ដោយ: ម៉េងឆៃ / ភ្នំពេញ: កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ ប្រតិបត្តិការរុករកជនរងគ្រោះ នៅគំនរអគារបាក់រលំ នៅខេត្តកែប ត្រូវបានបិទបញ្ចប់ បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រតិបត្តិការកាយគំនរអគារបាក់រលំ ចាប់តាំងពីថ្ងៃទី០៣ ខែមករា។ តួលេខចុងក្រោយ មានជនរងគ្រោះ ស្លាប់ ៣៦ នាក់ និងរងរបួស ២៣ នាក់។ ចំពោះហេតុ ការណ៍នេះ បណ្តាស្ថានទូតមួយចំនួន ប្រចាំនៅកម្ពុជា រួមមាន ស្ថានទូតអាមេរិក ចិន អូស្ត្រាលី និងអង្គការសហប្រជាជាតិ ជាដើម បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនគ្រួសារជន រងគ្រោះ ផងដែរ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅកម្ពុជា នៅថ្ងៃទី០៧ ខែមករា បានរៀបចំធ្វើមហាមិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២០ ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលេចនូវសារនយោបាយជាច្រើន ក្នុងនោះ «អរគុណ សន្តិភាព» គឺជាសារនយោបាយសំខាន់ជាងគេ។ សំខាន់ជាងគេ ត្បិតសន្តិភាពនេះហើយ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជូនជនរួមជាតិថា «មានសន្តិភាព គឺមានអ្វីៗទាំងអស់»។
ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី។
នៅដើមសប្តាហ៍នេះ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សនយោបាយថ្មីមួយ ឈ្មោះ គណបក្សខ្មែរស្រឡាញ់ជាតិ។ នេះជារបត់ថ្មីមួយទៀតនៃវិថីនយោបាយរបស់ក្រុមអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បន្ទាប់ពីបានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែមករា បានដាក់ឲ្យដំណើរការជាផ្លូវការលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត។ ផ្លាកលេខពិសេសនេះ គឺម្ចាស់យានយន្ត អាចកំណត់អក្សរ ឬលេខ ទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកស្លាកលេខនេះ ទុកប្រើប្រាស់ពេញមួយជីវិតផងដែរ។ ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ពី ប្រាំលានរៀល រហូតដល់ ១.០០០ លានរៀល ហើយក៏ទទួលបាននូវការគាំទ្រ និងការរិះគន់ផងដែរ។
កាលពីថ្ងៃទី៨ ខែមករា អ្នកនាំពាក្យក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញថ្លែងការណ៍ផ្ទាល់មាត់ ជុំវិញសភាពការណ៍ដ៏តានតឹងនៅមជ្ឈឹមបូព៌ា រវាងអាមេរិក និងអ៊ីរ៉ង់។ កម្ពុជា បានបង្ហាញក្ដីបារម្ភ និងអំពាវនាវឲ្យគូជម្លោះ បន្ថយការប្រឈមមុខដាក់គ្នាហើយឈានទៅបើកកិច្ចចរចា។
នៅក្នុងសប្តាហ៍នេះ ធនាគារជាតិនៃកម្ពុជា បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែរឹងមាំ នៅឆ្នាំ២០២០នេះ។ នោះគឺកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាន ក្នុងអត្រាមធ្យម ៧ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៣ ភាគរយ ក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះ ទោះបីសហភាពអឺរ៉ុប អាចសម្រេចចិត្តដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ ក៏ការនាំចេញសម្លៀកបំពាក់ពីកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងដដែល។
កាលពីថ្ងៃទី០៩ ខែមករា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានភាពជាម្ចាស់ និងចូលរួមកំណត់ជោគវាសនាប្រទេសជាតិ ពោលគឺមិនមែនពឹងផ្អែកតែលើមនុស្សមួយក្រុមនៅថ្នាក់លើនោះទេ។ សម្ដេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសប្រារព្ធទិវាជាតិ៧មករានៅខេត្តបាត់ដំបង។
ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលជាពិព័រណ៍សៀវភៅធំជាងគេបំផុត នៅលើពិភពលោក បានរៀបចំធ្វើឡើង ជាលើកដំបូង នៅកម្ពុជា កាលពីថ្ងៃទី០៩មករា។ ពិព័រណ៍សៀវភៅដ៏ធំនេះ បាននាំមកនូវសៀវភៅជាភាសាអង់គ្លេសថ្មីៗ រហូតដល់ មួយលានក្បាលឯណោះ មកដាក់លក់ និងបញ្ចុះតម្លៃ រយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមករានេះ ដល់ថ្ងៃទី២០ ខែមករា។
កាលពីព្រឹកថ្ងៃទី១០ ខែមករា ទីប្រឹក្សាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ជែសហ្វ្រី សាត បានចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោកទីប្រឹក្សា បានសន្យាជួយអភិវឌ្ឍន៍កម្ពុជា អោយមានការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ក៏ប៉ុន្តែលោកទីប្រឹក្សាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមើលឃើញថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រួចទៅហើយ លើវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗមួយចំនួនទៀត បើប្រៀបធៀបនឹងអ្វីដែលលោកបានឃើញផ្ទាល់ភ្នែក កាលពី ១៥ ឆ្នាំមុន។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមករា បានរៀបចំធ្វើលំហាត់សមយុទ្ធ ទ្រង់ទ្រាយធំមួយ ក្រោមប្រធាន បទ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ» ។ សមយុទ្ធប្រចាំឆ្នាំនេះ មានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមមាន ទាំងយន្តហោះ រថយន្តពន្លត់អគ្គិភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ ។
គិតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានពីការចុះបញ្ជីផ្លាកលេខជិត ១៦លានដុល្លារ កើនឡើងជាង ៥០ភាគរយ។ ចំណែក ផ្លាកលេខពិសេស ដែលក្រសួងប្រកាសលក់រយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី៧មករា មានអ្នកទិញជាង ៤០ស្លាក ដោយទទួលបានចំណូលជាង ៩០០លានរៀល។
កាលពីថ្ងៃទី១០ ខែមករា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំ ពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី មន្ទីររៀបចំដែនដី គ្រប់រាជធានី-ខេត្ត។ ការចេញលិខិតនេះ បន្ទាប់ពីមានករណីបាក់រលំអគារជាបន្តបន្ទាប់ នៅខេត្តកែប និងខេត្តព្រះសីហនុ បង្កឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់៕ ល