ដោយៈសុផល/ ភ្នំពេញៈតាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុនយុវជនកម្ពុជាចំនួន២៥រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២១ខែមករាឆ្នាំ២០២០ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិតនិងយុវជនរវាងប្រទេសជប៉ុននិងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។
អ្នកចូលរួមទាំងអស់ត្រូវបានជ្រើសរើសដោយវគ្គជម្រុះដំបូងក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប ៤៨៨រូប ស្មើនឹង១២២ក្រុម និងវគ្គប្រកួតផ្តាច់ព្រ័ត្រ មានបេក្ខជន សរុបចំនួន៤៨រូប ស្មើនឹង១២ក្រុម ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ «ស្រុកកំណើតខ្ញុំ» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
និស្សិតចូលរួមនឹងទៅទស្សនកិច្ចនៅខេត្តតុគឹស៊ីម៉ាដែលជាខេត្តម្ចាស់ផ្ទះទទួលក្រុមកីឡាករជម្រើសជាតិកម្ពុជាចូលរួមការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកតូក្យូ២០២០និងមានរបាំប្រពៃណីដ៏ល្បីប្រចាំតំបន់គឺអាវ៉ាអូដូរី។កំឡុងពេលទស្សនកិច្ចនៅតុគឹស៊ីម៉ាពួកគាត់នឹងសាកល្បងរាំរបាំអាវ៉ាអូដូរីនិងចូលរួមកម្មវិធីផ្លាស់ប្តូរជាមួយនឹងនិស្សិតសាកលវិទ្យាល័យនៅទីនោះ។ពួកគាត់ក៏នឹងចូលជួបសម្តែងការគួរសមជាមួយនឹងអភិបាលខេត្តតុគឹស៊ីម៉ាព្រមទាំងទទួលយកបទពិសោធន៍ស្នាក់នៅផ្ទះជនជាតិជប៉ុន និងវប្បធម៌ជប៉ុនផងដែរ។
សូមជម្រាបថាកម្មវិធីJENESYSមានគោលបំណងជុំរុញការយល់ដឹងនិងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុននិងបណ្តាប្រទេសចូលរួមនិងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពនាពេលអនាគត។តាមរយៈកម្មវិធីនេះក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២១០០នាក់ហើយតាំងពីឆ្នាំ២០០៧មក។
តាមរយៈកម្មវិធីនេះអ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀតព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាបន្ទាប់ពីវិលត្រលប់មកវិញ៕S/
ចំណងជើងរូបថត៖ គិតពីថ្ងៃ៧ដល់១០មករា លក់ផ្លាកលេខពិសេសបានជាង១០០ និងចំណូលប្រមាណ១លានដុល្លារ