ដោយ:គង់ហេង/កំពង់ចាម ៖ បន្ទាប់ពីចុះពិនិត្យស្ថានភាព ផ្លូវតាមសំណើរបស់ប្រជាពលរដ្ឋនៅស្រុកបាធាយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបន្តដំណើរចុះបង្រ្កាបល្បែងស៊ីសងសង្វៀនមាន់ជល់ និងអាប៉ោង នៅជាប់តំបន់វាលស្រែប្រាំង ស្ថិតក្នុងភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០។
លោក មឿន ផា អភិបាលស្រុកកងមាសបានឲ្យកាសែតរស្មីកម្ពុជាដឹងនៅថ្ងៃទី ១១ មករាថា ទីតាំងសង្វៀនមាន់ជល់ និងអាប៉ោង ដែលលោកអភិបាលខេត្តដឹងនាំការបង្រ្កាបផ្ទាល់នៅចំណុចខាងលើនេះ គឺម្ចាស់សង្វៀនសង់ជាសង្វៀនចល័តរបៀបរោងការ ចំណាយពេលប្រហែលមួយម៉ោងអាចសង់ និងរុះដាក់ចូលរថយន្តគេចហើយ។ ដូច្នេះការបង្រ្កាបមិនចាប់បានមនុស្សជាអ្នកលេងល្បែងស៊ីសង និងក៏មិនបានរកឃើញវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសទេ គឺរកឃើញតែកាំភ្លើងកែច្នៃមួយដើម កប់ក្នុងគំនរចំបើងនៅក្បែរសង្វៀននោះ។
លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ទីតាំងដែលជនល្មើសមកពីភ្នំពេញលួចបើកប្រព្រឹត្តល្បែងស៊ីសងនេះ គឺជាទីតាំងឆ្លងទឹកព្រែករកាកោងពេលធ្វើដំណើរមកបង្រ្កាបពីខាងស្រុកកងមាស។ ប៉ុន្តែបច្ចុប្បន្នខាងលោកបានបង្កើតក្រុមចម្រុះ នៅប្រចាំការជំនួន ពីរ ភូមិ គឺភូមិគងជ័យ និងភូមិគោហ៊េនេះ។
លោកបានបន្តថា ព្រោះអ្នកបង្កើតសង្វៀនមាន់ជល់ និងវង់អាប៉ោង មកពីទីក្រុងភ្នំពេញ ហើយអ្នកលេងក៏មកពីភ្នំពេញ និងតាមមកពីខេត្តដទៃគឺ ពុំមែនជាប្រជាពលរដ្ឋរស់នៅតំបន់នោះមកលេងទេ។ ប៉ុន្តែពួកគាត់រស់នៅក្បែរសង្វៀនមាន់នោះ ជាអ្នករត់ម៉ូតូឌុបមួយថ្ងៃម្នាក់រកបានប្រាក់ចំនួន៣០ម៉ឺនរៀល៕B/