រៀបរាប់​ដោយ អែម ផាន ប្អូនស្រី​របស់ អែម ផល​
​បងស្រី​របស់ខ្ញុំ ស្រស់ស្អាត​ណាស់ ហើយ​គាត់​មាន​រាង​ខ្ពស់ស្រឡះ​ជាងគេ​ក្នុងចំណោម​កូនស្រី​ទាំង​បួន​នាក់​នៅក្នុង​គ្រួសារ​។ ក្នុងចំណោម​កូន​ទាំង​៦​នាក់ ម្តាយ​របស់ខ្ញុំ​ស្រឡាញ់​បងស្រី​របស់ខ្ញុំ​ខ្លាំងជាងគេ ហើយ​តែងតែ​យក ផល តាម​ទៅជា​មួយ​នៅពេល​ម្តាយ​របស់ខ្ញុំ​ទៅណា​មក​ណា​។

​កាល​នៅ​ពី​ក្មេង ផល បាន​សិក្សា​នៅ​សាលាបឋមសិក្សា​រការ​កោង និង​ជា​អ្នកលេង​បាល់ទះ​។ ផល បាន​ឈប់រៀន​ត្រឹម​អនុវិទ្យាល័យ ហើយ​ផ្លាស់​ទៅ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្នុងអំឡុង​ឆ្នាំ​១៩៧០ ជាមួយ​បងប្រុស​ឈ្មោះ​របស់ខ្ញុំ​ឈ្មោះ ភួង​។ ភួង បាន​ឲ្យ​លុយ​មួយចំនួន​ទៅ ផល ហើយ​ផ្តល់​ការងារ​ជា​លេខាធិការ​ផ្នែក​ភាសា​បារាំង​នៅក្នុង​បន្ទាយ​ទាហាន​នៃ​ក្រសួងការពារជាតិ​។

​នៅពេល​កំពុង​រៀន​នៅក្នុង​វត្ត​ដំរី​ស ផល បានចាប់ផ្តើម​ស្គាល់គ្នា​ជាមួយ សារ សុន ដែល​បាន​ស្រឡាញ់ ផល​។ បន្ទាប់មក ផល និង សុន បាន​ស្រឡាញ់គ្នា​ទៅវិញទៅមក​។ សុន បាន​សិក្សា​អំពី​បច្ចេកទេស​កុន​នៅឯ​ប្រទេស​បារាំង​អស់​រយៈពេល​២​ឆ្នាំ ហើយ​ទន្ទឹមគ្នា​នោះ សុន បាន​សរសេរ​សំបុត្រ និង​ថែមទាំង​ផ្ញើ​អំណោយ​ឲ្យ​ទៅ ផល ដែរ​។

​សុន បានបញ្ចប់​ការសិក្សា​នៅក្នុង​ឆ្នាំ​១៩៧២ បន្ទាប់មក​គាត់​ក៏​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ សុន និង ផល បាន​ត្រឡប់មក​រស់នៅ​និង​ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​រៀបការ​រួច​។ ផល ទទួលបាន​ការងារ ខណៈពេលដែល សុន ធ្វើជា​អ្នក​ថតរូប​សម្រាប់​កម្ម​វិធី​ព័ត៌មាន​ទូរទស្សន៍​នៅក្នុង​ក្រសួង​ឃោសនាការ​ភ្នំពេញ​។

​សុន បាន​ទំនាក់ទំនង​ជាសម្ងាត់​ជាមួយ​ខ្មែរក្រហម​នៅក្នុង​ឆ្នាំ​១៩៧៤​។ សុន ត្រូវបាន​ចាប់ខ្លួន​និង​ដាក់គុក​នៅក្នុង​គុក​នយោបាយ​ដោយសារតែ​គាត់​បាន​ក្បត់​ទៅនឹង​របប លន់ នល់​។ ការឃុំ​ឃាំង​ខ្លួន​របស់ សុន ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​កាសែត​។ នៅពេលដែល សុន ចាប់ផ្តើម​ទាក់ទង​ជាមួយនឹង​ក្រុម​កុ​ម្មុយ​នី​ស ផល ក៏បាន​ដឹង​រឿង​ទាំងអស់​នេះដែរ​។ ជារឿយៗ ផល និង​ខ្ញុំ បាន​ទៅសួរសុខទុក្ខ សុន នៅក្នុង​គុក ជា​កន្លែង​ដែល សុន គ្មានអ្វី​ហូប​គ្រប់គ្រាន់ និង​គ្មាន​កន្លែង​សម្រាក​ត្រឹមត្រូវ​ឡើយ​។ សុន គឺជា​ជាងកាត់សក់​នៅក្នុង​គុក​។

​នៅពេលដែល​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ សុន ត្រូវបាន​ដោះលែង​។ យើងទាំងអស់គ្នា​ធ្វើដំណើរ​ជាមួយគ្នា និង​ទៅកាន់​ទិសដៅ​តែមួយ គឺ​ត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់​យើង​វិញ​។ នៅតាម​ផ្លូវ ខ្មែរក្រហម​បន្ត​សួរ​សំណួរ​អំពី​ជីវប្រវត្តិ​របស់​យើង ហើយ​បងប្អូន​របស់ខ្ញុំ​៥​នាក់ បាន​ប្រាប់​ការពិត​ដល់​ខ្មែរក្រហម​។ ប្តី​របស់ខ្ញុំ និង​ខ្ញុំ​មានគំនិត​មួយ​ថា​យើង​ត្រូវតែ​កុហក​ដល់​ខ្មែរក្រហម​ដើម្បី​រស់​។ ដូច្នេះ ប្តី​របស់ខ្ញុំ​បាន​ប្រាប់​ខ្មែរក្រហម​ថា គាត់​គឺជា​អ្នកធាក់ស៊ីក្លូ​។ ជា​រៀងរាល់​យប់ យោធា​ខ្មែរក្រហម បានមក​សួរ​អំពី​ប្រវត្តិ​របស់ខ្ញុំ តែ​ខ្ញុំ​មិនបាន​ប្រាប់​ការពិត​ដល់​ពួកគេ​នោះទេ​។

​រយៈពេល​ប្រហែល​៣​ទៅ​៤​ខែក្រោយ​មក សុន ត្រូវបាន​ចាប់ខ្លួន​។ មុនពេល សុន ត្រូវបាន​ចាប់ខ្លួន ខ្មែរក្រហម​បាន​និយាយថា ពួកគេ​ចង់​ឲ្យ សុន វិលត្រឡប់​ទៅធ្វើ​ការងារ​ដូច​ពីមុន​នៅឯ​ទីក្រុង​ភ្នំពេញ​វិញ​។ ដោយ​មិន​បានដឹង​ទាល់តែសោះ​ថា​ខ្មែរក្រហម​និយាយ​កុហក សុន បាន​ប្រាប់ ផល ឲ្យ​រង់ចាំ​គាត់​នៅឯ​រការ​កោង​។ ក្រោយមក សុន ក៏បាន​បាត់​ខ្លួន​។

​ក្រោយមក អង្គការ​បាន​ហៅ ផល និង​កូនប្រុស​ទៅ​ភ្នំពេញ​។ យោធា​ខ្មែរក្រហម​បាន​និយាយថា ពួកគេ​ចង់​នាំ ផល ទៅ​ជួប សុន ហើយ​ក្រោយមក ផល មិនដែល​ត្រឡប់មកវិញ​ឡើយ​។ បងប្អូន​ខ្ញុំ​៣​នាក់ ប្តី ប្រពន្ធ និង​កូន​របស់​ពួកគេ ត្រូវបាន​អង្គការ​ចាប់ខ្លួន​ដោយសារ​តែមាន​ទំនាក់ទំនង​ជាមួយនឹង ផល​។

​អែម ភួង គឺជា​បងស្រី​ច្បង​បង្អស់​របស់​យើង ដែលមាន​ប្តី​ជា​ប៉ូលីស ក៏​ត្រូវបាន​នាំយកទៅ​សម្លាប់​ជាមួយនឹង​ក្រុមគ្រួសារ​នៅពេលដែល​ជម្លៀស​ទៅ​ខេត្តព្រៃវែង​ដែរ​។ ផល្លា ប្អូនស្រី​របស់​យើង និង​ក្រុមគ្រួសារ​បាន​ស្លាប់​នៅក្នុង​ខេត្តពោធិ៍សាត់ ដោយសារតែ​អត់​អាហារ​។ សា​មុន ប្អូនប្រុស​ពៅ និង​ជា​អតីត​ទាហាន លន់ នល់ ក៏​ត្រូវបាន​អង្គការ​សម្លាប់​ដែរ​។

​ប្អូនប្រុស​ម្នាក់ទៀត​រប​ស់​ខ្ញុំ​ឈ្មោះ អែម សាមុត ត្រូវ​ខ្មែរក្រហម​ឲ្យ​ចូល​ធ្វើជា​យោធា​នៅក្នុង​ឆ្នាំ​១៩៧៣​។ ខ្មែរក្រហម​បាន​ចាប់ខ្លួន សាមុត នៅពេល​រត់​ទៅកាន់​ទីក្រុង​ភ្នំពេញ ហើយ​ដាក់​នៅក្នុង​គុក​ដំរី​ស​អស់​រយៈពេល​៣​ថ្ងៃមុន​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ខ្មែរក្រហម​បានសម្លាប់ សាមុត នៅឯ​កោះ​រកា​កោង​។ នៅសល់តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រានមានជីវិត​នៅក្នុង​ចំណោម​បងប្អូន​របស់ខ្ញុំ​ទាំងអស់​។

​នៅក្នុង​ឆ្នាំ​១៩៨០ ប្រធានភូមិ​របស់​យើង បានធ្វើ​ដំណើរ​ទៅកាន់​គុក​ទួលស្លែង​នៅ​ទីក្រុង​ភ្នំពេញ​។ នៅពេលដែល​ត្រឡប់មកវិញ គាត់​និយាយថា គាត់​បានឃើញ​រូបថត​របស់ ផល នៅ​ទីនោះ​ដោយមាន​ស្លាក​សញ្ញា​មួយ​សរសេរថា «​ស្ត្រី​នៅក្នុង​ឃុំរ​ការ​កោង​១»​។ ប៉ុន្តែ ប្រធានភូមិ​មិនបាន​ឃើញ​រូបថត​បងថ្លៃ​របស់ខ្ញុំ​ឈ្មោះ សា សុន នោះទេ​។ ម្តាយ​របស់ខ្ញុំ​ក៏បាន​ទៅ​ទស្សនា​គុក​ទួលស្លែង​ដែរ ហើយ​នៅពេលដែល​យើង​ត្រឡប់មកផ្ទះ​វិញ ម្តាយ​របស់ខ្ញុំ​សម្រាន្ត​មិន​លក់ និង​បាន​ធ្លាក់ខ្លួន​ឈឺ​។ ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​នៅក្នុង​ឆ្នាំ​១៩៨៣ ព្រោះ​គាត់​នឹករឭក​ដល់ ផល ខ្លាំងពេក​។

​អែម ផល និង សារ សុន ត្រូវបាន​សម្លាប់​នៅក្នុង​គុក​ទួលស្លែង​។ ប្រវត្តិរូប​និង​ចម្លើយសារភាព​របស់ សា សុន បាន​បញ្ជាក់ថា គាត់​ធ្លាប់​ធ្វើជា​អ្នក​ផលិត​ខ្សែភាពយន្ត​នៅក្នុង​ក្រសួង​ឃោសនាការ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៧៥ និង​បញ្ជូនមក​គុក​ទួលស្លែង​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​១៩៧៦​។ នៅ​ទំព័រ​ចុងក្រោយ​នៃ​ចម្លើយសារភាព​របស់ សុន បាន​ចុះ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​១៩៧៦​។

​អែម ផល ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៧៥​។ ឌុ​ច ដែលជា​ប្រធាន​គុក​ទួលស្លែង បាន​សរសេរ​នៅលើ​ចម្លើយសារភាព​របស់ ផល ថា «​សួររក​ចម្លើយ​ពិត និង​អាសយដ្ឋាន​បច្ចុប្បន្ន ដើម្បី​ចាប់ខ្លួន​មនុស្ស​ណា​ដែល​ខ្មាំង​បាន​ឆ្លើយ​ដាក់​»៕ ល​