន ៥៨ មាន: ឆ្នាំងអាលុយមីញ៉ូម ស្វាយចន្ទីលីង សណ្តែកផ្កាយ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ប្រហិត នំខ្លូត នំកំពង នំដូង ចេកឆាប ចេកបន្ទាស ប្រេងកូឡា វ៉តម្រុំខ្មែរ គ្រឿងចម្លាក់ សាប៊ូ ម្ទេសម៉ត់ ពួកខ្នើយ ត្រសក់ចាវ នំត្រចៀកព្នង ដំឡូងបំពង នំតែលាវ នំថង់នួន គ្រឿងសម្អាង គ្រឿងអលង្កា សម្លៀកបំពាក់ខ្មែរ នំប្រអប់អាពាហ៍ពិពាហ៍ ស្រាចេក ស្ករចេក ផ្លែឈើ ដូងក្រអូប ចាហួយដូង បន្លែ វត្ថុអនុស្សាវរីយ៍ ក្រឡាន ណែម ក្រម៉ា ហូល ផាមួង ដំណាប់ផ្លែឈើ។
លោក បូរិន បានបន្ថែមថា តាមរយ:ការតាំងពិព័រណ៌ជាផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅខាងលើនេះ គឺបានទាក់ទាញភ្ញៀវឲ្យមកចូលរួមទស្សនា និងគាំទ្រទិញផលិតផលទាំងអស់ចំនួន ៤០.៤៣០ នាក់ ក្នុងមានភ្ញៀវបរទេសចំនួន ៤៣០ នាក់បានមកចូលរួមផងដែរ៕B/