ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី៖បន្ទាប់ពីក្រុមកាងារចម្រុះចុះសិក្សាស្វែងយល់ជំហ៊ានដំបូងកាលពីថ្ងៃទី១០និង១១មករាឆ្នាំ២០២០ កន្លងទៅនោះ លទ្ធផលនៃការសិក្សាប្រភេទថ្ម គឺបានបង្ហាញថាជា ថ្មបាសាល់ សេសសល់ពីកំអែលភ្នំភ្លើង មានអាយុកាលដល់ទៅរាប់លានឆ្នាំឯណោះ។
ក្រសួងបរិស្ថានកាលពីថ្ងៃទី១០មករាដឹកនាំដោយលោកលឿងកេសារោបានបញ្ជាក់ថាក្រោយពីការសិក្សាក្រុមការងារមានគម្រោងរៀបចំបង្កើតជាតំបន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ»ដើម្បីថែរក្សាសម្បត្តិជាតិសម្បត្តិដូនតានិងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងដោយធ្វើការចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋនិងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់។
មន្ត្រីជំនាញនៅពេលនោះបានអះអាងថាទីតាំងនោះក្រុមការងារបានពិនិត្យស្រាវជ្រាវលើតំបន់សសរថ្មធម្មជាតិជាច្រើនផ្ទាំងស្ថិតនៅភូមិលេខ(ឡាំមេះ)ឃុំប៊ូស្រាស្រុកពេជ្រាដាខេត្តមណ្ឌលគិរីក្នុងភូមិសាស្ត្រតំបន់របៀងអភិរក្សជីវចម្រុះខេត្តមណ្ឌលគិរី។តាមការសិក្សាជំហានដំបូងមានអាយុកាលរាប់ពាន់ឆ្នាំហើយថ្មមានមុខកាត់ចាប់ពី៤០សមដល់៦០សមនិងប្រវែងរហូតដល់២ម៉ែត្រដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នាដូចរាងប្រាសាទបុរាណ។
ក្នុងនោះកាលពីថ្ងៃទី១១ខែមករាលោកសីទួចប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីបន្តចុះទៅសិក្សានៅទីតាំងនោះ។លោកថាវានៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកពេជ្រាដានោះទេ។លោកថាពេលទៅដល់ទីតាំងខាងលើលោកសង្កេតឃើញពីរុក្ខជាតិកម្រ,ទឹកជ្រោះបីជាន់,សត្វព្រៃ,ថ្មរាយប៉ាយនិងថ្មតំរាបគ្នា ហាក់មានអារម្មណ៍ព្រឺសម្បុរដែរ។
លោកប្រធានមន្ទីរបញ្ជាក់សំដីអ្នកជំនាញថាថ្មទាំងនោះបានសេសសល់ពីកំអែលភ្នំភ្លើងដែលចុះត្រជាក់ក្រោយការផ្ទុះកាលពីរាប់លានឆ្នាំមុន។លោកថាផ្អែកតាមការសួរនាំពីសហគមន៍និងចាស់ទុំក្នុងភូមិឡាំមេះបញ្ជាក់ថាទីតាំងខាងលើជាព្រៃដំណម(ព្រៃមិនសូវមានអ្នកហ៊ានចូល)។ប្រធានមន្ទីរដដែលថាទីតាំងខាងលើជាមរតកធម្មជាតិអញ្ចឹងខាងមន្ទីរលោកនិងគាំទ្រដល់ក្រសួងបរិស្ថានក្នុងការអភិរក្សទីនោះ។
ជាមួយគ្នានោះលោកគ្រើងតុលាជាសមាជិកសហគមន៍ជនជាតិដើមក្នុងខេត្តមណ្ឌលគិរីក៏ធ្លាប់លឮរឿងដំណាលពីចាស់ទុំលើបារមីដ៏ស័ក្តសិទ្ធនាទីតាំងថ្មបាសាល់នោះដែរ។លោកថានៅថ្ងៃ១២មករានេះគណ:កម្មាធិការសហគមន៍៧ភូមិនៅឃុំប៊ូស្រាបានប្រជុំពិភាក្សារៀបចំផែនការការពារថ្មធម្មជាតិនៅចំណុចអូរស្រា ឲ្យមានចេរិភាព ប្រកបដោយគុណភាពថែមទៀតផង។
គួបញ្ជាក់ឡើងវិញថារឿងថ្មបាសាល់នេះបានបង្កើតការចាប់អារម្មណ៍ខ្លាំងក្រោយពេលដែលសហគមន៍តំបន់នេះ បានរាយការអំពីក្រុមជនជាតិខ្មែរនិងវៀតណាម មកលួចជីកយកទៅលក់នៅបរទេស ក្នុងតំលៃច្រើនពាន់មុឺនដុល្លារហូតមកដល់ពេលនេះគ្មានសេចក្តីរាយការណាបញ្ជាក់អំពីការស្រាវជ្រាវឈានទៅរកការឃាត់ខ្លួនជនសង្ស័យនៅឡើយ៕S/