ដោយៈសុផល/ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំ គណៈប្រតិភូ សភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការប្រតិបត្តិ នៃកិច្ចប្រជុំប្រចំាឆ្នាំរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នៅវិមានរដ្ឋសភាប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៨ជាផ្លូវការ។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាកិច្ចប្រជុំសំខាន់មួយ ដើម្បីអនុម័តលើរបៀបវារៈដំណើរការនៃកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។ លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធានAPPF លើកទី២៨ បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលមានសមាជិកចូលរួមដូចជា សាធារណរដ្ឋកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែល​ហ្សឡង់ និងកាណាដា។

ចំណែកសភាប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឲ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិនេះ ដើម្បីចែករំលែក បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ទំាងខ្លឹមសារកិច្ចប្រជុំ និងការរៀបចំ ការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលី រំពឹងថា ជាបទពិសោធន៍ល្អពីកម្ពុជា ដែលសមាជិកAPPF ផ្សេងទៀត អាចរៀនសូត្រដើម្បីរៀបចំកិច្ចប្រជុំAPPF ទទួលបានភាពជោគជ័យបន្តបន្ទាប់ ទៅមុខទៀត។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា​ការ និងព័ត៌មាន នៃរដ្ឋសភា ត្រូវបានសម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឡើងមានប្រសាសន៍ជម្រាប APPF ពីជោគជ័យសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧កាលពីឆ្នាំ២០១៩។

សូមជម្រាបថា៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា​ចក្រកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី តបតាមការអញ្ជើញប្រធានស្ថាប័ន នីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី។

ក្នុងវេទិកាដែលមានប្រតិភូសភាចូលរួមជាង ៣០ប្រទេស នេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយ សមភាគីប្រធានរដ្ឋសភាប្រទេសអូស្រា្តលី និងទទួល​ជួបសវនាការជាមួយ ថ្នាក់ដឹកនាំសភាប្រទេសជាមិត្តមួយចំនួនទៀត ក្នុងការពង្រឹង​​​​​​​​​​​​ពង្រីកចំណង មិត្តភាព កិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជានៅលើឆាក អន្តរជាតិទំាងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។ 

ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការនយោបាយនិងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មា​ធិការ​សហប្រតិបត្តិការតំបន់ ក្នុងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក​លើសេចក្តីព្រាង សេចក្តីសម្រេចនានា ដែលលើកឡើងពីបញ្ហារួម ក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថានជាដើម។

គួររម្លឹកថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន  ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ  ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។អង្គការសភាមួយនេះ មានសមាជិក២៧​ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សា​ធារណ​រដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឺឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ។

សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកAPPF នៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕B/Ha