ហុង​គ្រី​ផ្ដល់​ការបង្ក​កំណើត​ក្រៅ​ស្បូន​ដល់​ប្ដី​ប្រពន្ធ​គ្មាន​កូន​

370
ចែករម្លែក

ប្រទេស​ហុង​គ្រី នឹង​ផ្ដល់​សេវា​បង្ក​កំណើត​ក្រៅ​ស្បូន (IFV) ដល់​ប្ដី​ប្រពន្ធ​ដែល​គ្មាន​កូន​ដើម្បី បង្កើន​ចំនួន​ប្រជាជន​ដែល​កំពុង​ធ្លាក់ចុះ ព្រោះ​មិន​ចង់​ស្វាគមន៍​ជនអន្តោប្រវេសន៍​។​
​ ​
អ្វី​ជាការ​បង្ក​កំណើត​ក្រៅ​ស្បូន​? ការបង្ក​កំណើត​ក្រៅ​ស្បូន​គឺជា​វិធី​ដែល​ជួយ​អ្នក​លំបាក​មាន កូន​តាមរយៈ​គេ​ដាក់​មេជី​វិត​ញី​និង​មេជី​វិត​ឈ្មោល​ឱ្យ​ជួបគ្នា​ក្នុង​មជ្ឈដ្ឋាន​ពិសេស​មួយ​ដែល​ផ្តល់ ឱកាស​កកើត​ជា​កោសិកា​កូន​។ កោសិកា​កូន​ត្រូវបាន​ត្រួតពិនិត្យ និង​ធ្វើ​ចំណាត់ថ្នាក់​រហូត ដល់​ចែកជា​កោសិកា​ច្រើន ឬ​ឈានដល់​ក្លាយជា​កោសិកា​កូន​ដែលមាន​អាយុ​ប្រាំ​ថ្ងៃ​មុនពេល បញ្ចូល​ទៅក្នុង​ស្បូន​ម្ដាយ​វិញ​។

​នាយករដ្ឋមន្ត្រី វី​កទ័រ អ័​រ​បែន (Viktor Orban) បានប្រកាស​គោលនយោបាយ​នេះ​កាលពី​ថ្ងៃទី​៩ ខែមករា ដោយ​លើកឡើងថា លោក​ចង់បាន “​កូន​ពលរដ្ឋ​ហុង​គ្រី ជាជាង​ស្វាគមន៍​វត្តមាន​ជន អន្តោប្រវេសន៍​”​។
​ ​
​រដ្ឋាភិបាល​បាន​ដំណើរការ​គ្លីនិក​បង្ក​កំណើត​ឯកជន​ចំនួន ៦ កន្លែង​រួចមកហើយ​ដើម្បី​ផ្ដល់ សេវា​បង្ក​កំណើត​ក្រៅ​ស្បូន​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ តទៅ​។
​ ​
សូមបញ្ជាក់ថា ប្រទេស​នេះ​បានផ្ដល់​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រួចមកហើយ និង​ថែមទាំង​ជួយ​ជា​ថវិកា​ចំនួន ៩.០០០ ដុល្លារ​ដល់​ម្ដាយ​មានកូន ៤ ឡើងទៅ​ដែល​ចង់​ទិញរថយន្ត៧ កៅអី​ថ្មី​ទៀតផង​។
​ ​
ហើយ​លោក វី​កទ័រ អ័​រ​បែន លើកឡើងថា លោក​ក៏​កំពុង​ពិចារណា​ពង្រីក​ការផ្ដល់​នេះ ដល់​គ្រួសារ​ដែលមាន​កូន​ត្រឹម ៣ នាក់​ផងដែរ​។
​ ​
ពលរដ្ឋ​ហុង​គ្រី រាប់សែន​នាក់​បានធ្វើ​អន្តោប្រវេសន៍​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយនេះ​ភាគច្រើន ទៅកាន់​អឺរ៉ុប​ខាងលិច ហើយ​អត្រាកំណើត​ទារក ១,៤៨​កំណើត​ក្នុង​ស្ត្រី​ម្នាក់ៗ​ក៏​កំពុង​ធ្លាក់ចុះ ផងដែរ​។
​ ​
លោក វី​កទ័រ អ័​រ​បែន សង្ឃឹមថា ការបង្ក​កំណើត​ក្រៅ​ស្បូន​នេះ​នឹង​ជួយ​ជំរុញ​កំណើត​ទារក ៤.០០០ កំណើត​បន្ថែម​ត្រឹម​ឆ្នាំ​២០២២ ក្នុងប្រទេស​នេះ​ដែលមាន​ចំនួន​ប្រជាជន ៩,៨ លាន​នាក់​នេះ​៕ ប្រែ​សម្រួលៈ ខុម