ដោយបូកគោ/កំពត៖រថយន្តទេសចរណ៍ដឹកភ្ញៀវបរទេសចម្រុះជាតិសាសន៍ជិត៣០នាក់បានជ្រុលធ្លាក់ក្នុងប្រឡាយរួចក្រឡាប់បង្កការផ្អើលឆោឡាទាំងព្រឹកព្រលឹមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិព្រៃឃ្មុំឃុំព្រៃឃ្មុំស្រុកទឹកឈូ។
លោកឧត្តមសេនីយ៍ត្រីងឹមវ៉េតស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថាកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹកថ្ងៃទី១១ ខែមករា លោកបានទទួលសេចក្តីរាយការណ៍អំពីករណីរថយន្តទេសចរណ៍ក្រឡាប់តាមបណ្តោយផ្លូវជាតិលេខ៣ក្នុងឃុំព្រៃឃ្មុំស្រុកទឹកឈូ។
លោកឧត្តមសេនីយ៍បន្តថាភ្លាមៗលោកបានដឹកនាំកម្លាំងមកកាន់គោលដៅក៏ឃើញអ្នកដំណើរជាភ្ញៀវបរទេស២៧នាក់និងខ្មែរបួននាក់។ក្នុងចំណោមនោះជនបរទេសពីប្រាំមួយទៅប្រាំពីរនាក់បានរងរបួសក្នុងកម្រិតស្រាលដោយរលាត់ដៃជើងមុខមាត់ទើបរថយន្តដឹកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថាភ្ញៀវទាំងនេះស្ថិតក្នុងដំណើរមកពីខេត្តសៀមរាបឆ្ពោះទៅកាន់ខេត្តព្រះសីហនុដោយឆ្លងកាត់ទឹកដីខេត្តកំពត។ជាបឋមសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានថាករណីនេះកើតឡើងដោយសារកត្តាអ្វីនោះទេ។មន្ត្រីជំនាញកំពុងតាមដានបន្តទៀត។
ដោយឡែកតាមការប្រាប់ឱ្យដឹងពីអ្នកភូមិថាមុនពេលកើតហេតុគេឃើញរថយន្តប្រភេទទេសចរណ៍នេះបើកមកពីទិសខាងជើងតម្រង់ចូលក្រុងកំពត។មិនដឹងជាមានហេតុការណ៍អ្វីតែអាចអ្នកបើកបរងងុយដេកទើបរថយន្តរេចង្កូតទៅផ្នែកខាងលិចរួចក្រឡាប់ធ្លាក់ចូលប្រឡាយតែម្តង។
ប្រភពដដែលបានបញ្ជាក់ថាភ្លាមៗស្នូរសំឡេងស្រែកចេញពីរថយន្តយ៉ាងទ្រហឹងគួរឱ្យអាណោចអាធមបំផុតទើបអ្នកភូមិនាំគ្នាចូលទៅលើកចេញទាំងខ្លួនប្រាណទទឹក និងប្រឡាក់ដោយភក់គ្រប់ៗគ្នា។ ក្នុងចំណោមនោះនារីបរទេសម្នាក់បានបាក់ដៃនិងមានសភាពឈឺចុកចាប់គួរឱ្យអាណិតជាពន់ពេក៕S/