អ្នកចិញ្ចឹមទាបច្ចុប្បន្នអាចរកប្រាក់​ចំណូលបានត្រឹមទប់រួចមួយថ្ងៃៗ​

ដោយ:បូកគោ/កំពត ៖ កសិករបានត្អូញត្អែរថាការចិញ្ចឹមទាជាលក្ខណៈគ្រួសារទោះមានបរិមាណច្រើនក្បាលក្តីតែចំណូលបានត្រឹមទប់ទល់នឹងការចំណាយក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ជាបញ្ហា រួមមាន ការចិញ្ចឹមនៅខ្វះបច្ចេកទេស ចំណីឡើងថ្លៃ ឯតម្លៃពងទានៅថេរដដែល ជាពិសេសមន្ត្រីជំនាញមិនដែលអើពើ។

កសិករឈ្មោះទី សារឿន រស់នៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឺកឈូ ខេត្តកំពត បានរៀបរាបលថ គ្រួសាររបស់គាត់បានចាប់យករបរចិញ្ចឹមទាជាលក្ខណៈគ្រួសារ​រយៈពេល២០ឆ្នាំ មកហើយ។ ដំបូងឡើយ ការចិញ្ចឹមនេះមានទាត្រឹមតែ៣០០ក្បាលប៉ុណ្ណោះព្រោះមិនទាន់ចេះបទពិសោធន៍។ កសិករដដែលបានបន្តថាមកដល់បច្ចុប្បន្នគាត់ចិញ្ចឹមទាបានប្រមាណ២.០០០ក្បាលដែលអាចប្រមូលស៊ុតបានជាង១.៥០០គ្រាប់ក្នុងមួយថ្ងៃ។

ពងទាដែលប្រមូលបានគឺយកទៅលក់ដុំ និងរាយនៅផ្សារសាមគ្គីទីរួមខេត្តកំពតក្នុងតម្លៃ៣៨០ទៅ៤៥០រៀលក្នុងមួយគ្រាប់។ អ្នកចិញ្ចឹមទាទី សារឿនបានត្អូញត្អែរថាការចិញ្ចឹមទាមិនងាយស្រួលប៉ុន្មានទេ គឺទាមទារការយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានសុខភាព និងរបបអាហាររបស់សត្វទាជាប្រចាំ។ ប្រសិនបើធ្វេសប្រហែស សត្វទានឹងមានជំងឺដែលអាចងាប់នាំឱ្យខាតបង់ដើមទុន ហើយលោកក៏ធ្លាប់ខ្ចីលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាដោយសារតែរឿងនេះដែរ។

កសិករដដែលបានបញ្ជាក់ដែរថា រយៈពេលជាង២០ឆ្នាំនៃការចិញ្ចឹមទានេះមិនដែលមានមន្ត្រីជំនាញណាមកជួយណែនាំទេ គឺមានតែខាងក្រុមហ៊ុនចំណីសត្វប៉ុណ្ណោះ។ ទោះបីមិនមែនជាមន្ត្រីជំណាញក្នុងក្របខ័ណ្ឌរដ្ឋតែពួកគាត់បានមកបង្ហាត់បង្ហាញពីរបៀបថែទាំ មកជួយបាញ់ថ្នាំ និងរបៀបរបបនៃការសម្អាតទីលាន ក៏ដូចជាកន្លែងទាដេកជាដើម។ អ្នកចិញ្ចឹមទាបានបញ្ជាក់ឱ្យដឹងទៀតថាសត្វទាដែលពងបានល្អគឺចន្លោះពី៦ខែទៅ៨ខែ។ នៅពេលទាចាស់អាយុមួយឆ្នាំកន្លះឡើងចាំបាច់ត្រូវតែចាប់លក់ចេញ និងទិញពូជថ្មីចូល។ នេះជាបញ្ចៀសពីការខាតបង់ច្រើនព្រោះចំណីទាត្រូវចំណាយអស់ប្រមាណ៦០ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់សត្វទាប្រមាណ២.០០០ក្បាល។ ការចិញ្ចឹមទារបស់គាត់អាចទទួលប្រាក់ចំណេញពី៥ម៉ឺនរៀល ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ទ្រទ្រង់ជីវភាព ពោលគឺរបរចិញ្ចឹមទាជាលក្ខណៈគ្រួសារអាចរកបានត្រឹមតែទប់ទល់ប៉ុណ្ណោះ។

ពាក់ពា័ន្ធនឹងការលើកឡើងអំពីករណីគ្មានមន្ត្រីជំនាញយកចិត្តទុកដាក់ លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបំភ្លឺថាអាចអ្នកចិញ្ចឹមរូបនោះខ្វះការទំនាក់ទំនងជាមួយមន្ត្រីជំនាញ។ ធម្មតាការចិញ្ចឹមសត្វទ្រង់ទ្រាយធំចាំបាច់ត្រូវតែសុំច្បាប់អនុញ្ញាត។ គោលការណ៍នេះបំណងបញ្ចៀសរាល់បញ្ហាអវិជ្ជមានទាំងឡាយ ដូចជាការឆ្លងជំងឺជាដើម។

លោកប្រធានមន្ទីរបញ្ជាក់ថាតាមបណ្តាស្រុកនានា អ្នកចិញ្ចឹមសត្វតែងផ្តល់ព័ត៌មានដល់មន្ត្រីជំនាញដើម្បីបានចុះទៅចាក់ថ្នាំបង្ការ ឬបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗពេលជំងឺណាមួយផ្ទុះឡើង។ លោកចាន់ រិទ្ធបានបញ្ជាក់ទៀតថាក្នុងមួយស្រុកៗ មានមន្ត្រីពេទ្យសត្វតែម្នាក់ប៉ុណ្ណោះ។ ដូច្នេះបើខ្វះការទំនាក់ទំនងនោះនឹងអាចពិតជាដាច់ព័ត៌មានហើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...