ក្រោយរងការរិះគន់រាប់សប្តាហ៍អំពីការដោះស្រាយភ្លើងព្រៃដែលបំផ្លាញដីព្រៃរាប់លានហិចតា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម័ររីសុនកាលពីថ្ងៃអាទិត្យទី១២មករាបាននិយាយថា លោកនឹងស្នើធ្វើការពិនិត្យសើរើថ្នាក់ជាតិមួយអំពីចម្លើយតបចំពោះគ្រោះមហន្តរាយ នៅពេលភ្លើងព្រៃបន្តឆក់យកអាយុជីវិតអ្នកពន្លត់ភ្លើងម្នាក់ទៀត។
ភ្លើងព្រៃដ៏សាហាវនៅអូស្ត្រាលីមានរយៈពេលជិត៣ខែមកហើយ និងសម្លាប់មនុស្សអស់២៨នាក់ បំផ្លាញផ្ទះជាង២.០០០និងដីជិត១០លានហិចតា។វាជាវិបត្តិធម្មជាតិមួយដែលកាន់តែដាក់សម្ពាធលើនយោបាយ។
អាកាសធាតុរាងត្រជាក់បន្តិចនៅចុងសប្តាហ៍នេះ បាននាំមកការធូរស្បើយជាបណ្តោះអាសន្ននៅផ្នែកជាច្រើននៃតំបន់រងអគ្គិភ័យរបស់អូស្ត្រាលី តែបុគ្គលិកអគ្គិភ័យម្នាក់បានស្លាប់ក្នុងពេលបំពេញការងារនៅក្នុងរដ្ឋវិចធឺរៀ ។ក្នុងពេលជាមួយគ្នា អាជ្ញាធរបាននិយាយថា ការគំរាមនៅមិនទាន់ចប់និងក៏រំពឹងថានឹងជួបអាកាសធាតុក្តៅបន្ថែម។
រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីស្កត់ ម័ររីសុន កាន់តែស្ថិតក្រោមការរិះគន់ដោយសារតែមិនសូវអោយសារសំខាន់លើតំរូវការក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ឬការឡើងកំដៅរបស់ភពផែនដី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន មនុស្សរាប់ពាន់នាក់បានជួបជុំតវ៉ានៅក្រុងស៊ីដនី និងមែលប៊ឹន ដោយបានអំពាវនាវអោយបណ្តេញលោកម័ររីសុន ហើយអោយអូស្ត្រាលី ប្រកាន់យកចំណាត់ការម៉ឺងម៉ាត់ឡើងអំពីការឡើងកំដៅពិភពលោក៕ប្រែសម្រួល៖វាសនា
លោកស្កត់ ម័ររីសុន ស្វាគមន៍អ្នកស្ម័គ្រចិត្តចូលរួមពន្លត់ភ្លើងព្រៃនៅមជ្ឈមណ្ឌលមួយនៅក្រុងស៊ីដនី