ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងបុរសម្នាក់ ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកុងតឺន័រ កំពុងតែបត់ឆ្លងផ្លូវបណ្តាលឲ្យដួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១៥នាទីយប់ ថ្ងៃអាទិត្យ ទី ១២ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុច មុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យាន ច័ន្ទគា អាយុ៣៧ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលជិតវត្តតាំងកសាង មានស្រុក កំណើតនៅភូមិប្រស្និក ឃុំប្រស្និក ស្រុកលៀផ្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅ ឡើយ។
អ្នបើកររថយន្តកុងតឺន័រមានឈ្មោះ ស៊ុន សុីវន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បើករថយន្ត រស់នៅភូមិកណ្តាលដុំ សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញរថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3E.7047បើកចេញពីច្រកសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃឆ្លងផ្លូវទៅ ទិសខាងលិចកំពង់តែបត់ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់C125 ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HL.6642ជិះដោយបុរសពីរនាក់ យ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចមកកើតមកបុកចំធុងសាំងកុងតឺន័រពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ធ្លាក់ចូលកង់កណ្ដាលកិនបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ចំណែកឯម្នាក់ទៀតខ្ទាតចេញរង របួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យលោកសង្ឃ។ រីឯរថយន្តកុងតឺន័របានជ្រុលធ្លាក់កង់ខាងមុខចូលប្រឡាយទឹកស្អុយកល់ជាប់ទៅមុខលែងរួច ។សមត្ថកិច្ចចាប់តៃកុងរថយន្តកុងតឺន័រយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីប្រគល់ឲ្យជំនាញចរាចរក្រុងចាត់ការបន្ត។ ម៉ូតូរងគ្រោះខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក ព្រមទាំងតៃកុងផងដែរ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំង៕B/Ha