ដោយសុផល/ភ្នំពេញៈក្នុងខែធ្នូឆ្នាំ២០១៩មូលនិធិគន្ធបុប្ផាកម្ពុជាដែលជាមូលនិធិផ្លូវការបង្កើតឡើងដោយរាជរដ្ឋាភិបាល។ក្នុងគោលដៅចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងបានទទួលថវិកាបរិច្ចាគសរុបចំនួន៣៩៣.៤៤៤.៩០០រៀលនិង១៧៦.៤៩៨ដុល្លារ។
ថវិកាទាំងអស់បានពីសប្បុរសជនចំនួន៦.៨៦៧រូបក្នុងនោះរួមមានសមាជិកកិត្តិយសចំនួន១៧រូប,សមាជិកគាំទ្រចំនួន៤.៧៨៦រូប,និងសប្បុរសជនផ្សេងៗចំនួន២.០៦៤រូប។មូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រនិងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់និងផ្ដល់ការគាំពារផ្នែកថែទាំសុខភាពកុមារប្រកបដោយគុណភាពនិងមិនគិតថ្លៃដោយមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមកនិងនៅពេលអនាគត ។
មូលនិធិសូមលើកទឹកចិត្តដល់សាធារណជនព្រមទាំងស្ថាប័នរដ្ឋនិងឯកជននានាឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០.០០០.០០០រៀល/៥.០០០ដុល្លារក្នុងមួយឆ្នាំឬជាសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥.០០០រៀល ក្នុងមួយខែ/៦០.០០០រៀលក្នុងមួយឆ្នាំ៕S/