ដោយៈគ្រញូង/បាត់ដំបង ៖ ក្រុមហ៊ុនបៃតង(កម្ពុជា)ភីអិលស៊ី ចេត្តបាត់ដំបងដែលមានលោកឧកញ៉ា ភួ ពុយ ជាប្រធានក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ២០១៩កន្លងទៅនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ខាងផ្គត់ផ្គង់អង្ករនាំចេញច្រើនជាងគេនៅប្រទេសកម្ពុជាទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក។

លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបសត់ដំបងនិជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបៃតងកម្ពុជាភីអិលស៊ីបានឱ្យដឹងថាក្រុមហ៊ុនរបស់លោកមានគ្រឿងចក្រទំនើប នាំចូលពីបរទេសអង្ករសម្រាប់នាំចេញទៅក្រៅប្រទេសដែលមានសមត្ថភាពផលិតក្នុងបរិមាណធំស្ថិតក្នុងខេត្តបាត់ដំបងដោយមានម៉ាស៊ីនសម្រាប់សង្ងួតស្រូវ ចាប់ផ្តើមផលិតកែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០មកទល់បច្ចុប្បន្នមានរយះពេល១០ឆ្នាំហើយ។ បើគិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញអង្ករ ទៅកាន់៣៤ប្រទេសនៅលើពិភពលោកដោយទទួលបាននូវការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជនជាដៃគូ។

ដោយឡែកលោកភួ វាសនាដែលជាកូនលោកឧកញ៉ាភួពុយនិងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងបានឱ្យដឹងថាក្រុមហ៊ុនបៃតងកម្ពុជាភីអិលស៊ីនេះគឺ ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះជាក់លាក់ក្នុងការរផលិតអង្ករនាំចេញ មានគុណភាពខ្ពស់ និងបរិមាណធំជាងគេនៅទូទាំងប្រទេសកម្ពុជាដោយផ្អែកលើមូលដ្ឋានផលិត រួមមាន ឡសម្ងួត ឃ្លាំងស្តុក បណ្តាញម៉ាស៉ីនកិនស្រូវ ម៉ាស៉ីនកែច្នៃអង្ករ ដែលមានលក្ខណៈស្តង់ដារ

លោកប្រធានសភាពាពិជ្ជកម្មខេត្តបានបន្តថា ចាប់តាំងពីឆ្នាំ២០០៨ មកក្រុមហ៊ុនបានបង្កើតសហគមន៍កសិករ (សហគមន៍បៃតង) នៅតាមបណ្ដាភូមិ ឃុំ ស្រុកក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។

តាមរយៈការបង្កើតសហគមន៍បៃតងនេះ សមាជិកសហគមន៍ទាំងអស់ ដែលជាប្រជា
កសិករនៅតាមមូលដ្ឋាន មានការពេញចិត្ត និងគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនបៃតងរបស់លោកឧកញ៉ា ភួ ពុយ បានជួយដោះស្រាយលើបញ្ហាសំខាន់ៗជាច្រើនពិសេសបញ្ហាទីផ្សារ និងធ្វើឱ្យតម្លៃស្រូវមានស្ថេរភាព។

លោកឧកញ៉ា ភួ ពុយ បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនបៃតង បានបង្កើតនូវទីផ្សារប្រមូលទិញស្រូវពីសមាជិកសហគមន៍មូលដ្ឋាន រក្សាបាននូវលំនឹងនៃតម្រូវការទីផ្សារស្រូវ ក៏ដូចជាតម្លៃល្អសមរម្យសម្រាប់ប្រជាកសិករអាចទទួលយកបាន។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះក្រុមហ៊ុនបៃតងកម្ពុជាទទួលបាននូវពានរង្វាន់ «អ្នកផលិតស្រូវ-អង្ករ ឆ្នើមបំផុត» ហើយក្នុងឆ្នាំ២០១៨ដដែលនោះ ក្រុមហ៊ុនក៏ទទួលបានចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករនាំចេញច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ៕B/