​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​តង់​សានី ប្រារព្ធ​ទិវា​បដិវត្តន៍ ហ្ស​ង់​ហ្ស៊ី​បា នៅ​ថ្ងៃទី ១២ ខែ មករា ដើម្បី រំឭក​ដល់​សោកនាដកម្ម​ដ៏​ធំធេង បង្កឡើង​ដោយ​បុរស​ជនជាតិ អ៊ូ​ហ្ក​ង់​ដា ម្នាក់ ដឹកនាំ​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស៊ុ​លត​ង់ នៅ​ហ្ស​ង់​ហ្ស៊ី​បា កាលពី​ឆ្នាំ​១៩៦៤ ដោយ បាន​កាប់សម្លាប់​ជនជាតិ​អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង មិនតិចជាង​ពីរពាន់​នាក់ ដែលជា ការ កាប់សម្លាប់​ជា​លក្ខណៈ​ប្រល័យពូជសាសន៍ មួយអន្លើ ដោយ​ការចាប់រំលោភ​សេពសន្ថវៈ និង លួច​ប្លន់ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​រួបរួម​តង់​សានី មាន​ផ្ទៃដី ៩៤៧.៣០៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​កេ​ន​យ៉ា រ​វ៉ាន់ដា អ៊ូ​ហ្ក​ង់​ដា កុង​ហ្គោ សាំ​ប៊ី ម៉ាឡាវី ម៉ូ​ហ្សំ​ប៊ិក និង​មហា​ស​មុ​ទ្ធ​ឥណ្ឌា ។ នៅ​ដើមឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាង ៦០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត និង​អ៊ីស្លាម ជា​ប្រទេស​ពហុ​ភាសា ពោលគឺ​មិនទាន់មាន​ភាសា ណាមួយ ត្រូវបាន​ចាត់ទុកថា ជា​ភាសាផ្លូវការ របស់​ជាតិ​នៅឡើយ រដ្ឋធានី​គឺ​ទីក្រុង ដា​អេស​សា​ឡឹម ។​

​ប្រវត្តិសាស្ត្រ​
តំបន់ Zanzibar Archipelago ដែល​បច្ចុប្បន្ន ជា​តំបន់​ភាគ​អាគ្នេយ៍ នៃ​សាធារណរដ្ឋ តង់​សានី គឺជា​តំបន់​កម្រង​កោះ លាតសន្ធឹង​ពី​មហាសាគរ​ឥណ្ឌា ដល់​សាធារណរដ្ឋ Tanganyika ។ វា​ត្រូវបាន​រួមបញ្ចូល​ទាំង​ភាគខាងត្បូង​នៃ​កោះ Unguja (​ដែល​គេ​ស្គាល់​ផងដែរ​ថា Zanzibar គឺ​ហ្ស​ង់​ហ្ស៊ី​បា​) កោះ Pemba ជា​ផ្នែក​ខាងជើង និង​កោះ​ជាច្រើន​ទៀត ។

​ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​កាន់កាប់ ដោយ​ជនជាតិ​អារ៉ាប់ តាំងពី​ឆ្នាំ​១៦៩៨ ដែលជា​ទឹកដី​របស់​អូ​ម៉​ង់ នៅឯ​នាយ​សមុទ្ទ រហូត​ទទួលបាន​ឯករាជ្យ កាលពី​ឆ្នាំ​១៨៥៨ ដោយមាន ស៊ុ​លត​ង់ (​ស្តេច​) របស់ខ្លួន ។ នៅ​ឆ្នាំ​១៨៩០ ហ្ស​ង់​ហ្ស៊ី​បា បាន​ឋិត​ក្រោម​កិច្ចការពារ ឬ​អាណានិគម​របស់​ចក្រភព អង់គ្លេស ។ គិត​ត្រឹម​ឆ្នាំ​១៩៦៤ ប្រទេស​នេះ បាន​ក្លាយជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ រដ្ឋធម្មនុញ្ញ ក្រោម ស៊ុ​លត​ង់ ចាម​ហ្ស៊ី ប៊ី​ន អាប់​ឌុល​ឡាស ។​

នា​អំឡុង​ពេលនោះ ហ្ស​ង់​ហ្ស៊ី​បា មាន​ប្រជាពលរដ្ឋ ជា​ជនជាតិ​អាហ្វ្រិក ប្រមាណ​ជា ២៣០.០០០ នាក់ ជនជាតិ​អារ៉ាប់ ប្រមាណ​ជា ៥០.០០០ នាក់ និង​ជនជាតិ​អាស៊ី​ខាងត្បូង ប្រមាណ​ជា ២០.០០០ នាក់ ដែល​ភាគច្រើន ជា​អ្នកជំនួញ ។ ជនជាតិ​អារ៉ាប់ នៃ​កោះ​នោះ គឺជា​ម្ចាស់​ដី​ភាគច្រើន ហើយ​ភាគច្រើន ជា​អ្នកមាន​ធូរធា​ជាង​ជនជាតិ​អាហ្វ្រិក ។ គណបក្ស នយោបាយ ត្រូវបាន​រៀបចំ​តម្រូវ​ទៅ​ជាតិ​សាសន៍ ដោយ​គណបក្ស Zanzibar Nationalist Party (ZNP) គ្រប់គ្រង​ដោយ​ជន​អារ៉ាប់​។ ចំណែក​គណបក្ស Afro-Shirazi Party (ASP) គ្រប់គ្រង​ដោយ​ជន​ជា​ជាតិ​អាហ្វ្រិក ។ ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​គ្រប់គ្រង ដោយ​អភិជន​អារ៉ាប់ ជាច្រើន​សតវត្សរ៍​មក​ហើយ ហើយ​គេ​មិនដែល​នឹកគិត​ថា ហ្ស​ង់​ហ្ស៊ី​បា​នឹង​ត្រូវបាន​គ្រប់គ្រង ដោយ​ជន​ស្បែក​ខ្មៅ (​អាហ្វ្រិក​) សោះឡើយ ។

​បន្ទាប់ពី ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​ឈ្លានពាន​ដោយ​ស៊ុ​លត​ង់ អូ​ម៉​ង់ កាលពី​ឆ្នាំ​១៦៩៨ មក ដីធ្លី​ភាគច្រើន នៅ​ជនបទ ត្រូវបាន​ប្រគល់​ទៅឱ្យ​គ្រួសារ​អភិជន​អូ​ម៉​ង់ ហើយ​កូនចៅ​របស់​ពួកគេ នៅតែ​ជា​ម្ចាស់​ដីធ្លី​ទាំងនោះ រហូតដល់​ឆ្នាំ​១៩៦៤ ។ ប្រការនេះ ឃើញថា​ជន​ស្បែក​ខ្មៅ​នៅ ទីនោះ ជា​ក្រុម​ជាតិ​សាសន៍ ដែលមាន​ជីវភាព​ទន់ទាប​ជាងគេ ។​

​ជា​ផ្នែក​មួយ​នៃ​ការរំសាយ​អាណានិគម នៅ​ខែមករា ឆ្នាំ​១៩៦១ អង់គ្លេស​បានរៀបចំ​ឱ្យមាន​ការ បោះឆ្នោត​បែប​ប្រជាធិបតេយ្យ ។ បក្ស ASP និង បក្ស ZNP ឈ្នះ​បាន​អាសនៈ ១១ កៅអី ក្នុងចំណោម​អាសនៈ ទាំង ២២ នៃ​សភា Zanzibar ។ ការបោះឆ្នោត​ម្តងទៀត​នៅ​ខែ មិថុនា ឆ្នាំ​ដដែល​នោះ អាសនៈ បាន​កើន​ឡើងដល់ ២៣ ។ គណបក្ស ZNP បានរួម​សម្ព័ន្ធ​ជាមួយ គណបក្ស Zanzibar and Pemba People’s Party (ZPPP) ហើយ​ពេលនេះ​ឈ្នះ​បាន ១៣ អាសនៈ ខណៈ​គណបក្ស ASP បើទោះជា​ទទួលបាន​សំឡេងឆ្នោត ភាគច្រើនបំផុត​ក្តី ក៏​ឈ្នះ​បានត្រឹមតែ ១០ អាសនៈ​ប៉ុណ្ណោះ ។

​គណបក្ស ASP បាន​សង្ស័យថា មាន​ការលួចបន្លំ​លទ្ធផល​បោះឆ្នោត​នោះ​ក៏​នាំឱ្យមាន​ភាព ច្របូកច្របល់ ហើយ​ជា​លទ្ធផល នាំឱ្យ​មនុស្ស ៦៨ នាក់ បាន​ស្លាប់ ។ ដើម្បី​ធានា​នូវ​ការ គ្រប់គ្រង រដ្ឋាភិបាលចម្រុះ បានដាក់​បម្រាម​នូវ​គណបក្សប្រឆាំង​ហើយ​បានតែងតាំង មន្ត្រី​ដោយ​ខ្លួនឯង ចំណែក​នគរបាល ត្រូវបាន​ក្លាយជា​កម្លាំង​បក្សនយោបាយ ។

​បោះឆ្នោត​នៅ​ឆ្នាំ ១៩៦៣ អាសនៈ នៅ​សភា បាន​កើន​ដល់ ៣១ ប៉ុន្តែ​លទ្ធផល​គឺ​ដូចគ្នា​ទៅនឹង ការបោះឆ្នោត​ការ​ពី​ឆ្នាំ ១៩៦១ ។ យោងតាម​រូបមន្ត ដែល​បែងចែក​ដោយ បក្ស ZNP នោះ គណបក្ស ASP របស់លោក Abeid Amani Karume បានឈ្នះ​សំឡេងឆ្នោត ដល់​ទៅ ៥៤ ប៉ុន្តែ​ទទួល​បានតែ ១៣ អាសនៈ​ប៉ុណ្ណោះ ខណៈ​គណបក្ស ZNP/ZPPP បានឈ្នះ​ទាំងស្រុង ហើយ​បន្ត​ពង្រឹង​អំណាច​របស់ខ្លួន​ទៀត ។

​គណបក្ស Umma Party ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​នោះ ត្រូវបាន​ហាមឃាត់ ហើយ នគរបាល ជា​ជន​ស្បែក​ខ្មៅ នៅលើ​តំបន់​ដីគោក ត្រូវបាន​បណ្តេញចេញ​។ ប្រការនេះ​បាន​ដក ចេញ យ៉ាងច្រើន​នូវ​កម្លាំង​សន្តិសុខ ហើយ​បាន​បង្កើត​នូវ​ក្រុម​ទាហាន​វិញ ។ លើសពីនេះ​ទៅ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ អភិជន អារ៉ាប់ នៅ​ហ្ស​ង់​ហ្ស៊ី​បា​បានបង្ហាញ​គោលជំហរ​យ៉ាង ច្បាស់​ថា ស៊ុ​លត​ង់ នឹង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ពិភព​អារ៉ាប់​ជាពិសេស​ជាមួយ អេ​ហ្ស៊ី​ប ហើយ​គ្មាន​ចំណាប់អារម្មណ៍​នឹង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក​ដីគោក​ដែលជា​បំណង របស់​ជន​ស្បែក​ខ្មៅ ភាគច្រើន​ឡើយ ។

​ទាសករ នៅ​ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​លុបបំបាត់ នៅ​ឆ្នាំ​១៨៩៧ ប៉ុន្តែ​អភិជន​អារ៉ាប់ ភាគច្រើន បាន​លាក់ទុក​ជន​ស្បែក​ខ្មៅ សម្រាប់​ជា​ទាសករ​របស់​ពួកគេ​ដដែល ដោយ​ពួកគេ​ចាត់ទុកថា ជន​ស្បែក​ខ្មៅ សក្តិ​សមតែ​ធ្វើជា​ទាសករ​របស់​ពួកគេ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ និយាយ​ជារួម ជន​ស្បែក​ខ្មៅ នៅ​ហ្ស​ង់​ហ្ស៊ី​បា រហូតដល់​ឆ្នាំ​១៩៦៣ ក៏​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទាសករ ដោយសារតែ​អ​តី​ភាព​របស់​ពួកគេ ធ្លាប់ជា​ទាសករ​ផង ដោយសារ​បច្ចុប្បន្ន​ពួកគេ​មាន​ជីវភាព ទន់ទាប​ផង ហើយ​ម្យ៉ាងទៀត ក៏​ព្រោះតែ​ភាព​ផ្សេងគ្នា នៃ​សាសនា គឺ​ពួកគេ​ជា​អ្នក​គ្រិស្ត បរិស័ទ ខណៈ​ពួក​អភិជន​អារ៉ាប់ ជា​អ្នក​ជន​មូ​ស្ល៊ី​ម ជាហេតុ​ធ្វើឱ្យ​ពួកគេ​ប្រកាន់​រើសអើង​យ៉ាង ជ្រាលជ្រៅ ចំពោះ​គ្នា​ទៅវិញទៅមក ។

​ហ្ស​ង់​ហ្ស៊ី​បា ទទួលបាន​ឯករាជភាព​ពេញលេញ​របស់ខ្លួន ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​១៩៦៣ ដោយមាន​រដ្ឋាភិបាល​ប​ក្ស​សម្ព័ន្ធ ZNP/ZPPP ដែលជា​រដ្ឋាភិបាល​រប​ស់ អភិជន​អារ៉ាប់ ជា​អ្នកគ្រប់គ្រង​អំណាច ។ រដ្ឋាភិបាល បានស្នើ​សុំឱ្យ​កងទ័ព​អង់គ្លេស បន្ត​នៅ​ទីនោះ​ទៀត ប៉ុន្តែ​អង់គ្លេស បាន​បដិសេធ ព្រោះ​មិន​ស្របច្បាប់​អន្តរជាតិ​ផង​ម្យ៉ាង និន្នាការ នៃ ចលនា​ពួក​អ្នក​កុ​ម្មុយ​និ​ស្ត​ផង អាច​នាំមក​នូវ​ភាព​តានតឹង​ឬ​ផុយស្រួយ​ចំពោះ វត្តមាន​កងទ័ព​អង់គ្លេស​នៅ​ទីនោះ ។

​បដិវត្តន៍​ដ៏​ឃោរឃៅ
កាលពី​ឆ្នាំ​១៩៥៩ នាយ​សារថី (​អ្នក​បររទេះ​) ម្នាក់​ជា​ជនជាតិ​អ៊ូ​ហ្ក​ង់​ដា ឈ្មោះ ច​ន អូ​កេ​ឡូ បាន​មកដល់​តំបន់ Pemba ប្រកបមុខរបរ​ជាជាង​កំបោរ ។ លុះដល់​ខែកុម្ភៈ ឆ្នាំ​១៩៦៣​គាត់​បាន ផ្លាស់​ទៅ ហ្ស​ង់​ហ្ស៊ី​បា ដោយបាន​ប្រកបមុខរបរ​ជាម​ន្ត្រី នៅក្នុង​សហជីព​កម្មករ​ជាងគំនូរ ហ្ស​ង់​ហ្ស៊ី​បា និង Pemba ហើយក៏​ជា​សកម្មជន​នៅក្នុង​គណបក្ស ASP ផងដែរ ។

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៦៤ ជន​ស្បែក​ខ្មៅ រួមទាំង​ពួក​អតីត​ប៉ូលិស​ដែល​ទើបតែ​ត្រូវបាន បណ្តេញចេញ​ថ្មីៗ​នោះ ប្រមាណ​ជា ៦០០ – ៨០០ ប្រដាប់​ដោយ​ដាវ លំពែង កាំបិត និង ដំបង​ដែក បាន​វាយប្រហារ ទៅលើ​ទីតាំង​ប៉ូលិស នៅ​កោះ Unguja និង ស្ថានីយ​វិទ្យុ ។ កង​ប៉ូលិស​អារ៉ាប់ ដែល​ទើបតែ​ដាក់ជំនួស​ថ្មីៗ ហើយ​ស្ទើរតែ​គ្មាន​ការហ្វឹកហាត់​ផង​នោះ មិនយូរប៉ុន្មាន ក៏ត្រូវ​បាន​ពួក​អ្នកបះបោរ យកឈ្នះ​បាន​ដោយ​ងាយ ។ ចំណែក​លោក អូ​កេ​ឡូ បាន​ដឹកនាំ​វាយប្រហារ​ទៅលើ​ការិយាល័យ​កណ្តាល​របស់ ប៉ូលិស Ziwani ដោយ​ជោគជ័យ ហើយ​មាន​អ្នកបះបោរ​តែ ៤-៥ នាក់​ប៉ុណ្ណោះ ត្រូវបាន​បាញ់សម្លាប់ ។​

​ព្រឹកស្អែក​ឡើង លោក អូ​កេ​ឡូ បានប្រកាស​តាម​វិទ្យុ​ថា មនុស្ស​របស់គាត់ គ្រប់គ្រង​ស្ថាន ការណ៍​បាន​ជោគជ័យ​ហើយ និង​អំពាវនាវ​ឱ្យ​ជន​អាហ្វ្រិក​ទាំងអស់​ក្រោក​ឡើង​បះបោរ​គ្រប់ ទិស​ទី ដើម្បី​ផ្តួលរំលំ​ពួក​ចក្រ​ព័​ត្ត​និយម​។ លោក អូ​កេ​ឡូ បានប្រកាស​ខ្លួនឯង​ថា​ជា​សេនា ប្រមុខ ។ ត្រឹមតែ​រយៈពេល ប្រាំមួយ​ម៉ោង ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល ត្រូវបាន​កាន់កាប់ ដោយ​ពួក​អ្នកបះបោរ ។​

​នៅ​ទូទាំង​ទីក្រុង Stone Town ហាង​ទំនិញ និង​ផ្ទះសម្បែង ដែលជា​កម្មសិទ្ធិ​របស់​ជន អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង ត្រូវបាន​ចូល​លួច​ប្លន់ ខណៈ​ស្ត្រី​អារ៉ាប់ និង​ស្ត្រី​អាស៊ី​ខាងត្បូង ត្រូវបាន​ចាប់រំលោភ​សេពសន្ថវៈ និង​សម្លាប់ចោល ដោយ​សេរី តាម​ទំនើងចិត្ត ។​

​ស៊ុ​លត​ង់ និង​នាយករដ្ឋមន្ត្រី មូ​ហា​ម៉ា​ដ់ ហ្សា​ម​តេ ហា​ម៉ា​ឌិ មួយអន្លើ​ដោយ​សមាជិក​គណៈ រដ្ឋមន្ត្រី បាននាំគ្នា​ភៀសខ្លួន​ចេញពី​កោះ​នោះ ។ ចំណែក​រាជវាំង​របស់​ស៊ុ​លត​ង់ និង ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន របស់​ស៊ុ​លត​ង់ ត្រូវបាន​ពួក​អ្នកបះបោរ រឹបអូស ។

​បុរស​ជា​ជនជាតិ​អារ៉ាប់ ត្រូវបាន​គេ​សម្លាប់ នៅតាម​ពាសពេញ​ផ្លូវ​ហើយ​លិង្គ​របស់​ពួកគេ​ត្រូវ បាន​កាត់ ហើយ​ញាត់​ចូល​មាត់​សព​ទាំងនោះ​វិញ ។ ជា​ផ្នែក​មួយ​នៃ​បញ្ជា​យ៉ាង​ប្រុងប្រយ័ត្ន របស់លោក អូ​កេ​ឡូ បាន​បញ្ជា​ឱ្យ​ជន​អាហ្វ្រិក កាប់សម្លាប់​មិន​រើសមុខ​នូវ​រាល់​ជន​អារ៉ាប់​ទាំង ឡាយ​ណា ដែល​គេ​បានឃើញ ។

​បន្ទាប់ពី​បាន​ត្រួតត្រា លើក​ទីក្រុង Stone Town រួចមក នៅ​ថ្ងៃទី​២ ពួក​អ្នកបះបោរ​បាន​បន្ត​វាយ ប្រហារ​ទៅលើ​ទីក្រុង Manga ដើម្បី​កាន់កាប់​តំបន់​ជនបទ ហើយ​នៅក្នុង​យុទ្ធនាការ​ទាំងនោះ ជន​អារ៉ាប់ ត្រូវបាន​កាប់សម្លាប់​ទាំង​គ្រួសារៗ ហើយ​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវបាន​ដុតបំផ្លាញ ។

​លោក ច​ន អូ​កេ​ឡូ បាន​អះអាង​ជា​បន្តបន្ទាប់ និង​ដោយ​ម៉ឺងម៉ាត់ អំពី​មូល​ហេតុដែល​គាត់ ដឹកនាំ​បះបោរ​បដិវត្តន៍ យ៉ាង​ឃោរឃៅ​នោះ​ថា គឺ​គាត់​បានឮ​សំឡេង​របស់​ព្រះ​ជា​ម្ចាស់ បាន​ស្រែក​បញ្ជា​គាត់ ក្នុងនាម​ជា​គ្រិស្ត​សាសនិក​ម្នាក់ ឱ្យ​រំដោះ​ប្រជាពលរដ្ឋ នៅ​ហ្ស​ង់​ហ្ស៊ី​បា សម្រាប់​ព្រះ​យេស៊ូគ្រិស្ត ពី​ពួក​មូ​ស្ល៊ី​ម អារ៉ាប់ ហើយ​ថា​អ្វីៗ​គ្រប់យ៉ាង ដែល​គាត់​ចេះ​គឺ​រៀន​ពី ព្រះគម្ពីរ បាយ​ប៊​ល (​គម្ពីរ​ពិសិដ្ឋ ឬ គម្ពីរ​គោល​របស់​គ្រិស្តសាសនា​ដូចជា​គម្ពីរ​ព្រះ​ត្រៃ បិដក​របស់​ព្រះពុទ្ធសាសនា និង​គម្ពីរ កូ​រ៉ា​ន់ របស់ អ៊ិ​ស្លាម​) ។

​នៅក្នុង​អំឡុង នៃ​ការបះបោរ​នោះ ស្ត្រី​ជនជាតិ​អារ៉ាប់ និង​ស្ត្រី​ជនជាតិ​អាស៊ី​ខាងត្បូង​រាប់ពាន់ នាក់ ត្រូវបាន​ចាប់រំលោភ​សេពសន្ថវៈ ហើយ​សម្លាប់ចោល​ដោយ​មនុស្ស​ពពួក​ជន​ស្បែក​ខ្មៅ របស់លោក ច​ន អូ​កេ​ឡូ ។ អ្នកទោស​ដែលជា​ជនជាតិ​អារ៉ាប់ ត្រូវបាន​មនុស្ស​របស់លោក អូ​កេ​ឡូ សម្លាប់​ទាំង​ក្រុម​ទាំង​ហ្វូង ។ ដើម្បី​រក្សា​អាយុជីវិត ជន​អារ៉ាប់ និង​អាស៊ី​ខាងត្បូង ជាច្រើន​នាក់ នាំគ្នា​រត់គេចខ្លួន​សម្រុក​ចូលទៅ​ប្រទេស​អូ​ម៉​ង់ ។​

​ជា​សារុប មនុស្ស​ពី​ចន្លោះ ២.០០០-៤.០០០ នាក់ ដែលជា​ជន​អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង​ត្រូវបាន​ពពួកមនុស្ស​ស្បែក​ខ្មៅ របស់លោក ច​ន អូ​កេ​ឡូ សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ បំផុត​។

​មន្ត្រីការទូត​អាមេរិក​លោក Don Petterson​ដែល​បានឃើញ​ទិដ្ឋភាព​ទាំងនោះ​ផ្ទាល់​បាន​ហៅ អំពើ​កាប់សម្លាប់ ពី​សំណាក់​ជន​អាហ្វ្រិក ទៅលើ​ជន​អារ៉ាប់​ទាំងនោះ​ថា “​ជា​អំពើ​ប្រល័យ ពូជសាសន៍ “ ។ ពួក​មនុស្ស​របស់លោក ច​ន អូ​កេ​ឡូ​នាំគ្នា​ដើរ​ស្រែក​ជ័យ​ឃោស​នៅតាម វិថី​នានា​ថា “ ព្រះ​ជា​ម្ចាស់ (​យេ​ហ៊ូ​វ៉ា ) ប្រទាន​ពរ​ដល់​ជន​អាហ្វ្រិក “​ដោយ​ពួកគេ​បាន​ហៅ​ខ្លួន គេ​ថា​ជា “ កងទ័ព​របស់​ព្រះ​ជា​ម្ចាស់ “ ។ លោក អូ​កេ​ឡូ បាន​អះអាងថា ព្រះ​គ្រិស្ត គឺជា​ជន អាហ្វ្រិក (​ដែល​តាមពិត ព្រះ​គ្រិស្ត គឺជា​ជនជាតិ អ៊ីស្រាអែល គឺ​នៅ​ទឹកដី​អារ៉ាប់​ឯណោះ​ទេ ) ហើយ​ទ្វីបអាហ្វ្រិក គឺជា​ទ្វីប​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ជា​ម្ចាស់ ។

​បន្ទាប់ពី​បដិវត្តន៍​
បន្ទាប់ពី​នោះមក ក្រុមប្រឹក្សា​បដិវត្តន៍​មួយ ត្រូវបាន​បង្កើតឡើង​ដោយ គណបក្ស ASP និង​គណបក្ស Umma ដើម្បី​បំពេញ​តួនាទី​ជា​រដ្ឋាភិបាលបណ្តោះអាសន្ន ដោយមាន​លោក Abeid Amani Karume ជា​ប្រធានាធិបតី ។ ប្រទេស​ត្រូវបាន​ផ្លាស់ប្តូរ ទៅជា​សាធារណរដ្ឋ ហ្ស​ង់​ហ្ស៊ី​បា និង ប៉េ​ម​បា ។

​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​១៩៦៤ ស្ថានភាព​បាន​វិលត្រឡប់​ទៅរក​ភាព​ប្រក​ក្រ​តី​វិញ ហើយ​លោក Karume ត្រូវបាន​ប្រជាពលរដ្ឋ ទទួលស្គាល់​ជាទូទៅ​ថា ជា​ប្រធានាធិបតី ។​

វាសនា​របស់​មេបះបោរ ច​ន អូ​កេ​ឡូ
លោក ច​ន អូ​កេ​ឡូ បាន​បង្កើត​ក្រុម​កងកម្លាំង​រំដោះ (FMF) ជា​កងទ័ព​ផ្ទាល់ខ្លួន​របស់គាត់ (​គឺជា​ពួក​ជនដៃដល់ ដែល​បាន​ចាប់រំលោភ កាប់សម្លាប់​លួច​ប្លន់​ជន​អារ៉ាប់ និង អាស៊ី ខាងត្បូង នា​អំឡុង​ងើប​បះបោរ ) ។ ប៉ុន្តែ​គិត​ត្រឹម​ខែមីនា ឆ្នាំ​ដដែល​នោះ កងកម្លាំង FMF​ភាគច្រើន របស់លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​អាវុធ ដោយ​កងទ័ព ដែល​គាំទ្រ​លោក Karume និង​គណបក្ស Umma ។ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​ដដែល​នោះ លោក អូ​កេ​ឡូ​ត្រូវបាន​ដកហូត តំណែង​ជា​សេនាប្រមុខ ហើយ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ចូល ហ្ស​ង់​ហ្ស៊ី​បា វិញ​ឡើយ ។ អូ​កេ​ឡូ ត្រូវបាន​និរទេស​ទៅ​ដែនដី Tanganyika រួច​បញ្ជូនទៅ​កេ​ន​យ៉ា ហើយ​ទីបំផុត ត្រូវបាន​បញ្ជូនទៅ អ៊ូ​ហ្ក​ង់​ដា ដែលជា​ប្រទេស​កំណើត​របស់គាត់​វិញ​ដោយ​គ្មាន​ទ្រព្យ​អ្វី​ជាប់ នឹង​ខ្លួន​មួយ​កាក់​មួយ​សេន​ឡើយ ។

​នៅ​ខែមេសា រដ្ឋាភិបាល បង្កើត​កងទ័ព​រំដោះ​ប្រជាពលរដ្ឋ (PLA) ហើយ​កង​ម្លាំ​ង FMF របស់លោក អូ​កេ​ឡូ ដែល​នៅ​សេសសល់ ត្រូវបាន​រំលាយចោល​ជា​ស្ថាពរ ។ ថ្ងៃទី​២៦ ខែ មេសា ឆ្នាំ​១៩៦៤ ដែនដី Tanganyika និង ហ្ស​ង់​ហ្ស៊ី​បាន ( Zanzibar )​រួបរួមគ្នា​បង្កើតបាន ជា​រដ្ឋ​មួយ​ឈ្មោះ Tanzania គឺ តង់​សានី សព្វថ្ងៃនេះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទីក្រុង ដា​អេស​សា​ឡឹម នៃ សាធារណរដ្ឋ រួបរួម តង់​សានី
សាកសព នៃ ជន​អារ៉ាប់ ដែល​ត្រូវ​ជន​ស្បែក​ខ្មៅ​សម្លាប់​នៅ​អំឡុង​បដិវត្តន៍​នៅ ហ្ស​ង់​ហ្ស៊ី​បា (​សព​ជន​អារ៉ាប់​)
លោក ច​ន អូ​កេ​ឡូ ( អង្គុយ )​មេក្លោង​បដិវត្តន៍​និង​កាប់សម្លាប់​រង្គាល​នៅ ហ្ស​ង់​ហ្ស៊ី​បា