ដោយ: សុផល / ភ្នំពេញ: មានប្រជាពលដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅនិងសិក្សានៅប្រទេសអូស្ត្រាលីជាច្រើន បានអញ្ជើញមកទទួលស្វាគមន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ព្រលានយន្តហោះអន្តរជាតិ នារដ្ឋ Brisbane ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១២ ខែមករានេះ ក្នុងពេលសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅប្រទេសអូស្ត្រាលី។
ប្រជាពលរដ្ឋបានបង្ហាញការគោរព នឹករលឹក និងបានថ្លែងអំណរគុណចំពោះសម្តេចប្រធារដ្ឋសភា ដែលបានលះបង់កម្លាំងកាយនិងបញ្ញា ចូលរួមរំដោះប្រទេសជាតិចេញពីរបបប៉ុលពត។ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅឯនាយសមុទ្របានថ្លែងអំណរគុណសម្តេច និងឥស្សរជនថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព និងការអភិឌ្ឍដូចសព្វថ្ងៃ។
ប្រជាពលរដ្ឋរស់នៅរដ្ឋប្រីសបេន បានជម្រាបសម្តេចថា ពួកគាត់មិនចង់ឲ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមទៀតឡើយ ហើយពួកគាត់សូមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលចេញពីឆន្ទៈពលរដ្ឋនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹក ជម្រាបពលរដ្ឋពីដំណើរតស៊ូរបស់សម្តេច នៅក្នុងការរំដោះប្រទេសជាតិចេញពីរបបអាវខ្មៅ ប៉ុលពត តាមរយៈចលនាតស៊ូ២ធ្នូ១៩៧៨ ដែលនាំមកនូវជ័យជម្នះលើពួកខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។
សូមជម្រាបថា បន្ទាប់ពីឈប់សម្រាកដើម្បីផ្លាស់ប្តូរជើងយន្តហោះ នៅBrisbane នេះហើយ សម្តេចប្រធានរដ្ឋសភា នឹងបន្តដឹកនាំគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ទីក្រុងកង់បេរ៉ា កន្លែងដែលប្រារព្ធកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថាAPPF បន្តទៀត៕ ល/Ha