​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មករា​នេះ​ថា ចិន​នឹង​ដូរ​គោលជំហរ​របស់​ខ្លួន​ដែល​ថា​កោះ​តៃវ៉ាន់​ជា​របស់​ខ្លួន បន្ទាប់​ពី​លោកស្រី​​សាយ អ៊ី​ន​វេន បាន​ឈ្នះ​ឆ្នោត​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍ និង​បាន​និយាយថា​លោកស្រី​នឹង​មិន​ទោរទន់​ចំពោះ​ការ​គំរាម​របស់​ចិន​ឡើយ​។​

​យុទ្ធនាការ​បោះឆ្នោត​បាន​ផ្តោត​លើ​កិច្ច​ខិតខំ​របស់​ចិន​ប៉េកាំង​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​នាំ​កោះ​ប្រជាធិបតេយ្យ​នេះ​មក​នៅ​ក្រោម​ដំបូល​គ្រប់គ្រង​របស់​ចិន​ប៉េ​​កាំ​ង​តែមួយ គឺ​គំរូ​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ព្រមទាំង​ការតវ៉ា​ប្រឆាំង​របស់​ប្រជាជន​ហុងកុង​ទៅនឹង​ឥទ្ធិពល​ខ្លាំង​ឡើង​របស់​ចិន​នៅក្នុង​អតីត​ទឹកដី​អាណានិ​​គម​អង់គ្លេស​នេះ​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « មិន​ថា​មាន​អ្វី​ផ្លាស់ប្តូរ​ចំពោះ​សភាពការណ៍​ផ្ទៃក្នុង​តៃវ៉ាន់ ការពិត​ជា​មូលដ្ឋាន​គឺថា​មាន​​ចិន​តែមួយ​នៅក្នុង​លោក រីឯ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​នឹង​មិន​ផ្លាស់ប្តូរ​ឡើយ​»​។​

​នៅពេល​ចិន​និយាយថា តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន អាជ្ញាធរ​កោះ​តៃវ៉ាន់​នៅតែ​និយាយ​ថា ខ្លួន​ជា​ប្រទេស​ឯករាជ្យ​មួយ​និង​មាន​ឈ្មោះ​ផ្លូវការ​របស់​ខ្លួន​ថា​សា​ធារ​​ណ​រដ្ឋ​ចិន​។​

​សាយ ដែល​ប្រឆាំង​នឹង គំរូ «​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» បាន​ឈ្នះឆ្នោត​សំរាប់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​មួយ​អាណត្តិ​៤​ឆ្នាំ​ជា​ថ្មី​ទៀត និង​គណបក្ស​ប្រជា​ធិបតេ​​យ្យ​ជឿនលឿន​របស់​លោកស្រី ធានា​បាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​។​

​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​ដឹង​ថា​ទទួលបាន​ជ័យជម្នះ លោកស្រី​សាយ បាន​អំពាវនាវ​អោយមាន​កិច្ចពិភាក្សា​ជាមួយ​ចិន តែ​បាន​និយាយថា​លោកស្រី​សង្ឃឹមថា​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​ដឹងថា តៃវ៉ាន់​និង​ប្រជាជន​របស់​ខ្លួន​នឹង​មិន​ខ្លបខ្លាច​ការបំភិតបំភ័យ​ទេ ។​

​តែ​ក្រសួង​ការបរទេស​ចិន​បាន បញ្ជាក់ថា ចិន​នឹង​មិន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ស្តីពី​គោលការណ៍​ចិន​តែមួយ​និង​ប្រឆាំង​នឹង​ឯករាជ្យភាព​តៃវ៉ាន់​។​

​ក្រសួង​បាន​បន្ថែមថា « ចិន​សង្ឃឹម​ពិភពលោក​នឹង​យល់​ហើយ​គាំទ្រ​”​បុព្វហេតុ​ត្រឹមត្រូវ​”​របស់​ប្រជាជន​ចិន​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ផ្តាច់ខ្លួន និង​ធ្វើអោយ​​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ​ក្លាយជា​ការពិត​»​។​

​ចំណែក​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន ក៏​បាន​និយាយថា ខ្លួន​នឹង​រក្សា​គំរូ​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​ដែល​ចិន​ប្រើ​សំរាប់​គ្រប់គ្រង​ហុងកុង​ជាមួយនឹង​ស្វ័យ​​ភាព​កំរិត​ខ្ពស់​។​

​តែ​ក្រុម​ប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់​តៃវ៉ាន់ បាន​និយាយថា ចិន​គួរ​គោរព​លទ្ធផល​ឆ្នោត ឈប់​ដាក់​សម្ពាធ​លើ​កោះ​នេះ​និង​«​រដ្ឋាភិបាល​របស់​យើង​នឹង​ការពារ​​អធិបតេយ្យភាព​សាធារណរដ្ឋ​ចិន​និង​លទ្ធិប្រជាធិបតេយ្យ​រួមទាំង​សេរីភាព​តៃវ៉ាន់​»​។​

​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន បាន​និយាយថា លោកស្រី​សាយ​ឈ្នះ​ឆ្នោត​ដោយ​សារ​ល្បិច​គម្រក់ៗ បំប៉ោង​ការ​គំរាម​​ពី​ចិន និង​សមគំនិត​ជាមួយ​កងកម្លាំង​បស្ចិម​លោក​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​អបអរ​លោកស្រី​សាយ ការដែល​លោក​ស្រី​ជាប់ឆ្នោត​ជា​ថ្មី និង​សរសើរ​លោកស្រី​ដែល​ស្វះស្វែង​រក​ស្ថិរភាព​​ជាមួយ​ចិន ក្នុងពេល​ប្រឈម​សម្ពាធ​ឥតឈប់ឈរ​៕ប្រែសម្រួល៖វាសនា

សាយ អ៊ី​ន​វេន ជាប់ឆ្នោត​ជា​ថ្មី ក្រោយ​ទទួលបាន​សម្លេង​គាំទ្រ ៥៧​ភាគរយ​

គូ​ប្រជែង​មកពី​គណបក្ស គួ​មីនតា​ង លោក ហា​ន់ កូយូ ទទួលស្គាល់​បរាជ័យ និង​អបអរ​លោកស្រី​សាយ​

អ្នក​គ្រាំ​ខាង​លោក​ស្រី​សាយ និង​ខាង​បក្ស​ចាញ់ឆ្នោត​បង្ហាញ​អារម្មណ៍​ខុសគ្នា​