​ក្រោយ​ពី​ឈ្នះឆ្នោត​អាច​បន្ត​តំណែង​អាណត្តិ​ថ្មី​ភ្លាម ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សាយ អ៊ី​ន​វេន កាលពី​ថ្ងៃអាទិត្យ​ទី​១២​មករា បាន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គ​​រដ្ឋទូត​តាម​ព្រឹត្ត​ន័យ​(​តាម​ការជាក់ស្តែង​)​របស់​អាម៉េរិក​ប្រចាំ​ក្រុង​តៃប៉ិះ នៅពេល​ចិន​ចេញ​ការព្រមាន​អោយ​ប្រទេស​នានា​ប្រកាន់ខ្ជាប់​គោល​នយោបាយ​មាន​«​ចិន​តែមួយ​» ដោយ​តៃវ៉ាន់​ដាច់ខាត​ជា​ផ្នែក​របស់​ចិន​។​

​អ្នកការទូត​អាម៉េរិក​លោក​វីលៀម ប្រេន គ្រី​ស​ស្ទិនសេន ដែល​ជា​នាយក​វិទ្យាស្ថាន​អាម៉េរិក​នៅ​តៃវ៉ាន់ បាន​អបអរ​លោកស្រី​សាយ ការដែល​លោក​ស្រី​បាន​ជាប់​​ឆ្នោត​ជា​ថ្មី ហើយ​លោក​ស្រី​បាន​អរគុណ​លោក​ចំពោះ​ការគាំទ្រ​។​

​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន និង​ប្រឆាំង​ការទាក់ទង​ផ្លូវការ​ណាមួយ​ជាមួយ​អាម៉េរិក​។​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​​ក្រុង​តៃប៉ិះ​ទេ តែ​មាន​ច្បាប់​ផ្ទាល់​របស់​ខ្លួន​ដើម្បី​ធានា​ការពារ​និង​ផ្តល់​មធ្យោ​បាន​ការពារ​ខ្លួន​ទល់​នឹង​ការគំរាម​សំរាប់​កោះ​តៃវ៉ាន់​។​

​លោកស្រី​សាយ​បាន​ស្វះស្វែង​ធ្វើការ​ទាក់ទង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាម៉េរិក និង​រុញច្រាន​សម្ពាធ​ពី​ចិន​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​បំបែក​ចេញពី​ចិន​ក្រោយ​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩ តៃវ៉ាន់​បាន​បង្កើត​អត្តសញ្ញាណ​ផ្ទាល់​របស់​ខ្លួន តែ​មិន​ដែល​ប្រកាស​ឯករាជ្យភាព​ទេ​។​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​អះអាង​អធិបតេយ្យភាព​លើ​កោះ​សេរី​ដែល​មាន​ប្រជាពលរដ្ឋ​២៣​លាន​នាក់​នេះ និង​គំរាម​ប្រើ​កម្លាំង​ចាប់​មក​ត្រួតត្រា ក្នុងករណី​​ចាំបាច់​។​

​ក្រោយ​ការប្រកាស​លទ្ធផល​ឆ្នោត​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក​ម៉ា ស៊ា​វ​ហ្គួង អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់ របស់​ចិន បាន​និយាយថា ចិន​មាន​បំណង​ធ្វើការ​​ជាមួយ​ប្រជាជន​តៃវ៉ាន់​ដើម្បី​ជំរុញ​«​ការបង្រួបបង្រួម​ប្រទេស​ដោយ​អហិង្សា​»​។​តែ​លោក​បាន​បន្ថែមថា ចិន​នឹង​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ​ហើយ​ប្រឆាំង​ចំណាត់ការ​ផ្តាច់​ទឹកដី ឬ​ការប្រកាស​ឯករាជ្យភាព​តៃវ៉ាន់​ណាមួយ​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រធានាធិបតី សាយ អ៊ី​ន​វេន ជួប​លោក​លោក​វីលៀម ប្រេន គ្រី​ស​ស្ទិនសេន នាយក វិទ្យាស្ថាន​អាម៉េរិក​នៅ​តៃវ៉ាន់ នៅ​ក្រុង​តៃប៉ិះ​កាលពី​ថ្ងៃ​១២​មករា​