ភាគីទាំងសងខាងនៅក្នុងជម្លោះនៅលីប៊ីបានឯកភាពលើបទឈប់បាញ់គ្នាចាប់ពីថ្ងៃអាទិត្យទី១២មករាដើម្បីបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ៩ ខែបន្ទាប់ពីធ្វើការទូតអន្តរជាតិជាច្រើនសប្តាហ៍និងការអំពាវនាវឱ្យមានបទឈប់បាញ់ពីសំណាក់អ្នកសម្របសម្រួលទាំងពីរគឺរុស្ស៊ីនិងតួកគី។
ប្រទេសអាហ្វ្រិកខាងជើងសម្បូរប្រេងមួយនេះបានរងនូវភាពច្របូកច្របល់យ៉ាងខ្លាំងចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូកាលពីឆ្នាំ ២០១១ បានសម្លាប់មេដឹកនាំផ្តាច់ការចាស់វស្សាលោក ម៉ួអាម៉ា ហ្គាដាហ្វី ដោយបច្ចុប្បន្នប្រទេសនេះមានមហាអំណាចបរទេសជាច្រើនចូលរួមពាក់ព័ន្ធ។
រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអ.ស.បនៅទីក្រុងទ្រីប៉ូលីបានរងការវាយប្រហារចាប់តាំងពីខែមេសាពីកងកម្លាំងស្មោះត្រង់នឹងបុរសខ្លាំង ខាលីហ្វា ហាហ្វថា ដែលកាលពីថ្ងៃទី ៦ ខែមករាបានកាន់កាប់ទីក្រុងឆ្នេរសមុទ្រយុទ្ធសាស្ត្រ សឺត (Sirte) ។
នៅយប់ថ្ងៃសៅរ៍ កងកម្លាំងរបស់លោកហាហ្វថាបានប្រកាសបទឈប់បាញ់ ដែលចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រ (ឈានចូលថ្ងៃអាទិត្យ) ស្របតាមការអំពាវនាវរួមគ្នារបស់ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន និងសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន។
ប្រមុខរដ្ឋាភិបាល GNA លោក ហ្វាយ៉េស អាល់សារ៉ាច ដែលបានជួបជាមួយលោក អឺដូហ្គាន នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា បទឈប់បាញ់បានចូលជាធរមាន។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅលីប៊ីបានស្វាគមន៍ការប្រកាសនេះនិងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ “គោរពបទឈប់បាញ់គ្នា” និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការសន្ទនាគ្នារវាងជនជាតិលីប៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍រួម បណ្តាស្ថានទូតអឺរ៉ុបនៅទីក្រុងទ្រីប៉ូលីបានជំរុញឱ្យគូប្រជែងនៅលីប៊ី “ចាប់យកឱកាសដ៏ផុយស្រួយនេះដើម្បីដោះស្រាយបញ្ហានយោបាយសេដ្ឋកិច្ចនិងសន្តិសុខសំខាន់ៗដែលក្រាលនៅពីក្រោមជម្លោះនេះ”។
សម្ព័ន្ធអារ៉ាប់ក៏បានទទូចផងដែរដល់ក្រុមទំនាស់នានារបស់លីប៊ីឱ្យ “ប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នា ធ្វើការលើការកាត់បន្ថយរាល់ភាពតានតឹង និង ចូលរួមដោយស្មោះត្រង់ក្នុងគោលបំណងឆ្ពោះទៅរកកិច្ចសម្រុះសម្រួលជាអចិន្ត្រៃយ៍សម្រាប់បទឈប់បាញ់គ្នា”៕ ដោយ៖ កញ្ញាដាលីស