លោកថោង ខុន នឹងដឹកនាំប្រតិភូ​ចូលរួមវេទិកា ទេសចរណ៍អាស៊ាន ​លើកទី២៣ ឆ្នាំ២០២០ នៅប្រទេស ​ព្រុយណេ

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋ មន្រ្តីទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន វេទិកាទេសចរណ៍អាស៊ាន ២០២០ និងកិច្ចប្រជុំពាក់ព័ន្ធ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន «ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន» រដ្ឋមន្ត្រីទេសចរណ៍ប្រទេសសមាជិកអាស៊ានទាំង១០ នឹងពិភាក្សា ពិនិត្យសម្រេចលើចំនុចសំខាន់ៗ នៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារ/ពិធីសារមួយចំនួន ដូចខាងក្រោម៖

  • ពង្រឹងការផ្សព្វផ្សាយទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀត។
  • ពិនិត្យអំពីវឌ្ឍនភាព នៃការរីកចំរើនវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០១៨-២០១៩។
  • ពិនិត្យ និងវាយតំលៃវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន២០១៦-២០២៥។
  • ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើ ទេសចរណ៍ម្ហូបអាហារតាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ចំណីអាហារអាស៊ាន ការបង្កើតបណ្តាញអ្នកជំនាញអាស៊ាន ផ្នែកចំណីអាហារ ការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង( Self Driving Tour)តាមរយៈការបង្កើតខ្សែទស្សនកិច្ចរវាងប្រទេសជាប់ព្រំដេនគ្នា ទេសចរណ៍សាសនា ពិធីបុណ្យ។
  • ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ានតាមរយៈការធ្វើការផ្សព្វផ្សាយនៅក្រៅប្រទេសរួមគ្នា ការជំរុញការហោះហើរផ្ទៃក្នុង និងការសម្រួលការធ្វើដំណើរ។
  • ពិនិត្យអំពីការអនុវត្តស្តង់ដាគុណភាពទេសចរណ៍អាស៊ាន ពិសេសជំរុញទេសចរណ៍សហគមន៍ និង អេកូទេសចរណ៍ក្នុងតំបន់អាស៊ាន។

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៣នេះ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ (ប្រទេស ចិន ជប៉ុន និងកូរ៉េ) រដ្ឋមន្រ្តីទេសចរណ៍អាស៊ានឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន(ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន(AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ(AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍដូចជា អង្គការទេសចរណ៍ពិភពលោក(UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក(WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) សមាគមទេសចរណ៍អាស៊ាន(ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន(ATRA) ជាដើម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។

ជាពិសេស លោកបណ្ឌិតរដ្ឋមន្រ្តី (ក្នុង នាមជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២១ ASEAN Touriam Forum 2021 នៅភ្នំពេញ) ក៏នឹងប្រតិភូរដ្ឋមន្តី្រទេស ចរណ៍អាស៊ានចូលជួបសវនកិច្ចជាមួយ ព្រះមហាក្សត្រនៃប្រទេសព្រុយនេ ព្រះបាទ Sultant Haji Hassanal Bolkiah Muizzaddin Waddullah Ibin Al-Marhum Sultan Haji Omar ‘Ali Saifuddien Sa’adul Khairi Waddien។ លើសពីនេះទៀត នឹងមានពិធីប្រគល់ទង់ដល់កម្ពុជាដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ផងដែរ។

គរបញ្ជាក់ថា ឆ្នាំ២០២០នេះ វេទិកាទេសចរណ៍អាស៊ាន (ATF) ក្រោមប្រធានបទ អាស៊ាន ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី «ASEAN-Together towards a Next Generation of Travel» នឹងត្រូវចូលរួម ដោយរដ្ឋមន្ត្រីទេសចរណ៍មកពី ប្រទេស សមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងប្រទេសដៃគូ ពិភាក្សាអភិវឌ្ឍន៍មួយចំនួន។

កម្ពុជាក៏បានសហការជាមួយផ្នែកឯកជនចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថានឹងមានប្រតិភូចូលរួមចំនួន៧៥០នាក់ ប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានចំនួន១០០ មានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន ២៥០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ផងដែរ។

ព្រមជាមួយគ្នានេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២០ មួយចំនួនរួមមាន៖ សណ្ឋាគារបៃតងអាស៊ានចំនួន០៥ ស្តង់ដាអាស៊ាន MICE ប្រភេទបន្ទប់ប្រជុំចំនួន០៥ ទីក្រុងស្អាតអាស៊ានចំនួន០៣ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន០២ ពីអាស៊ានផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...