ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​បន្ទាប់ពី​ផ្អាក​ការរួបរួម​គ្នា​សមាជិក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ញឹក​ប៊ុនឆៃ​ជា​បន្តបន្ទាប់​។ ការ​មក​ចូល​ល​រួម​នេះ​បាន​ធ្វើឡើង​នៅពេលដែល​លោក​ញឹក​ប៊ុនឆៃ​បាន​ចុះ​មូលដ្ឋាន​ជួប​សមាជិក​ខ្លួន​នៅ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០​។​

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា​ថា​មាន​សមាជិក​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយចំនួន​បានមក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​ការ​មក​ចូលរួម​នេះ​គឺ​ខណៈពេលដែល​លោក​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​។

​លោក​បាន​បញ្ជាក់ថា “​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មក​ចូលរួម​មានដូចជា នៅ​ខេត្តកំពង់ធំ ខេត្តសៀមរាប មាន​ចំនួន​២៣​នាក់ និង​មកពី​ខេត្តកំពង់ចាម ចំនួន​១៣​នាក់​គឺមាន​តួនាទី​ជា​មេបក្ស​ខេត្ត និង​ស្រុក​ហើយ​នៅមាន​ជា​បន្តបន្ទាប់​ទៀត​”​។​លោក​ញឹក​ប៊ុនឆៃ​បានចាប់ផ្តើម​បេសកកម្ម​ចុះ​ជួប​សមាជិក​របស់ខ្លួន​នៅតាម​មូលដ្ឋាន​ទាំង​២៥​រាជធានី​ខេត្ត​។​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​និង​សាកសួរ​សុខទុក្ខ​សមាជិក​ជាពិសេស​ជម្រាប​អំពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ បេសកកម្ម​នេះ គឺ​ចាប់ពី​ថ្ងៃទី​១១ ខែមករា រហូត​ទៅដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​។​

លោក​បាន​បញ្ជាក់ថា​ការចុះ​មូលដ្ឋាន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គឺ​ដើម្បី​សួរសុខទុក្ខ​ថ្នាក់ដឹកនាំ​នៅ​មូលដ្ឋាន​ភូមិ​,​ឃុំ​,​ស្រុក​,​ខេត្ត​និង​ជម្រាប​អំពី​ស្ថានការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ ។​រួមទាំង​អំពី​គោលការណ៍​នៃ​ការបង្រួបបង្រួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលមាន​ការយឺតយ៉ាវ​ដែល​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់​ដំណើរការ​នៅឡើយ​។​ខាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ជម្រុញឱ្យមាន​ការបង្រួបបង្រួម​ឱ្យបាន​លឿន​ពីព្រោះ​ការរួបរួម​រង់ចាំ​អស់​ពេល​ពីរ​បី​ខែ​មកហើយ​។​

មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​បញ្ជាក់ថា​“​ការបង្រួបបង្រួម​បាន​ឬ​មិនបាន​គឺ​អាស្រ័យ​លើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ការទាក់ទង​គ្នា​ជាថ្មី​នៅឡើយ​ទេ សង្ឃឹមថា រួបរួមគ្នា​បានតែ​មិនដឹង​ពេលណា​”​។​លោក​បាន​បន្តថា​ចំពោះ​ការចុះ​មូលដ្ឋាន​ជួប​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គឺ​ចាប់ពី​ថ្ងៃទី​១១​ខែមករា​តទៅ​។​

​នៅ​ថ្ងៃទី​១១​ខែមករា​លោក​ចុះទៅ​ខេត្តកំពង់ធំ​ពេលព្រឹក​និង​ខេត្តសៀមរាប​ពេល​រសៀល​។​នៅ​ថ្ងៃទី​១២​ខែមករា​ចុះទៅ​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ចុះទៅ​ខេត្តកំពង់ស្ពឺ​និង​ពេល​រសៀល​ចុះទៅ​ខេត្តតាកែវ​។​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមករា​ចុះទៅ​ខេត្តព្រៃវែង​និង​នៅពេល​រសៀល​ចុះទៅ​ខេត្តស្វាយរៀង​។​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ចុះទៅ​ខេត្តកំពង់ឆ្នាំង​និង​នៅពេល​រសៀល​ចុះទៅ​ខេត្តពោធិសាត់​។​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមករា​ចុះទៅ​ខេត្តបាត់ដំបង​និង​នៅពេល​រសៀល​ចុះទៅ​ខេត្ត​ប៉ៃលិន​។​

លោក​ញឹក​ប៊ុនឆៃ​បាន​បន្តទៀតថា​ចំណែក​នៅ​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ចុះទៅ​ខេត្តក្រចេះ​។​នៅ​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​ចុះទៅ​ខេត្ត​រតនគីរី​។​នៅ​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ​ចុះទៅ​ខេត្ត​ប៉ៃលិន​។​នៅ​ថ្ងៃទី​៨​ខែកុម្ភៈ​ចុះទៅ​ខេត្តកោះកុង​។​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកុម្ភៈ​ចុះទៅ​ខេត្ត​ព្រះសីហនុ​និង​នៅពេល​រសៀល​ចុះទៅ​ខេត្តកំពត​។​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ចុះទៅ​ខេត្ត​ត្បូងឃ្មុំ និង​ពេល​រសៀល​ចុះទៅ​ខេត្តកំពង់ចាម​។ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ចុះទៅ​ខេត្តកណ្តាល និង​ពេល​រសៀល​នៅ​រាជធានី​ភ្នំពេញ​៕S/

​រូប​ថ​តៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជួប​ជាមួយ​សមាជិក​