ដោយៈ មេសា/ភ្នំពេញៈ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋានកសិកម្ម បានថ្លែងអំពីក្តីរំពឹងអំពីតួនាទីរបស់ ម៉ាស៊ី GC-MS ក្នុងការលើកកម្ពស់សុវត្ថិភាពផលិតផលកសិកម្ម និង ចំណីអាហារនៅកម្ពុជាថា វត្តមានរបស់ ម៉ាស៊ី GC-MS នឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ជាពិសេសផលិតផលកសិកម្ម ហើយក៏ធ្វើឱ្យកម្ពុជាសន្សំថវិកាបានច្រើនពីការយកសំណាកកសិផលទៅវិភាគនៅឯបរទេស វានឹងផ្តល់ភាពប្រាកដប្រជាថា ចំណីអាហារ ជាពិសេសកសិផលដែលផលិត និង អនុញ្ញាតឱ្យដាក់លក់នៅកម្ពុជា ពិតជាមានសុវត្ថិភាពចំពោះសុខភាព ។
លោក ងិន ឆាយ មានប្រសាសន៍ប្រកបដោយសុទិដ្ឋិនិយមបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីវិធីសាស្ត្រក្នុងការវិភាគសំណល់ថ្នាំពុល ក្នុងផលិតផលកសិកម្ម និង អាហារ ដោយម៉ាស៊ី GC-MS របស់ X-Lab រៀបចំនៅឯសណ្ឋាគារភ្នំពេញ នាថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ សហការរៀបចំដោយ X-Lab និង SHIMADZU ជប៉ុន ក្នុងគោលបំណង បង្ហាញពីវិធីសាស្ត្រ កំណត់រកសំណល់ថ្នាំពុលកសិកម្ម ក្នុងផលិតផលកសិកម្ម និងចំណីអាហារ ក៏ជាការផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង អ្នកពាក់ព័ន្ធទាំងឡាយ ចែករំលែកនូវបទពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ហើយអ្នកចូលរួមក្នុងសិក្ខាសាលានេះមានស្ថាប័នមន្ទីរពិសោធន៍ក្រោមឱវាទ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ក្រសួងអប់រំយុវជន និង កីឡា ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រុមហ៊ុនឯកជនជាតិ និង អន្តរជាតិ និង សមាគមគីមីកម្ពុជា ។
សូមជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាផ្នែកមួយ នៃ វិធានការក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ជាពិសេសបន្លែផ្លែឈើស្រស់ ដែលកំពុងជាក្តីបារម្ភយ៉ាងទូលំទូលាយ កម្ពុជា តែងតែយកសំណាកកសិផលទៅវិភាគនៅឯបរទេស ហើយសំណាក ឬ គំរូកសិផលមួយមុខ ត្រូវចំណាយថវិកាប្រមាណជា ២៥០ ដុល្លារ ដូច្នេះប្រសិនតទៅនេះ គេវិភាគនៅក្នុងស្រុកវិញ ចំណាយថវិកាត្រឹមតែប្រមាណជា ១០០ ដុល្លារប៉ុណ្ណោះ ពោលគឺអាចសន្សំបានច្រើនទាំងថវិកា ទាំងពេលវេលា ហើយអ្វីដែលសំខាន់បំផុតនោះ គឺភាពដែលអាចជឿទុកចិត្តបាន នៃ លទ្ធផលវិភាគទាំងនោះ ព្រោះម៉ាស៊ី GC-MS ត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិជ្ជាមានប្រសិទ្ធភាពខ្ពស់បំផុតមួយរបស់ជប៉ុនក្នុងការវិភាគជាតិពុលដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់សុខភាព ។
ជាការកត់សម្គាល់ ដោយទទួលស្គាល់ និង ដោយក្តីបារម្ភអំពីបញ្ហាសុវត្ថិភាពចំណីអាហារចំពោះសុខភាព ក្រសួងស្ថាប័នពាក់ព័ន្ធ មានក្រសួងកសិកម្ម ជាដើម បានដាក់ចេញវិធានការជាច្រើន ដូចជាជំរុញកសិកម្មសរីរាង្គ , ការអនុវត្តកសិកម្មល្អ និង ការគ្រប់គ្រងសារធាតុចង្រៃប្រកបដោយភាតរភាពបរិស្ថានជាដើម ។
ទោះយ៉ាងណា សុវត្ថិភាពចំណីអាហារជាពិសេសបន្លែ និង ផ្លែឈើស្រស់ នៅតែជាក្តីបារម្ភនៅឡើយនៅក្នុងសង្គមកកម្ពុជា ព្រោះត្រូវបានយល់ថាវិធានការដែលត្រូវបានដាក់ចេញមកនេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយ ទាំងមិនទាន់ត្រូវបានអនុវត្តឱ្យបានត្រឹមត្រូវ និង ខ្ជាប់ខ្ជួនផង ។ ក្នុងន័យនេះ អ្នកគ្រប់គ្នាត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញអាហារណាមួយទៅបរិភោគ ឬ ប្រើប្រាស់ ព្រោះនៅលើពិភពលោកនេះ ក៏ពុំទាន់មានប្រទេសណាមួយ មានសមត្ថភាពផលិតស្បៀងអាហារគ្រប់គ្រាន់ ដោយមិនប្រើសារធាតុគីមីឡើយ ។ អ្វីដែលជាភាពខុសគ្នា គឺប្រភេទសារធាតុគីមី និង កម្រឹត ក៏ដូចជារបៀបនៃការប្រើប្រាស់សារធាតុគីមី ៕ Kh