ដោយ:គូលែន/សៀមរាប ៖ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប មានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការតំឡើងអំពូលភ្លើងLED បំភ្លឺផ្លូវសាធារណៈនៅខេត្តសៀមរាប ចំនួន ៥០០អំពូល ក្នុងឆ្នាំ២០២០ រវាងរដ្ឋបាល ខេត្តសៀមរាប ជាមួយក្រុមហ៊ុន Minebea Mistumi ប្រទេសជប៉ុន។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការបំពាក់អំពូលបំភ្លឺផ្លូវLEDបង្កើតទីក្រុងឆ្លាត គឺមានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និង លោក TETSU SHIOZAKI អនុប្រធានក្រុមហ៊ុន Minebea Mistumi ។

លោក ពៅ ពិសិដ្ឋ បាននិយាយថា ក្នុងរយៈពេលកន្លងមកក្រុមហ៊ុនបាន ផ្តល់នូវអំពូលភ្លើងLED បំភ្លឺផ្លូវសាធារណៈនៅខេត្តសៀមរាប មានចំនួន១ពាន់៩៥០អំពូល ដែលបានកំពុងប្រតិបត្តិការ នៅលើដងផ្លូវសំខាន់ៗក្នុងខេត្ត តាមរយៈក្រុមហ៊ុន Minebea Mistumi ហើយក្នុងឆ្នាំ២០២០នេះ ក៏បានផ្តល់នូវចំនួន ៥០០អំពូល ក្នុងកិច្ចសហការរឹងមាំពីក្រុមហ៊ុន Minebea Mistumi សាលាខេត្តសៀមរាប និងធ្វើការដំឡើងអំពូលបំភ្លឺផ្លូវសាធារណៈបន្ថែមទៀត ទៅតាមផែនការដែលបានគ្រោងទុក ក្នុងក្រុងសៀមរាប ដើមី្បធានាបាននូវសុវត្ថិភាពចរាចរណ៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងសន្តិសុខទៀតផង ។

លោកក៏បានសម្តែងនូវអំណរគុណ ដល់ក្រុមហ៊ុន Minebea Mistumi ដែលបានធ្វើកិច្ចសហប្រតិបត្តិការបានល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងបម្រើនូវចក្ខុវិស័យនាពេលអនាគតរបស់ខេត្តសៀមរាប ក្នុងការលើកកម្ពស់ទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងស្អាត សុវត្ថិភាព ងាយស្រួលសម្រាប់អ្នករស់នៅ ដែលជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត តាមរយៈធ្វើឲ្យប្រសើរឡើង ក្នុងការឆ្ពោះទៅគោលដៅទីក្រុង វៃឆ្លាត ។

លោកបន្តទៀតថា តាមរយៈគម្រោងនេះដែរ ខេត្តក៏ធ្វើការកែលម្អនូវប្រព័ន្ធព័ត៌មានទេសចរណ៍ ឲ្យក្លាយជាទីក្រុងគោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ និង ការអនុវត្តសុវត្ថិភាពចរាចរណ៍ ដោយពង្រឹង និង ជួសជុលផ្លូវថ្នល់ ដំឡើងអំពូលបំភ្លឺផ្លូវ ព្រមទាំងយកចិត្ត ទុកដាក់លើការងារបរិស្ថាន ដោយប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធភាព ដូបអំពូលបំភ្លឺផ្លូវវៃឆ្លាត និង ការគ្រប់គ្រងកាកសំណល់តាមគ្រួសារ និង ឧស្សាហកម្ម ដោយធ្វើការណែនាំប្រព័ន្ធគ្រប់គ្រងកាកសំណល់វៃឆ្លាតផងដែរ ។

លោក TETSU SHIOZAKI បានបញ្ជាក់ថា កម្មវិធីនៃការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ជាមួយបណ្តាញឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ មានប្រសិទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ លោកបាន បញ្ជាក់ថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើពិភពលោក ដែលបណ្តាលមកពី កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយាកាស ដូច្នេះទើបត្រូវមានវិធានការជាច្រើនត្រូវបានលើកឡើង ដើម្បីកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោកក៏បានធ្វើការវាយតម្លៃខ្ពស់ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Minebea Mistumi និងរដ្ឋបាលខេត្តសៀមរាប បានដំណើរការទៅដោយរលូន ទាំងការបំពាក់អំពូល និង ការគ្រប់ គ្រងថាមពលក្នុងការបំភ្លឺជាដើម។ លោកបានបន្តទៀតថា ដោយបច្ចេកវិទ្យាទំនើប រាល់អំពូលភ្លើងដែលបានបំពាក់បំភ្លឺនៅតាមដង ផ្លូវក្នុងក្រុងសៀមរាប អាចគ្រប់គ្រង ដោយបណ្តាញឥតខ្សែជួយដល់ការបិទ បើកអំពូលបំភ្លឺផ្លូវកាន់តែមានភាពងាយស្រួល ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយនិងធ្វើការបំពាក់ ពង្រីកអំពូលបំភ្លឺផ្លូវ ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធិភាព នៅតាមតំបន់ផ្សេងៗ នាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុន Minebea Mistumi និង រដ្ឋាភិបាលជប៉ុន៕B/

   

រូបភាព: ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបំពាក់អំពូលបំភ្លឺផ្លូវLEDបង្កើតទីក្រុងឆ្លាត៕គូលែន