ដោយៈ បាយ៉ង់
ភ្នំពេញៈ អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូលកាលទី២ នឹងចាប់ដំណើរការវាយដណ្ដើមខ្សែក្រវាត់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅក្នុង ខេត្តកំពង់ចាមនាពេលខាងមុខដែលមានកីឡាករខ្មែរចំនួន១៦នាក់ចូលរួមជាប្រភេទទម្ងន់៥៧គីឡូក្រាម។ កម្មវិធីនេះអ្នកឈ្នះលេខ១ទទួលបានប្រាក់រង្វាន់កន្លះ ម៉ឺនដុល្លារ និងខ្សែក្រវាត់មួយរួមទាំងលិខិតបញ្ជាក់។
នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ទូរទស្សន៍ស៊ីអ៊ិនស៊ីសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ និងក្រុមហ៊ុនភេជ្ជៈគោជល់ បានធ្វើសន្និសីទកាសែតរួមគ្នាបើក ការប្រកួត រដូវកាលទី២ នៃអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត រដូលកាលទី២។ កីឡាករជើងឯកថ្មីក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះនឹងទទួលបានប្រាក់រង្វាន់ចំនួន៥០០០ដុល្លារអាម៉េរិកខ្សែក្រវាត់មួយ និងពានរង្វាន់មួយ។ ចំណែកលេខ២ ទទួលបាន ប្រាក់រង្វាន់ចំនួន២០០០ដុល្លារ និងពានរង្វាន់មួយ។ កាលពីរដូវកាលទី១ អ្នកឈ្នះ លេខ១ទទួលបានប្រាក់រង្វាត់ត្រឹមតែ៣០០០ដុល្លារ ខ្សែក្រវាត់១ ពានរង្វាន់១និង លេខ២ទទួលបានតែ១០០០ដុល្លារតែប៉ុណ្ណោះ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក តែម ម៉ឺន បានបញ្ជាក់ថា ចំពោះមន្ត្រី បច្ចេកទេស អាជ្ញាកណ្តាល អ្នកដាក់ពិន្ទុ (ចៅក្រម) ដើម្បីធ្វើឱ្យទស្សនិជនមាន ជំនឿជឿជាក់ តើសហព័ន្ធត្រូវធ្វើអ្វីខ្លះ និងដើម្បីឱ្យកីឡាករទទួលស្គាល់លទ្ធផលល្អ នៃការប្រកួត ? ដើម្បីស្រាយចម្ងល់នេះ ប្រធានសហព័ន្ធបានបញ្ជាក់ថា យើងជា មន្ត្រីត្រូវកំណត់ និងយល់ឱ្យច្បាស់ពីចំណុចសំខាន់ៗមួយចំនួនដូចជា ទី១.ត្រូវមាន ស្មារតីស្មោះត្រង់ សុក្រិត្យ យុត្តិធម៌ ខ្ពស់បំផុត។ ទី២.ត្រូវមានសមត្ថភាព ក្នុងការផ្តល់ ពិន្ទុ ត្រូវធ្វើជាអាជ្ញាកណ្តាលល្អ។ ទី៣.ត្រូវយល់ឱ្យច្បាស់ពីបទបញ្ជាពីការគ្រប់គ្រង នៃការប្រកួត។ ទី៤.ឈរលើជំហរស្មោះត្រង់មិនថា កីឡាករកម្ពុជាឬបរទេសនោះទេ អ្នកណាឈ្នះគឺត្រូវតែកំណត់ឱ្យឈ្នះ នេះគឺជាភាព «យុត្តិធម៌» ដែលសហព័ន្ធ ចង់បាន។
ចំពោះប្អូនៗជាកីឡាករ នៅពេលបានឡើងសម្ដែងក្បាច់គុនបុរាណខ្មែរនៅ ស៊ីអ៊ិនស៊ី លោក តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ សុំឱ្យប្អូនៗប្រកួតអស់ពីកម្លាំងកាយចិត្ត គឺមានចិត្តមោះមុតក្លាហាន។ ការប្រកួតអស់ពីសមត្ថភាពនេះ គឺជាការឆ្លើយតបរបស់ មហាជន សហព័ន្ធកីឡា និងម្ចាស់ឧបត្ថម្ភ ចង់បាន។
លោក ហួរ រតនៈ ប្រធានទីផ្សារ និងជាតំណាង អគ្គនាយកស្ថានីយ៍ទូរទស្សន៍ ស៊ីអ៊ិនស៊ី បានឱ្យដឹងថា យើងបានរួមដំណើរជាមួយគ្នាជាបន្តទៀត ហើយនៅ ឆ្នាំ២០២០ នេះ ដែលស្ថានីយ៍ទូរទស្សន៍ CNC និងក្រុមហ៊ុនគោជល់ ក្រោមការសហការពី សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានបង្កើតកម្មវិធីប្រកួតជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមក្នុងដំណើរឆ្ពោះទៅកាន់ ខេត្តបាត់ដំបង និង ខេត្តកំពង់ចាម ដែលមាន កីឡាករគុនខ្មែរ ចូលរួមចំនួន១៦នាក់ ប្រកួតលើរូបមន្តចាញ់ធ្លាក់ៗ។
លោកបន្តថា ខ្ញុំបាទមានជំនឿចិត្តថា កម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះ ទៅតាមខេត្តរដូវកាលទី២ នេះនឹងកាន់តែមានភាពកក្រើកគួរជាទីចាប់អារម្មណ៍ ថែមទៀតនិងកាន់តែប្លែកជាងពេលមុនៗ នឹងមិនធ្វើឱ្យអ្នកទស្សនាខកបំណងឡើយ។
នាយកចាត់ការទូទៅភេសជ្ជៈគោជល់ លោក មាន សំអុល ប្រចាំកម្ពុជា បានឱ្យដឹងថា យើងបានស្វែងរក និងជ្រើសរើសនូវកីឡាករវ័យក្មេងតាមខេត្ត ដែលមានទឹកចិត្តក្លៀវ ក្លានិងមោះមុតចំនួន១៦នាក់ ដើម្បីធ្វើការប្រកួតជម្រុះដោយចាប់ផ្ដើមដំបូងចេញពី ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយជាបន្តបន្ទាប់ទៀតការប្រកួត នឹងបន្តធ្វើនៅ ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ចំណែកការប្រកួត វគ្គ៨នាក់ចុងក្រោយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ពោលគឺនៅសង្វៀនស៊ីអ៊ិនស៊ី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ម្ចាស់ជើងឯករដូវកាលទី១ បានទៅលើកីឡាករ ចិត្ត សុភី មកពី ខេត្ត បន្ទាយមានជ័យ ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដោយធ្វើការប្រកួតជម្រុះចាញ់ ធ្លាក់ៗ។ ដូច្នេះចាំមើលថា តើរដូវកាលទី២នេះកីឡាករមកពីខេត្តណាជាម្ចាស់ជើង ឯកប្រាក់រង្វាន់៥០០០ដុល្លារនិងខ្សែក្រវាត់មួយនេះ ? ៕