ដោយៈសាវរក្ស/ភ្នំពេញ ៖ តារាចម្រៀង ឆាយ វីរៈយុទ្ធ បោះទុនវិនិយោគជិត៣លានដុល្លារ ស្របពេលដែលទីផ្សារសិល្បៈ ចម្រៀងកំពុងមានសន្ទុះ ស្រាប់តែពេលនេះ គេបានដឹងថា តារាចម្រៀងជួរមុខរូបនេះ បាននិងកំពុងបោះទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារ។

នៅពេលផ្តើមនិយាយដល់ការបោះទុនវិនិយោគដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើមហាជនងឿងឆ្ងល់មិនតិចទេថា តើតារារូបនេះបោះទុនរកស៊ីអ្វីបានជាប្រើដើមទុនធំសម្បើមម្លេះ? ប៉ុន្តែយ៉ាងណាចម្ងល់នេះត្រូវបានបកស្រាយនៅព្រឹកថ្ងៃទី១១ មករា ២០២០ ដោយតារារូបនេះបានប្រើដើមទុនវិនិយោគលើគម្រោងមីនីវីឡា ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ចំពោះព័ត៌មាននៃការបោះទុនដ៏ធំសម្បើមនាដើមឆ្នាំ២០២០នេះ លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា តាមពិតទៅគម្រោងវិនិយោគនេះពិតជាចំណាយជិត៣លានដុល្លារមែន ប៉ុន្តែជាការចាប់ដៃគ្នាវិនិយោគរវាងរូបលោក និងលោកឧកញ៉ា ម៉េន កានី ដោយរូបលោកផ្ទាល់មានទុន២៥ភាគរយ រីឯលោកឧកញ៉ា ម៉េន កានី មានដើមទុនធំរហូត៧៥ភាគរយ។

លោកឧកញ៉ា មេន កានី ប្រធានក្រុមហ៊ុន ជី អឹម ត្រេឌីង ក៏បានបញ្ជាក់ផងដែរថា រូបលោកពិតជាជឿជាក់ចំពោះការវិនិយោគរួមគ្នាជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ហើយគិតថា គម្រោង Style Mini Villa GM Residence Baseth នឹងទទួលបានជោគជ័យខ្ពស់ ដោយសារគម្រោងស្ថិតនៅលើទីតាំងល្អ ហើយប្រកបដោយសោភ័ណ្ឌភាពខ្ពស់៕B/